ជាតិ
សេដ្ឋកិច្ច
លោក Arnaud Darc ស្នើឲ្យពលរដ្ឋខ្មែរសរសេរទៅ EU ដើម្បីប្រាប់ពីផលប៉ះពាល់នៃការព្យួរ EBA លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham)
× លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) បានលើកឡើងថាគ្រប់ភាគីពាក់ព័ន្ធត្រូវតែសរសេរលិខិតទៅកាន់គណៈកម្មការអឺរ៉ុបដោយពន្យល់ពីផលប៉ះពាល់នានាទាក់ទងនឹងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ នាវេទិកាតុមូលដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា លោកបានសង្កត់ធ្ងន់ថា ករណី EBA (Everything But Arms) ប្រជាពលរដ្ឋ និងវិនិយោគិនទាំងអស់ក្នុងប្រទេសកម្ពុជា មានចំណែកក្នុងការទទួលខុសត្រូវលើរឿងនេះ។
ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជាបានសម្ដែងការព្រួយបារម្ភក្រោយពេលដែលគណៈកម្មការអឺរ៉ុបចាប់ផ្តើមដំណើរការស៊ើបអង្កេតជាផ្លូវការដែលអាចឈានទៅដល់ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា នាឆ្នាំ២០២០ខាងមុខនេះ។ លោកបានបន្តថា សេចក្តីសម្រេចនេះអាចជាគ្រោះភ័យដល់កិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងអឺរ៉ុបនាពេលកន្លងមក និងទៅថ្ងៃអនាគត ហើយវាក៏ប៉ះពាល់ដល់សេដ្ឋកិច្ចប្រជាពលរដ្ឋកម្ពុជាទាំងមូលផងដែរ។
លោកនិយាយថា៖« ខ្ញុំពិតជាមានក្តីបារម្ភយ៉ាងខ្លាំងចំពោះដំណើរការនេះ ដែលជាសញ្ញាអវិជ្ជមានផ្នែកទីផ្សារដល់អ្នកដែលចង់មកវិនិយោគក្នុងឆ្នាំ២០១៩នេះ ហើយលទ្ធភាពនៃការឈានទៅដល់ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ក្នុងឆ្នាំ២០២២ នឹងផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់ការងារប្រជាពលរដ្ឋ រាប់សែននាក់ ដែលភាគច្រើនជាស្ត្រី»។
លោកបានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋទូទៅ វិនិយោគិន និង ភាគីពាក់ព័ន្ធទាំងអស់ក្នុងប្រទេសកម្ពុជា អាចប្រឆាំងជំទាស់នៅនឹងដំណើរការត្រួតពិនិត្យប្រព័ន្ធអនុគ្រោះពន្ធ EBA ក្នុងដំណាក់កាលកំពុងពិចារណានេះបាន តាមរយៈសរសេរលិខិតពន្យល់នៅកាន់គណៈកម្មការអឺរ៉ុបពីផលប៉ះពាល់នានាមកលើប្រជាពលរដ្ឋ និងសេដ្ឋកិច្ចប្រទេសកម្ពុជាទាំងមូល។ លោកបានបញ្ជាក់ថា លិខិតទាំងនោះអាចផ្ញើផ្ទាល់ទៅកាន់គណៈកម្មការអឺរ៉ុប ឬតាមរយៈសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា។
លោកនិយាយថា៖« នេះជាទំនួលខុសត្រូវទាំងអស់គ្នា ប្រសិនបើប្រព័ន្ធអនុគ្រោះពន្ធ EBAត្រូវបានដកចេញពីកម្ពុជា អ្នកទាំងអស់គ្នាក៏មានចំណែកផងដែរ ដូច្នេះត្រូវតែរួមគ្នាដោះស្រាយ»។
ប្រសិនបើការព្យួរ និងដក EBA ពីកម្ពុជាកើមានឡើងពិតមែននោះ កម្ពុជាក៏នូវតែអាចនាំចេញទៅកាន់ទីផ្សារអឺរ៉ុបបានដ៏ដែល ប៉ុន្តែតម្លៃទីផ្សារនាំចេញនឹងមានការកើនឡើង ដែលធ្វើឲ្យខាងភាគីខាងអឺរ៉ុបនឹងពិចារណាលើតម្លៃទំនិញពីប្រទេសដទៃដែលមានគុណភាពប្រហែលគ្នា ដូចជាវៀតណាម បង់ក្លាដេស ឬ ភូមាជាដើម។ នេះតាមការពន្យល់របស់ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជារូបនេះ។
លោកនិយាយថា៖« ការដក EBA ពីកម្ពុជាមិនមែនមានន័យថាកម្ពុជាមិនអាចនាំទៅអឺរ៉ុបនោះទេ ប៉ុន្តែតម្លៃនៃការនាំចេញនឹងកើនឡើង ១២ភាគរយ ដែលស្មើ៦រយលានដុល្លារ ពេលនោះពួកគេនឹងមើលទៅប្រទេសជិតខាង ដូចជាប្រទេសវៀតណាម បង់ក្លាដេស ឬ ភូមា ថាមានតម្លៃប៉ុណ្ណា ថ្លៃជាង ស្មើ ឬថោកជាងកម្ពុជា ប្រសិនបើគុណភាពដូចគ្នា តម្លៃថោកជាង ពួកគេនឹងជ្រើសរើសយកប្រទេសជិតខាងទាំងនេះ»។
បច្ចុប្បន្នក្រុមហ៊ុនអឺរ៉ុបដែលកំពុងរកស៊ីក្នុងប្រទេសកម្ពុជាមានចំនួនប្រមាណ ៣៥០ក្រុមហ៊ុន ហើយការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបមានទំហំទឹកប្រាក់ប្រមាណ៥ ប៊ីលានដុល្លារអាមេរិក៕
© រក្សាសិទ្ធិដោយ thmeythmey.com