អន្តរជាតិ
«បាឡែនខៀវ»មិនមែនជាប្រភេទត្រី តែជាពពួកថនិកសត្វ
× គេហៅបាឡែនខៀវ ថាជាត្រី ដោយសារវាមានព្រុយ និងកន្ទុយស្រដៀងត្រីដែលមនុស្សយកមកបរិភោគ។ ប៉ុន្តែតាមពិតទៅបាឡែនខៀវមិនមែនជាសត្វត្រីនោះទេ។ ដោយឡែក វាជាប្រភេទថនិកសត្វទៅវិញទេ។ ថនិកសត្វគឺជាភាវរស់ដែល ដកដង្ហើមប្រើសួត និងចិញ្ចឹមកូនដោយទឹកដោះ។ ក្នុងនោះមានដូចជាមនុស្ស សេះ គោ ឆ្មា ផ្សោត ដំរីជាដើម។ បាឡែនខៀវក៏ប្រើប្រាស់សួត និងងចិញ្ចឹមកូនដោយទឹកដោះដែរ។ ពេលបង្កើតកូន វាមិនពងដូចសត្វត្រីនោះទេ។
នេះគឺជាចំណុចខ្លីរបស់គេហទំព័រ onekindplanet.org ដែលបង្ហាញពីភាពអស្ចារ្យរបស់បាឡែនខៀវដែលមានឈ្មោះវិទ្យាសាស្ត្រ Balaenoptera musculus៖
ទី១៖ សព្វថ្ងៃវាជាសត្វដែលមានទំហំធំជាងគេបង្អស់ ទាំងក្នុងទឹក និងលើដី។
ទី២៖ ទោះបីវាធំដូចនេះមែន តែវាស៊ីតែសត្វល្អិតូចៗហៅថា Krill ។ វាស៊ីសត្វទាំងនេះដោយបើកមាត់យ៉ាងធំ ស្រូបចូលជាមួយទឹកកកសមុទ្រ។ ក្នុងមួយថ្ងៃ វាអាចស៊ីចំណីបានជាងបីតោន។
ទី៣៖ ជាធម្មតា វាហែលបានតែប្រហែល ៨គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។ ប៉ុន្តែពេលប្រញាប់ វាអាចហែលដល់ទៅ៣០គីឡូម៉ែត្រក្នុងមួយម៉ោង។
ទី៤៖ វាអាចមុជដល់ជម្រៅ៥០០ម៉ែត្រ។
ទី៥៖ ម្តងម្កាល វាតែងងើបមកខាងលើដើម្បីដកដង្ហើម។
ទី៦៖ បាឡែនខៀវបង្កើតកូន៣ឆ្នាំម្តង។ ភាគច្រើន វាពពោះម្តងបានតែកូនមួយ។ ការពពោះត្រូវការពេលពីចន្លោះពី១១ទៅ១២ខែ។
ទី៧៖ កូនរបស់វាកើតមកភ្លាមមានទម្ងន់ជិតបីតោន និងមានប្រវែងប្រមាណប្រាំបីម៉ែត្រ។
ទី៨៖ ក្នុងឆ្នាំដំបូង កូនរបស់វាបៅទឹកដោះជាង៦០០លីត្រជារៀងរាល់ថ្ងៃ។
ទី៩៖ ពេលពេញវ័យ បាឡែនខៀវមានទម្ងន់ជាង១៤០តោន ប្រវែង២៥ម៉ែត្រ និងអាយុរស់នៅពី៨០ទៅ៩០ឆ្នាំ ស្រដៀងមនុស្សដែរ។
ទី១០៖ បេះដូងរបស់វាមានទំហំប្រហែលនឹងម៉ូតូកង់បីឥណ្ឌាដែលមនុស្សជិះសព្វថ្ងៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com