សន្និសីទ CamTESOL ប្រចាំឆ្នាំ លើកទី១៥ ត្រូវបានរៀបចំដោយ ស្ថាប័នអប់រំ អាយ ឌី ភី ដែលជាស្ថាប័នឈានមុខលើពិភពលោក ក្នុងការបញ្ជូនសិស្សនិស្សិតទៅសិក្សានៅក្រៅប្រទេស និងសេវាកម្មអប់រំអន្តរជាតិ បានទទួលស្វាគមន៍អ្នកចូលរួមប្រមាណ ១៧០០នាក់ មកពីជាង ៣០ប្រទេស ជុំវិញពិភពលោក។ អ្នកចូលរួមជាង ៧០% គឺមកពីតំបន់អាស៊ីអាគ្នេយ៍។ គួរកត់សម្គាល់ផងដែរថា សន្និសីទ CamTESOL ប្រចាំឆ្នាំ លើកទី១៥ ផ្ដោតលើប្រធានបទ «គ្រូបង្រៀនជាអ្នកសិក្សា»។
ការចុះឈ្មោះចូលរួមសន្និសីទ CamTESOL លើកទី១៥
ជារៀងរាល់ឆ្នាំ សន្និសីទ CamTESOL បានប្រមូលផ្ដុំគ្រូបង្រៀនភាសាអង់គ្លេស និងគ្រូឧទ្ទេស អ្នកស្រាវជ្រាវក្នុងវិស័យផ្នែកបង្រៀនភាសាអង់គ្លេស (ELT) និងភាសាវិទ្យា បុគ្គលិករដ្ឋបាលរបស់សាលារៀន សាកលវិទ្យាល័យដែលបណ្តុះបណ្តាលផ្នែកភាសាអង់គ្លេស អ្នកតំណាងមកពីក្រសួងអប់រំ យុវជន និងកីទ្បា និងអ្នកអប់រំភាសាអង់គ្លេសកម្រិតអន្តរជាតិ ដែលមានបំណងបង្កើត និងពង្រឹងនូវទំនាក់ទំនង ក្នុងផ្នែកបង្រៀនភាសាអង់គ្លេស (ELT) នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ការធ្វើបទបង្ហាញដោយអ្នកជំនាញផ្នែកបង្រៀនភាសាអង់គ្លេស (ELT) ក្នុងឱកាសសន្និសីទ CAMTESOL លើកទី១៥
ការបើកសន្និសីទជាផ្លូវការ ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ក្រោមអធិបតីភាព លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកស្រី Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំប្រទេសកម្ពុជា លោកស្រី Angela Corcoran ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំប្រទេសកម្ពុជា និងលោក ម៉ៅ ស្រេង នាយកប្រចាំប្រទេស អាយ ឌី ភី និង អេស៊ីអ៊ី ។
នៅក្នុងឱកាសបើកសន្និសីទជាផ្លូវការ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា៖«គ្រូបង្រៀន និងការអប់រំ ត្រូវតែឆ្លើយតបទៅនឹងសម័យថ្មី នៃបដិវត្តន៍ឧស្សាហកម្ម ហើយយើងត្រូវតែគិតអំពីវិធីសាស្ដ្របង្រៀនភាសាអង់គ្លេស។ នៅក្នុងសារនេះ ខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកទាំងអស់គ្នាម្តងទៀត ដែលបានចែករំលែកគំនិត និងចែករំលែកជាមួយគ្រូបង្រៀនកម្ពុជា អំពីរបៀបបង្រៀនភាសាអង់គ្លេស ឲ្យកាន់តែប្រសើរទ្បើងនៅក្នុងប្រទេសកម្ពុជា នៅក្នុងសន្និសីទ CamTESOL ។ គ្រូបង្រៀនល្អ គឺជាឆ្អឹងខ្នងនៃប្រព័ន្ធអប់រំ។ ខ្ញុំចង់អរគុណដល់លោកគ្រូ អ្នកគ្រូទាំងអស់ នៅក្នុងបន្ទប់នេះ ហើយអរគុណចំពោះការរួមចំណែករបស់ពួកគាត់» ។
លោក ហង់ ជួន ណារ៉ុន អញ្ជើញបើកសន្និសីទ CamTESOL លើកទី១៥
លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេស អាយ ឌី ភី និង អេស៊ីអ៊ី បានកត់សម្គាល់ថា សន្និសីទ CamTESOL បានពង្រឹងទំនាក់ទំនងរវាងសហគមន៍ ELT នៅអាស៊ីអាគ្នេយ៍និងអន្តរជាតិ ហើយទទួលបានការគាំទ្រពីស្ថាប័នអប់រំ ដែលល្បីល្បាញជាសកល ។ លោកក៏បានលើកឡើងបន្តទៀតថា សន្និសីទ CamTESOL ប្រចាំឆ្នាំលើកទី១៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៧-៩ ខែកុម្ភៈឆ្នាំ ២០២០ ហើយលោកបានលើកទឹកចិត្ត ដល់អ្នកឯកទេស ELT ឱ្យដាក់ឯកសារសង្ខេប ក្រោមប្រធានបទ ELT សតវត្សទី ២១: វិធីសាស្ត្រសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាព។ លោក ម៉ៅ ស្រេង ក៏បានថ្លែងកោតសរសើរ ចំពោះការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ថានទូត ស្ថាប័ន និងអ្នកជំនាញផ្នែកបង្រៀនភាសាអង់គ្លេស(ELT) នៅក្នុងប្រទេសកម្ពុជា តំបន់អាស៊ីអាគ្នេយ៍និងអន្តរជាតិទាំងអស់ផងដែរ។ លោក ម៉ៅ ស្រេង បានថ្លែងយ៉ាងដូច្នេះ៖« ខ្ញុំសូមសំដែងការកោតសរសើរដល់វាគ្មិន និងអ្នកឧបត្ថម្ភ សម្រាប់ការចូលរួម និងសូមអរគុណដល់អ្នកស្ម័គ្រចិត្តជាង ៣00 នាក់នៅកម្ពុជា និងនៅជុំវិញពិភពលោក សម្រាប់ការលះបង់ពេលវេលា និងការខិតខំ ដែលធ្វើឱ្យសន្និសីទនេះ ក្លាយជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ»។
លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេស អាយ ឌី ភី និង អេស៊ីអ៊ី អញ្ជើញបើកសន្និសីទ CamTESOL លើកទី១៥
នៅក្នុងឱកាសបើកសន្និសីទជាផ្លូវការនេះដែរ លោកស្រី Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំប្រទេសកម្ពុជាបានថ្លែងថា៖«វាពិតជាអស្ចារ្យណាស់ ដែលមនុស្សជាច្រើនចង់ចូលរួមនៅក្នុងព្រឹត្តិការណ៍មួយនេះ ដើម្បីទទួលបានអត្ថប្រយោជន៍ ពីការអភិវឌ្ឍជំនាញវិជ្ជាជីវៈ បង្កើនទំនាក់ទំនងនិងឱកាសអភិវឌ្ឍវិជ្ជាជីវៈផ្សេងទៀត ដែលអាចរកបាននៅសន្និសីទ នៅភ្នំពេញនៅចុងសប្តាហ៍នេះ។ វាក៏ជាឱកាសដ៏អស្ចារ្យមួយ សម្រាប់ការសិក្សាវប្បធម៌ចម្រុះ ជាមួយគ្រូបង្រៀនកម្ពុជា ១,000 នាក់ មកពីគ្រប់ទិសទីទូទាំងប្រទេស និងមានឱកាសជួប និងចែករំលែកបទពិសោធន៍»។
លោកស្រី Angela Corcoran ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា អញ្ជើញបើកសន្និសីទ CamTESOL លើកទី១៥
នៅក្នុងឱកាសនោះដែរ លោកស្រី Angela Corcoran ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា ក៏បានបញ្ជាក់ពីភាពរីករាយរបស់ខ្លួន ដែលមានវត្តមាននៅក្នុងសន្និសីទនេះដែរ។ លោកស្រី Angela Corcoran បញ្ជាក់ថា៖ «ខ្ញុំមានសេចក្តីរីករាយណាស់ ដោយមានវត្តមាននៅទីនេះចុងសប្តាហ៍នេះ និងស្វាគមន៍ប្រតិភូ ១៧០០នាក់ មកពី ៣៤ប្រទេស។ កម្រិតនៃការចូលរួម និងការរីកចម្រើនរបស់ CamTESOL ក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយនេះ គឺជាការបង្ហាញពីតម្លៃនៃគ្រូបង្រៀន ក្នុងវិស័យអប់រំដែលចង់បានឱកាសបន្តការសិក្សា។ ប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗ កំពុងតែជ្រើសរើសយកការវិនិយោគលើជំនាញ ELT សម្រាប់កូនៗរបស់ពួកគេ ហើយវាមិនពិបាក ក្នុងការយល់ថាមកពីហេតុអ្វីនោះទេ។ មានរដ្ឋអធិបតេយ្យចំនួន ៥៥ និងរដ្ឋមិនអធិបតេយ្យចំនួន ២៧ ដែលមានភាសាអង់គ្លេសជាភាសាផ្លូវការ ដោយសារភាសាអង់គ្លេសជាភាសាពិភពលោក។
លោកស្រី Angela Corcoran ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា អញ្ញើញបើកសន្និសីទ CamTESOL លើកទី១៥
វាគ្មិនក្នុងកិច្ចពិភាក្សាពេញអង្គរួមមាន លោក Anne Burns ជាសាស្ត្រាចារ្យផ្នែកបង្រៀនភាសានៅសាកលវិទ្យាល័យ New South Wales ប្រទេសអូស្ត្រាលី លោក Joe McVeigh ទីប្រឹក្សាអប់រំនិងជាគ្រូបណ្ដុះបណ្ដាល នៅ Middlebury, Vermont, សហរដ្ឋអាមេរិក និង វាគ្មិនជាច្រើនទៀត។
នៅក្នុងឱកាសសន្និសីទនេះដែរ ក៏មានការតាំងបង្ហាញសម្ភារ សេវាកម្មទាក់ទងនឹងផ្នែកបង្រៀនភាសាអង់គ្លេស (ELT) ពីស្ថាប័ន សមាគមន៍ផ្សេងៗ ដែលមានស្តង់ចំនួន៣៣ ផងដែរ។ ជាមួយគ្នានេះដែរ សន្និសីទដ៏ធំនេះ បានរួមបញ្ចូលនូវការធ្វើបទបង្ហាញចំនួនជាង ៤០០ ដោយអ្នកជំនាញផ្នែកបង្រៀនភាសាអង់គ្លេស (ELT) ដែលមានប្រធានបទ ២៩ ផ្សេងៗគ្នា។
ស្តង់របស់មជ្ឈមណ្ឌលអូស្ត្រាលីសំរាប់ការបណ្ដុះបណ្ដាល (ACE) នៅសន្និសីទ CamTESOL លើកទី១៥
រយៈពេល ១៥ ឆ្នាំបន្ទាប់ពីការបង្កើតសន្និសីទ CamTESOL នេះ ស្ថាប័នអប់រំ អាយ ឌី ភី (IDP Education) បន្តទទួលស្គាល់ និងសម្តែងការសាទរ ចំពោះការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ស្ថានទូតអូស្ត្រាលី ស្ថានទូតអាមេរិក ស្ថានទូតអង់គ្លេស និងស្ថាប័ននានាជាច្រើន ព្រមទាំងអ្នកដែលពាក់ព័ន្ធនៅក្នុងផ្នែកបង្រៀនភាសាអង់គ្លេសនៅក្នុងប្រទេសកម្ពុជា តំបន់អាស៊ីអាគ្នេយ៍ និងអន្តរជាតិទាំងមូល។ ការគាំទ្រជាបន្តបន្ទាប់នេះ បានរួមចំណែកយ៉ាងធំធេង នៅក្នុងការរីកចម្រើនលូតលាស់ជាបន្ត និងភាពល្បីល្បាញ របស់សន្និសីទនេះ ក៏ដូចជាបានរួមចំណែកទៅក្នុងការបង្រៀន និងការរៀនភាសាអង់គ្លេសផងដែរ។
គួរបញ្ជាក់ថា សន្និសីទ CamTESOL ប្រចាំឆ្នាំលើកទី១៦ នឹងធ្វើទ្បើងនៅថ្ងៃទី ៧-៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមប្រធានបទ ELT សតវត្សទី ២១: វិធីសាស្ត្រសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាព។
ដើម្បីស្វែងរកព័ត៌មានបន្ថែមទាក់ទងនឹងសន្និសីទនេះ សូមចូលទៅកាន់៖
www.camtesol.org ៕
(អត្ថបទពាណិជ្ជកម្ម)