ភ្នំពេញ៖ ក្រុមហ៊ុនផលិតឱសថសាណូហ្វីកម្ពុជារៀបចំវគ្គអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តដល់អ្នកផ្តល់សេវាថែទាំសុខភាព ស្តីពីការគ្រប់គ្រងព្យាបាលជំងឺទឹកនោមផ្អែមកម្រិតខ្ពស់ ឬកម្រិតស៊ីជម្រៅ ផ្នែកទី១ (Advance Part I) ក្រោមកម្មវិធីអប់រំជំងឺទឹកនោមផ្អែមកម្ពុជា ហៅកាត់ថា CEP-Dទៅកាន់អ្នកជំនាញថែទាំសុខភាពប្រមាណ២០០នាក់ នៅសណ្ឋាគារភ្នំពេញ កាលពីថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០១៩។ នេះគឺជាដំណើរការឆ្ពោះទៅមុខគួរឲ្យកត់សម្គាល់ បន្ទាប់ពីភាពជោគជ័យយ៉ាងខ្លាំងរបស់ខ្លួន ក្នុងឆ្នាំទី១ទៅលើវគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋាន។
លោកវេជ្ជបណ្ឌិត លឹម ហ៊ុយ ប្រធានផ្នែកកិច្ចការវេជ្ជសាស្ត្រ និងជាតំណាងក្រុមហ៊ុនសាណូហ្វីកម្ពុជាបានមានប្រសាសន៍ថា៖ «យើងពិតជារីករាយយ៉ាងក្រៃលែង ដែលកម្មវិធីរបស់យើងបានដំណើរការទៅយ៉ាងរលូន និងបានទាញចំណាប់អារម្មណ៍ ការគាំទ្រយ៉ាងច្រើនពីសំណាក់សហគមន៍វេជ្ជសាស្ត្រ និងនិស្សិតផងដែរ។ ជាមួយគ្នានេះ យើងក៏បានផ្តល់ការបណ្ដុះបណ្ដាលចំណេះដឹង ព្រមទាំងព័ត៌មានវិទ្យាសាស្ត្រ វេជ្ជសាស្ត្រ ចុងក្រោយបំផុតទៅកាន់ពួកគាត់ថែមទៀតផង»។
លោកវេជ្ជបណ្ឌិតបានបន្ថែមថា ក្នុងឆ្នាំទី១ កម្មវិធីអប់រំដែលធ្វើនៅទូទាំងប្រទេសនេះ បានរៀបចំបណ្តុះបណ្តាលការគ្រប់គ្រងព្យាបាលជំងឺទឹកនោមផ្អែមកម្រិតមូលដ្ឋានចំនួន៨ប្រធានបទសំខាន់ៗ។ ក្នុងនោះផ្តោតសំខាន់លើផលប៉ះពាល់នៃជំងឺនេះ ទៅកាន់អ្នកផ្តល់សេវាថែទាំសុខភាពចំនួនប្រហែល៥០០នាក់ ដែលមកពីមន្ទីរពេទ្យ និងគ្លីនិករដ្ឋ និងឯកជន តាមបណ្តាខេត្តក្រុងនានា ដោយរួមមាននិស្សិតជាង១៨០នាក់ផងដែរ មកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
កម្មវិធីនេះក៏រួមបញ្ចូលទាំងយុទ្ធនាការស្តីពី ទិវាជំងឺទឹកនោមផ្អែមពិភពលោក ដែលប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ជាមួយដៃគូរសហការ ដើម្បីលើកកម្ពស់ការយល់ដឹងពីការគ្រប់គ្រងព្យាបាលជំងឺទឹកនោមផ្អែម និងផលប៉ះពាល់សុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីជំងឺនេះ។ លោកក៏បានសង្កត់ធ្ងន់ផងដែរថា ភាពជោគជ័យនេះពិតជាមិនអាចកើតឡើងបានឡើយ ប្រសិនបើមិនមានការចូលរួមចំណែក និងគាំទ្រយ៉ាងពេញលេញពីដៃគូរពាក់ព័ន្ធនានា។
