ជាតិ
ផ្ទៃដី​ធ្វើ​ស្រូវប្រាំង​ជាង​២​ម៉ឺន​ហិច​តា ប្រឈម​ខ្វះ​ទឹក​ប្រើប្រាស់​ខ្លាំង ពី​ខែមីនា ដល់​ខែឧសភា​
16, Feb 2019 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ ផ្ទៃដី​ជាង ២​ម៉ឺន​ហិច​តា ក្នុង​ខេត្ត​ដែល​ដាំ​ដុះ​ស្រូវប្រាំង នឹង​ប្រឈម​ការខ្វះ​ទឹក​ប្រើប្រាស់​ខ្លាំង​បំផុត ចាប់ពី​ខែមីនា ដល់ ខែឧសភា ឆ្នាំ​២០១៩​។ ខេត្ត​ទាំង​មាន​កំពង់ធំ  ព្រៃវែង ស្វាយរៀង សៀមរាប បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ឆ្នាំង បាត់ដំបង កណ្តាល និង​ខេត្តតាកែវ​។  លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ប្រាប់​សារព័ត៌មាន​Thmey Thmey នា​ថ្ងៃទី​១៦​កុម្ភៈ ថា ការខ្វះខាត​ទឹក​ប្រើប្រាស់​នេះ ដោយសារ​កម្ពុជា​រង​ឥទ្ធិពល​រលក​កម្តៅ​ពី​បរទេស ក៏ដូចជា​ការប្រែប្រួល​អាកាសធាតុ​ផងដែរ​។​

 
​លោក កែវ វី បានបញ្ជាក់​ដូច្នេះ​ថា​៖ « បានជា​ខេត្ត​ទាំងនេះ ប្រឈម​ការខ្វះ​ទឹក​ប្រើប្រាស់​ខ្លាំង​ជាង​ដទៃ ដោយសារ ខេត្ត​ទាំងនោះ ជា​ខេត្ត​ដែល​ធ្វើ​ស្រូវប្រាំង​ច្រើន​បំផុត​។ ហើយ​ការធ្វើការ​ស្រូវប្រាំង គឺ​ទាមទារ​ការផ្គត់ផ្គង់​ទឹក​ច្រើន ដែលជា​មូលហេតុ​មួយ​ធ្វើ​ឲ្យ​មាន​កង្វះ​ទឹក​ប្រើប្រាស់ លើ​ដំណាំ​ផ្សេងៗ​។ ពិសេស​សម្រាប់​ឆ្នាំនេះ រដូវប្រាំង មាន​រយៈពេល​វែង​ជាង​រាល់​ឆ្នាំ​ទៅទៀត ដូច្នេះហើយ​បានជា​រដ្ឋាភិបាល អំពាវ​ដល់​ប្រជាកសិករ​យើង មិន​ឱ្យធ្វើ​ស្រូវប្រាំង​លើក​ទី​ពីរ ដើម្បី​ចៀសវាង​ការខាតបង់​ពេលវេលា ធនធាន នឹង​រួមគ្នា​ក្នុង​ទប់ស្កាត់​ភាព​រះ​ស្ងួត​នេះ​ផងដែរ​»​។ 
 
​ពាក់ព័ន្ធ​ទៅនឹង​ការផលិត​ស្រូវប្រាំង​វិញ លោក កែវ វី បាន​អះអាង កសិកមរ​បាន​ផលិត​ស្រូវប្រាំង​លើកទីមួយ លើសពី​ផែនការ​កំណត់ ក្នុង​អត្រា​១២៤​ភាគរយ​។ ដូច្នេះ​អត្រា​នៃ​ការផ្គត់ផ្គង់​ស្រូវ​នៅ​ទូទាំងប្រទេស​ឆ្នាំនេះ គឺ​មិន​ខ្វះ​ទេ​។​
 
​យោងតាម​សារព័ត៌មាន​ជាតិ  កាលពី​ថ្ងៃទី​១៥ កុម្ភៈ ស្រូវប្រាំង​ជាង​១០០​ហិកតា នៅ​នៅ​ភូមិស្រ​ង៉ែ សង្កាត់​ស្រ​ង៉ែ ខេត្តសៀមរាប បាន​រងគ្រោះ​ដោយសារ​ខ្វះខាត​ទឹក​។ ក្នុងនោះ​មាន​២០​ហិច​តា នឹង​ប្រឈម​ការ​ខូ​ត​ខាត​ទាំងស្រុង​។​
 
​សូមបញ្ជាក់ថា នៅ​រដូវប្រាំង​ចាប់ពី​ខែមេសា ដល់​ខែឧសភា ឆ្នាំ​២០១៩ កម្ពុជា​នឹងមាន​បាតុភូត «​អែល​នី​ណូ​» ដែល​បណ្តាល​ឲ្យ​អាកាសធាតុ​ក្តៅ​ហួតហែង សីតុណ្ហភាព​អាច​នឹង​ហក់​ឡើងដល់​៤០ ទៅ​៤២​អង្សា និង​មាន​ភ្លៀង​កក់ខែ លាយឡំ​នឹង​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ច្រើន ដែលជា​មូលហេតុ​នាំ​ឲ្យ​ប្រជាកសិករ​ប្រមូល​ផលដំណាំ​បាន​តិចជាង​រាល់​ឆ្នាំ​ផងដែរ​៕

Tag:
 ​ជាតិ​
  កសិកម្ម​
  ទឹក​
  ប្រាំង​ស្រូវ​
© រក្សាសិទ្ធិដោយ thmeythmey.com