ជាតិ
សេដ្ឋកិច្ច
ចម្ការបន្លែសរីរាង្គ២៣ហិចតា នៅខេត្តកំពង់ស្ពឺ បានផ្គត់ផ្គង់ឲ្យទីផ្សារ១២ក្រុមហ៊ុន ក្នុងស្រុក
× ភ្នំពេញ៖ ផ្ទៃដីដាំដុះបន្លែសរីរាង្គចំនួន២៣ហិកតា របស់សហគមបន្លែចម្រុះនៅជាយក្រុងកំពង់ស្ពឺ បានផ្គត់ផ្គង់ទៅឱ្យទីផ្សារក្នុងស្រុក១២ក្រុមហ៊ុន និងចែកចាយលក់បន្តផ្សេងទៀត។ បន្លែសរីរាង្គទាំងនេះ ត្រូវបានផ្គត់ផ្គង់ជាប្រចាំ៣ថ្ងៃ ក្នុងមួយសប្តាហ៍ ដោយក្នុងមួយថ្ងៃមានប្រមាណ៦០០គីឡូក្រោម។
លោកស្រី យូ លន់ ប្រធានសហគមបន្លែចម្រុះជាយក្រុងកំពង់ស្ពឺ បានបញ្ជាក់ថា បន្លែសរីរាង្គដែលសមាជិកសហគមន៍បានដាំមាន២០ប្រភេទ។ ក្នុងនោះបន្លែស្លឹកមាន១២ប្រភេទ លក់បានតម្លៃ៥ពាន់ ទៅ៧ពាន់រៀលក្នុងមួយគីឡូក្រោម និងបន្លែផ្លែមាន៨ប្រភេទ លក់បានតម្លៃ៤ពាន់ ទៅ៨ពាន់រៀល។ តម្លៃទាំងនេះ គឺជាការចុះកិច្ចសន្យាថ្លៃរវាងក្រុមទាំងនោះ ជាមួយសហគម។
តាមសំដីដែលដកស្រង់ដោយទីភ្នាក់ងារព័ត៌មានជាតិ AKP អ្នកស្រីបានបន្តថា ប្រជាកសិករនៅក្នុងសហគមបានកើនឡើង ពី១២០គ្រួសារ ក្នុងឆ្នាំ២០១៨ ដល់ ២២០គ្រួសារ នៅដើមឆ្នាំ២០១៩។ កំណើននៃសមាជិកនេះ បានពង្រីកផ្ទៃដី និងបង្កើនការដាំបន្លែសរីរាង្គបានបន្ថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សារ ពិសេសក្រុមហ៊ុននៅក្នុងស្រុកទាំង១២ ដែលបញ្ជាទិញជាប្រចាំ។ បន្លែសរីរាង្គរបស់សហគមន៍នេះ មាននៅឃុំកាហែង ឃុំតាំងក្រូច ក្នុងស្រុកសំរោងទង, ឃុំត្រែងត្រយឹងក្នុងស្រុកភ្នំស្រួច និងឃុំហោងសំណំក្នុងស្រុកឱរ៉ាល់ និងមានក្នុងសង្កាត់កណ្តោលដុំ សង្កាត់រកាធំ ក្នុងក្រុងច្បារមន។
ក្នុងចំណោមក្រុមហ៊ុនទាំង១២ ដែលមានទីតាំងនៅភ្នំពេញ សៀមរាប កំពង់ស្ពឺ និង ខេត្តព្រះសីហនុ មានក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ បានបញ្ជាទិញបន្លែទាំងនេះជាប្រចាំ៣០០គីឡូក្រាម ក្នុងមួយថ្ងៃ៕
Tag:
ជាតិ
កសិកម្ម
បន្លែសរីរាង្គ
កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com