ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
លោក ប៊ុន បារាំង៖ កម្លាំងអ្នកផលិតអំបិលឆ្នាំនេះ ធ្លាក់ចុះជាង៥០ភាគរយ រូបថត ហ្វេសប៊ុក លោក ប៊ុន បារាំង
× ចំនួនអ្នកផលិតអំបិលនៅខេត្តកំពត-កែប ក្នុងឆ្នាំ២០១៩ មានការធ្លាក់ចុះជាងពាក់កណ្តាល បើធៀបទៅនឹងឆ្នាំមុខៗ។ ប៉ុន្តែការធ្លាក់ចុះនៃអ្នកផលិតនេះ មិនអាចកំណត់បានថា កម្ពុជានឹងប្រឈមកង្វះការផ្គត់ផ្គង់អំបិលក្នុងស្រុក ជាថ្មីទៀតទេ។ លោក ប៊ុន បារាំង ប្រធានសហគមអ្នកផលិតអំបិលកំពត-កែប បាននិយាយដូច្នេះ ចំនួនអ្នកផលិតធា្លក់ចុះពិតមែន តែបរិមាណនៃការផលិតរបស់ពួកគេកើនឡើង ព្រោះអាកាសធាតុល្អ បានអំណោយផលដល់ពួកគេ។
លោក ប៊ុន បារាំង បាននិយាយប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey)នៅព្រឹកថ្ងៃទី១៧ កុម្ភៈ តាមទូរសព្ទថា មានហេតុផលធំៗបីចំណុច ដែលធ្វើឱ្យមានកង្វះកម្លាំងអ្នកផលិតអំបិលខ្លាំងបែបនេះ។
ហេតុផលធំៗទាំងបីនោះមាន៖ ទីមួយ ដោយសារកាលឆ្នាំ២០១៨ ធម្មជាតិមិនអំណោយផលក្នុងការផលិតអំបិល បានធ្វើអ្នកផលិតអំបិលមួយចំនួន ចំណាកស្រុកទៅធ្វើការងារនៅតាមព្រំដែន ធ្វើការងាររោចក្រ និងកម្មករសំណង់ នៅតាមបណ្តាខេត្តនានា និងនៅភ្នំពេញ។
ទីពីរ តម្លៃអំបិលមានការធា្លក់ចុះពីមួយឆ្នាំ ទៅមួយឆ្នាំ ដោយធា្លក់ពី២៤,០០០រៀល មកត្រឹម១២,០០០រៀល ក្នុងទំហំ៥០គីឡូក្រោម នៅដើមឆ្នាំនេះ។ និងទី៣ កម្លាំងអ្នកផលិតអំបិល ជាមនុស្សវ័យចាស់ ព្រោះមិនមានមនុស្សពេញវ័យ-ពេញកម្លាំង មកព្រមធ្វើការងារក្រោមកម្តៅថៃ្ងបែបនេះឡើយ ទោះជាមានការបន្ថែមកំរៃលើកម្លាំងពលកម្មក៏ដោយ។
ទោះបីជាមានកម្លាំងពលកម្មធ្លាក់ខ្លាំងក្តី ក៏ប្រធានសហគមន៍អ្នកផលិតអំបិលកំពត-កែបរូបនេះ មិនអាចកំណត់ថា អំបិលក្នុងឆ្នាំ២០១៩ដែលចេញពីកន្លែងផលិតតែមួយគត់នៅកម្ពុជា លើផ្ទៃដីជិត៥ពាន់ហិចតានេះ ថាអាចបំពេញគ្រប់ លើស ឬខ្វះ តាមតម្រូវការប្រជាពលរដ្ឋទូទៅប្រទេសបានទេ ដោយរង់ចាំមើលលទ្ធផលជាក់ស្តែង ក្នុងអំឡុងខែ មិថុនា ឆ្នាំនេះ។ ប៉ុន្តែ លោក ប៊ុន បារាំង បានបង្ហាញនូវក្តីសង្ឃឹម យ៉ាងដូច្នេះ «ចំនួនអ្នកផលិតអំបិលមានតិចក៏ពិតមែន ប៉ុន្តែផ្ទៃដីផលិតនៅដដែល ហើយការផលិតរបស់ពួកគេ ទទួលបានលទ្ធផលល្អទៀត ដោយសារអាធាតុអំណោយផលក្នុងការផលិត»។
សូមបញ្ជាក់ថា កម្ពុជាមានតម្រូវការអំបិលប្រើប្រាស់ជាប្រចាំប្រមាណ១០ម៉ឺនតោនក្នុងមួយឆ្នាំៗ។ ហើយកាលពីឆ្នាំ២០១៨ កសិដ្ឋានផលិតអំបិលកំពត-កែបនេះ មិនអាចផលិតអំបិលបាន ព្រោះមានភ្លៀងធា្លក់ខ្លាំងក្នុងរដូវផលិតអំបិល ទើបបង្ខំឲ្យប្រធានសហគមន៍អ្នកផលិតអំបិល សម្រេចនាំចូលអំបិល៣ម៉ឺនតោន ពីចិន និងថៃ ដើម្បីតម្រូវការក្នុងស្រុក៕
© រក្សាសិទ្ធិដោយ thmeythmey.com