ដោយគិតត្រឹមខែមករា ដើមឆ្នាំ២០១៩នេះ ទីផ្សារយានយន្តអឺរ៉ុប បានធ្លាក់ចុះ ៤,៦ភាគរយ និងជាការដាំក្បាលចុះរយៈពេល៥ខែជាប់គ្នាផងដែរ។ នេះបើយោងតាមស្ថិតិដែលផ្សាយដោយសមាគមក្រុមហ៊ុនផលិតយានយន្តអឺរ៉ុប (ACEA)។
របាយការណ៍បានបង្ហាញថា បណ្តាក្រុមហ៊ុនបារាំងមានការលក់ថយចុះតិចតួចជាងគេ ដែលក្នុងនោះ PSA (Peugeot, Citroën, DS, Opel, Vauxhall) ថយ ១,៩ភាគរយ ខណៈក្រុមហ៊ុន Renault (រួមជាមួយ Dacia, Lada, Alpine) ថយត្រឹមតែ ០,៧ភាគរយ។
ជាមួយគ្នានេះ ACEA បានលើកឡើងពីតួលេខវិជ្ជមាននៃការបញ្ចេញរថយន្តថ្មីប្រមាណ១,២លានគ្រឿងនៅលើទីផ្សារអឺរ៉ុប។ នេះក៏ជាតួលេខខ្ពស់បំផុតលើកទីពីរសម្រាប់ខែមករា បើគិតចាប់តាំងពីឆ្នាំ២០០៩ មក ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ACEA បានព្យាករថា ទីផ្សារយានយន្តអឺរ៉ុបជារួមសម្រាប់ឆ្នាំ២០១៩នេះ នឹងមានស្ថិរភាព ហើយអាចឡើងតិចជាង១ភាគរយ ខណៈចំនួនយានយន្តដែលលក់ចេញ អាចស្ថិតក្នុងចំនួនប្រមាណ១៥លានគ្រឿងដដែល។
តួលេខនៃការធ្លាក់ចុះ បណ្តាលមកពីមូលហេតុជាច្រើន ដែលក្នុងនោះ មានករណី Brexit ដែលទាមទារចាកចេញពីអឺរ៉ុបរបស់អង់គ្លេស រួមទាំងគោលការណ៍ផ្សេងៗ ពាក់ព័ន្ធនឹងការបន្ថយការបំពុលបរិស្ថាន។
Volkswagen របស់អាល្លឺម៉ង់ មានវត្តមានច្រើនជាងគេលើទីផ្សារយានយន្តអឺរ៉ុប ប៉ុន្តែនៅខែមករា តួលេខបានធ្លាក់ចុះ ៦,៥ភាគរយ។ ខណៈ Audi, Porsche, Skoda មានវាសនាដូចគ្នា ក្រុមហ៊ុន Seat បែរជាឡើងតួលេខដល់៧,៦ភាគរយទៅវិញ។
ក្រុម PSA របស់បារាំង ដែលឈរលំដាប់លេខពីរ មានចំណែក១៧,១ភាគរយលើទីផ្សារ ប៉ុន្តែតួលេខរថយន្តលក់ចេញ របស់ Peugeot, Opel/Vauxhall លើកលែងតែ Citroën មានការកើនឡើង ៣,៣ភាគរយ តាមរយៈម៉ូដែល SUVA (4x4), C5 Aircross និង DS7 Crossback ជាដើម។
Renault ដែលស្ថិតនៅលេខ៣ មានការថយចុះតិចតួច ខណៈ Hyundai និង Kia របស់កូរ៉េខាងត្បូង ស្ថិតនៅចំណាត់ថ្នាក់លេខ៤លើទីផ្សារអឺរ៉ុប បានកើនការលក់០,៣ភាគរយនៅខែមករា។ Ford និង Fiat Chrysler, Daimler និង BMW ក៏ធ្លាក់ចុះតួលេខបន្តិចបន្តួចផងដែរ៕