អត្ថបទពាណិជ្ជកម្ម
ស្ថានទូត​អង់គ្លេស​នឹងធ្វើ​យុទ្ធនាការ Education is GREAT និង​បង្ហាញ​វត្តមាន​សាកលវិទ្យាល័យ​អង់គ្លេស​ជាច្រើន​ដល់​និស្សិត​កម្ពុជា​
19, Feb 2019 , 10:37 am        
រូបភាព
ដោយ: ថ្មីៗ
រាជធានី​ភ្នំពេញ ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩៖ ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍​ជាច្រើន​នៅ​សប្តាហ៍​នេះ ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់ខ្លួន​ឈ្មោះថា Education is GREAT ក្នុង​បំណង​ផ្សព្វផ្សាយ​វិស័យ​អប់រំ​របស់​ចក្រភព​អង់គ្លេស​ទៅកាន់​កម្ពុជា​។ យុទ្ធនាការ​នេះ ចាប់ដំណើរការ​នា​សប្តាហ៍​នេះ តាមរយៈ​កម្មវិធី​តាំង​បង្ហាញ ពី​ការអប់រំ​កម្រិត​ខ្ពស់​មួយ ឈ្មោះថា ពិព័រណ៍​ការសិក្សា​ចក្រ​ភព​អង់គ្លេស​២០១៩​។​
 
​ពិព័រណ៍​ការសិក្សា​ចក្រ​ភព​អង់គ្លេស​២០១៩​នេះ នឹងមាន​ការចូលរួម​ពី​មន្ត្រី​ផ្នែក​ជ្រើសរើស​សិស្ស​-​និស្សិត មកពី​សាកលវិទ្យាល័យ​២០​កន្លែង​ក្នុងប្រទេស​អង់គ្លេស​។ ពួកគាត់​នឹង​ផ្ដល់ជូន​ព័ត៌មាន​ផ្សេងៗ ពាក់ព័ន្ធ​នឹង​គ្រឹះស្ថាន​អប់រំ​របស់ខ្លួន ក៏ដូចជា​កម្មវិធីសិក្សា​ជាច្រើន​ផងដែរ​។ លើសពីនេះ ពួកគាត់​ក៏​នឹង​ស្វាគមន៍​រាល់​សំណួរ​របស់​សិស្ស និង​អាណាព្យាបាល​ផងដែរ​។ 
 
​កម្មវិធី​តាំង​បង្ហាញ​នេះ នឹង​ចុះ​ធ្វើ​ទស្សនកិច្ច​នៅតាម​សាលារៀន​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ មុននឹង​ឈានដល់​ការរៀបចំ​ពិព័រណ៍​ការសិក្សា​នៅ​ចក្រភព​អង់គ្លេស​២០១៩ ក្នុង​បរិវេណ Daylight Plaza នា​ផ្សារ​ទំនើប​អ៊ី​អន​១ ។ ពិព័រណ៍​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ចាប់ពី​ម៉ោង​៥:៣០​ល្ងាច រហូតដល់​ម៉ោង​៨:៣០​នាទី​យប់ ហើយ​សាធារណជន​អាច​ចូល​ទស្សនា​ដោយ​សេរី​ផងដែរ​។ អតីត​និស្សិត​អាហារ​រូបករណ៍ Chevening ក៏​នឹងចូលរួម​ក្នុង​កម្មវិធី​នាពេល​ល្ងាច​នោះ​ផងដែរ ដើម្បី​ជួបពិភាក្សា​គ្នា ជាមួយ​អ្នក​ដែលមាន​ចំណាប់អារម្មណ៍​ដាក់ពាក្យ​ចូលរួម​ប្រលង​អាហារ​រូបករណ៍ Chevening របស់​រដ្ឋាភិបាល​អង់​គ្លេ​ស​។​


 
​លោកស្រី ធី​ណា រែ​ត​សរ (Tina Redshaw) ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា បាន​គូ​សប​ញ​ញ​ជាក់​ថា ការ​ទៅ​សិក្សា​នៅ​ប្រទេស​អង់គ្លេស គឺ​ស្មើនឹង​ការទទួលបាន​ការសិក្សា​លំដាប់​ពិភពលោក នៅ​គ្រឹះស្ថាន​អប់រំ​ដ៏​មានឈ្មោះ​បោះ​សំលេង​។ តាម​ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា ក្នុងចំណោម​សាកលវិទ្យាល័យ​កំពូល​ទាំង​១០ ក្នុង​ពិភពលោក​មាន​សាកលវិទ្យាល័យ​កំពូល​ដល់​ទៅ ៣​ឯណោះ ដែលមាន​ទីតាំងនៅ​ប្រទេស​អង់គ្លេស​។ លោកស្រី ធី​ណា រែ​ត​សរ បន្តទៀតថា អង់គ្លេស​ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ​ក្នុង​ពិភពលោក លើ​ផ្នែក​វិទ្យាសាស្ត្រ និង​ស្រាវជ្រាវ ហើយ​៥៤​ភាគរយ នៃ​លទ្ធផល​ការងារ​ដែល​កើតចេញពី​វិស័យ​ទាំងពីរ​នេះ គឺ​សុទ្ធតែ​នាំមុខគេ​ក្នុង​ពិភពលោក ហើយ​ការសិក្សា​នៅ​ប្រទេស​អង់គ្លេស ក៏​ជួយ​ពង្រីក​ឱកាស​ទទួលបាន​ការងា​រ​របស់​អ្នក​ទាំងអស់គ្នា​ផងដែរ​។ 
 