លោកសាស្ត្រាចារ្យមហាបរិញ្ញាវេជ្ជបណ្ឌិត កុយ វ៉ាន់នី ប្រធានសមាគមគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញកម្ពុជា បានមានប្រសាសន៍ថា៖ ក្រុមគ្រូពេទ្យដែលពិនិត្យព្យាបាលច្រើនទៅលើជំងឺទឹកនោមផ្អែមចំនួន២០០នាក់ត្រូវបានជ្រើសរើសឲ្យចូលរួមវគ្គបណ្តុះបណ្តាលកម្រិតខ្ពស់ ឬហៅថាកម្រិតស៊ីជម្រៅ (Advance Level) នេះ ដោយវគ្គនេះនឹងសង្កត់ធ្ងន់ទៅលើការគ្រប់គ្រងព្យាបាលជំងឺទឹកនោមផ្អែមសុទ្ធសាធ ផ្តោតលើវិធីសាស្ត្រផ្សេងៗនៃការព្យាបាលរាប់ចាប់តាំងពីអ្នកជំងឺកម្រិតមធ្យមទៅដល់អ្នកជំងឺកម្រិតធ្ងន់ធ្ងរ។ ឧទាហរណ៍ ថាតើនៅពេលអ្នកជំងឺទឹកនោមផ្អែមលាងឈាម ខូចបេះដូងត្រូវធ្វើយ៉ាងដូចម្តេច តើថ្នាំប្រភេទណាល្អជាងគេសម្រាប់ស្ថានភាពជំងឺណាមួយនោះ។
លោកសាស្ត្រាចារ្យរំពឹងថា ក្រុមគ្រូពេទ្យដែលចូលរួមនឹងយល់ដឹងកាន់តែច្បាស់ថាតើវិទ្យាសាស្ត្រទំនើបបច្ចុប្បន្ននេះឈានដល់កម្រិតណាហើយ ដែលអាចជួយឲ្យអ្នកកើតជំងឺទឹកនោមផ្អែមអាចរស់នៅបានដូចធម្មតា។
គួររំលឹកផងដែរថា អត្រានៃជំងឺទឹកនោមផ្អែមនៅប្រទេសកម្ពុជា ជាទូទៅនៅទាបជាងបណ្តាប្រទេសអាស៊ីអាគ្នេយ៍នៅឡើយ។ ប៉ុន្តែកម្ពុជា មានប្រេវ៉ាឡង់នៃអ្នកជំងឺទឹកនោមផ្អែម ស្ថិតក្នុងវ័យចន្លោះពី ២០ ទៅ ៣០ឆ្នាំ ខ្ពស់ជាងបណ្តាប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច និងខ្ពស់ជាងបណ្តាប្រទេសផ្សេងៗ ទៀតនៅលើពិភពលោក។ នេះបើតាមរបាយការណ៍ សហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិប៉ាស៊ីហ្វិកខាងលិច។ សហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិបានបង្ហាញថា ២៣០,៨០០ ករណី នៃជំងឺទឹកនោមផ្អែម ត្រូវបានរកឃើញនៅកម្ពុជា ក្នុងឆ្នាំ ២០១៥។ តួលេខនេះត្រូវបានព្យាករណ៍ថានឹងកើនឡើងប្រហែល៤០% ត្រឹមឆ្នាំ២០៤០។
គម្រោង CEP-D រយៈពេលបីឆ្នាំ ដែលបានដាក់សម្ពោធជាផ្លូវការកាលពីឆ្នាំមុននេះ បានទទួលថវិកាជិត កន្លះលានដុល្លារសហរដ្ឋអាមេរិក ដែលជាសហហិរញ្ញប្បទានរវាងក្រុមហ៊ុនសាណូហ្វីកម្ពុជា និង KFW DEG ដោយមានការសហការប្រតិបត្តិជាមួយ សមាគមគ្រូពេទ្យទឹកនោមផ្អែម និងក្រពេញកម្ពុជា។ ថវិកាទាំងនោះ ត្រូវបានបញ្ចូលទៅក្នុងវគ្គបណ្តុះបណ្តាល សម្រាប់ក្រុមវេជ្ជបណ្ឌិត ប្រមាណ១១៨០នាក់ ក៏ដូចជានិស្សិតចំនួន៥០០នាក់ មកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រសុខាភិបាល។ គម្រោងនេះក៏នឹងលើកកម្ពស់ការយល់ដឹងឲ្យកាន់ច្រើនសម្រាប់អ្នកជំងឺទឹកនោមផ្អែម និងក្នុងចំណោមប្រជាជនកម្ពុជាទូទៅផងដែរ៕