ជាតិ
រថយន្ត
សង្គមជាតិ
លោក នួន ផារ័ត្ន៖ យើងមិនរង់ចាំទាល់តែចរាចរណ៍កកស្ទះខ្លាំង ទើបដោះស្រាយនោះឡើយ
18, Feb 2019 , 7:39 pm        
រូបភាព
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ក្នុងសិក្ខាសាលាចាប់ផ្តើមគម្រោងមេនៃប្រព័ន្ធដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ នៅសណ្ឋាគារសាន់វេ នៅថ្ងៃទី១៨ កុម្ភៈ។
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ក្នុងសិក្ខាសាលាចាប់ផ្តើមគម្រោងមេនៃប្រព័ន្ធដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ នៅសណ្ឋាគារសាន់វេ នៅថ្ងៃទី១៨ កុម្ភៈ។
​ភ្នំពេញ​៖ បច្ចុប្បន្ន​មាន​រថយន្ត​ដែល​បាន​ចុះបញ្ជី​ជិត​៥០​ម៉ឺន​គ្រឿង  និង​ម៉ូតូ​បាន​ចុះបញ្ជី និង​កំពុង​ចរាចរ​មាន​ជាង​១,៧​លាន​គ្រឿង​។ ចំនួន​នៃ​រថយន្ត និង​ម៉ូតូ​ទាំងនេះ បាន​កា្ល​យ​ជា​បញ្ហា​ប្រឈម ដែល​បាននិងកំពុង​ជួបប្រទះ ទៅលើ​ការកកស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​។ នេះ​ជាការ​លើកឡើង​របស់លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ ក្នុង​សិក្ខាសាលា​ចាប់ផ្តើម​គម្រោង​មេ នៃ​ប្រព័ន្ធ​ដឹកជញ្ជូន​ក្នុង​រាជធានី​ភ្នំពេញ នៅ​សណ្ឋាគារ​សាន់វេ នៅ​ថ្ងៃទី​១៨ កុម្ភៈ​​។​

 
​លោក នួន ផា​រ័ត្ន បាន​មានប្រសាសន៍ថា ការកើនឡើង​នៃ​កំណើន​រថយន្ត​ទាំងនេះ វា​គឺ​សញ្ញា​ដ៏​វិជ្ជមាន​អំពី​ការអភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ចសង្គម​នៅក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ទន្ទឹមគ្នានេះ វា​ក៏បាន​នាំមក​នូវ​បញ្ហា​កកស្ទះ​ចរាចរណ៍​ផងដែរ​។ បើទោះជា​ការកកស្ទះ​នេះ មិន​ធ្ងន់ធ្ងរ ដូច​ប្រទេស​មួយចំនួន​ក្នុង​ពិភពលោក​ក៏ដោយ  ប៉ុន្តែ​អាជ្ញាធរ​ក៏​មិន​រង់ចាំ​ឲ្យ​ការកកស្ទះ​កាន់តែ​អាក្រក់​ទើប​ដោះស្រាយ​នោះដែរ​។  នេះ​បើតាម​ប្រសាសន៍​របស់លោក​អភិបាលរង​រាជធានី​ភ្នំពេញ ដោយ​លោក​បន្តទៀតថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ត្រូវមាន​ការចូលរួម​ពី​អាជ្ញាធរ​ផ្ទាល់ អង្គការ​ដៃគូ និង​ការចូលរួម​ជា​ចាំបាច់​ពី​ប្រជាពលរដ្ឋ​។​
 
​លោក នួន ផា​រ័ត្ន ថ្លែង​ដូច្នេះ​៖« តួអង្គ​ទាំងនោះ​មាន​ទីមួយ មន្ត្រី​អាជ្ញា​ធរមាន​សម្ថ​កិច្ច ទាំង​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​យើង និង​កម្លាំង​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ធ្វើការ​រួមគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ ទី​ពីរ យើង​ត្រូវការ​ដៃគូ​អភិវឌ្ឍ ដើម្បី​ធ្វើការ​រួមគ្នា​ស្វែងរក​ដំណោះ​ស្រោ​យ​បញ្ចៀស​បញ្ហា​ចរាចរណ៍​។ និង​ទី​បី គឺ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភ្នំពេញ​ផ្ទាល់​តែម្តង ត្រូវ​ចូលរួម​សហការ គោរព​ច្បាប់ ចេះ​យោគយល់​គ្នា​ក្នុងការ​ធ្វើដំណើរ និង​គោរព​ទៅតាម​អ្វី​ដែលជា​បទដ្ឋាន​ការដឹកជញ្ជូន​រួម ក៏ដូចជា​ការដឹកជញ្ជូន​សាធារណៈ​ឡានក្រុង និង​សេវា​ដឹកជញ្ជូន​រួម​ផ្សេងៗ​នៅ​ថ្ងៃមុខ​»​។​
 
​យោងតាម​របាយការណ៍​របស់​រដ្ឋាករ​ស្វ័យ​ត​ដឹកជញ្ជូន​សាធារណៈ រាជធានី​ភ្នំពេញ សេវា​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង​( City Bus) បច្ចុប្បន្ន មាន​ផ្លូវ​ធ្វើដំណើរ​ចំនួន​១៣​ខ្សែ ជាមួយ​រថយន្ត​សរុប ២៣៥​គ្រឿង​។ ក្នុងនោះ​មាន​១០០​គ្រឿង បាន​ពី​ជំនួយ​ប្រទេស​ចិន និង​៨០​គ្រឿង​បាន​ពី​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​អង្គការ​JICA​។ ដោយឡែក​ចំនួន​អ្នកជិះរថយន្ត​សាធារណៈ ចាប់ពី​ឆ្នាំ​២០១៥-២០១៨ មាន​សរុប​ជាង​១៣​លាន​នាក់​។ ក្នុងនោះ​មាន​ជិះ​បង់ប្រាក់​ជាង ៧,១​លាន​នាក់ និង​មិន​បង់ប្រាក់​មាន​ជិត ៤,៤​លាន​នាក់​៕
 

Tag:
 ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com