​លោកស្រី ធី​ណា រែ​ត​សរ បញ្ជាក់​បន្ត​៖«​លទ្ធផល​ស្ថិតិ​លំដាប់​ពិភពលោក​ជាច្រើន​បានបង្ហាញ​ឱ្យឃើញ​ជា​បន្តបន្ទាប់​ថា សញ្ញាបត្រ​ពី​ប្រទេស​អង់គ្លេស សុទ្ធតែ​ទទួលបាន​ការវាយតម្លៃ​ខ្ពស់​នៅ​ទូទាំង​ពិភពលោក​ទាំងមូល​តែម្ដង​។ អង់គ្លេស ស្ថិតក្នុង​ចំណោម​ប្រទេស​កំពូល​ទាំង​៥ លើ​ពិភពលោក លើ​ផ្នែក​សហការ​រវាង​ក្រុមហ៊ុន និង​សាកលវិទ្យាល័យ​។ កត្តា​នេះ​ជួយផ្ដល់​ឱកាស​កាន់តែ​ខ្ពស់ សម្រាប់​ឱ្យ​និស្សិត​ដែល​បញ្ចប់​ការសិក្សា អាច​ទទួលបាន​ការងា​រ​ធ្វើ និង​ឱកាស​ហាត់​ការងារ និង​ជាហេតុ​នាំឱ្យ​និស្សិត​នោះ មានប្រៀប​ជាង​និស្សិត​ដទៃ នៅក្នុង​ទីផ្សារការងារ​»​។​
 
​ស្ថានទូត​អង់គ្លេស ក៏​នឹងចូលរួម​ទិវា​វិស្វកម្ម និង​វិទ្យាសាស្ត្រ​កម្ពុជា​ឆ្នាំ​២០១៩​នេះដែរ (CSEF2019) ចាប់ពី​ថ្ងៃទី​២១ ដល់ ២៣ ខែកុម្ភៈ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ ស្ថានទូត​អង់គ្លេស គាំទ្រ​យ៉ាងខ្លាំង​ក្លា​ដល់​ការអប់រំ​មុខវិជ្ជា​ស្ទែ​ម​នៅ​កម្ពុជា​។ នា​ឆ្នាំនេះ ស្តង់​របស់​ស្ថានទូត​អង់គ្លេស នឹងមាន​តាំង​បង្ហាញ​ស្ថាប័ន​មួយចំនួន ដែល​កំពុង​អនុវត្ត​គម្រោង​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​នៅ​ប្រទេស​កម្ពុជា​។​
 
​អម​ជាមួយនឹង​ការផ្សព្វផ្សាយ​ថា ចក្រភព​អង់គ្លេស គឺជា​កន្លែង​សិក្សា​ដ៏​ពិសេស​អស្ចារ្យ​សម្រាប់​សិស្ស​និស្សិត​នេះ យុទ្ធនាការ Education is GREAT ក៏​នឹង​ផ្តល់ជូន​សិស្ស​និស្សិត និង​អាណាព្យាបាល​របស់​ពួកគាត់ នូវ​ព័ត៌មាន​ដ៏​មានតម្លៃ អំពី​ការដាក់​ពាក្យ​ចូលរៀន និង​ការសុំ​ទិដ្ឋាការ​សំខាន់ៗ ការស្នើសុំ​ប្រាក់កម្ចី​សម្រាប់​បង់ថ្លៃ​សិក្សា​របស់​ពួកគាត់ និង​ឱកាស​ទទួលបាន​ការងា​រ​ធ្វើ​នៅ​ប្រទេស​អង់គ្លេស​ដោយផ្ទាល់​តែម្ដង​សម្រាប់​និស្សិត​ទាំងឡាយ​ដែល​រៀន​ចប់​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្ថានទូត​អង់គ្លេស តាមរយៈ​អាសយដ្ឋាន​៖ www.facebook.com/BritishEmbassyCambodia
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com