ជាតិ
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្មគ្រោងស្នើចុះបញ្ជីម៉ាកសម្គាល់ក្រូចពោធិ៍សាត់ នៅអង្គការកម្មសិទ្ធិបញ្ញាពិភពលោក
× ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មគ្រោងស្នើចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ ក្រូចពោធិ៍សាត់ ដើម្បីជួយបង្កើនប្រាក់ចំណូលដល់កសិករ និងលើកម្ពស់តម្លៃផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានិយាយថា ក្រសួងបានសិក្សារួចហើយ លើកសិផលក្រូចពោធិ៍សាត់ក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង ដែលអាចទទួលបានម៉ាកសម្គាល់ភូមិសាស្ត្រនេះ។ បើតាមលោក ស៊ាង ថៃ នៅពេលចុះបញ្ជីសម្គាលម៉ាករួចរាល់ កសិករនឹងងាយស្រួលនាំក្រូចពោធិ៍សាត់ ចេញទៅទីផ្សារក្រៅប្រទេស និងជួយការពារផលិតផលរបស់កសិករ មិនឲ្យមានការក្លែងបន្លំ ព្រមទាំងទទួលបានតម្លៃថ្លៃជាងសព្វថ្ងៃផងដែរ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យរូបនេះ បាននិយាយដូច្នេះថា៖« កាលណាចុះបញ្ជីបានតម្លៃក្រូចនេះ វាអាចលក់បានថ្លៃជាងពេលមិនមានឈ្មោះសម្គាល់ភូមិសាស្ត្រត្រឹមត្រូវ វាដូចនឹងម្រេចកំពតជាដើម លក់នៅអឺរ៉ុបថ្លៃណាស់»។
កាលពីពេលថ្មីៗនេះ ក្រសួងបានរៀបចំសិក្ខាសាលាជាមួយសមាគមន៍ក្រូចពោធិ៍សាត់ និងកសិករក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង ដើម្បីពិភាក្សាលើបញ្ហានានា ទាក់ទងនឹងការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ និងស្តាប់យោបល់របស់កសិករ។ ក្រោយបញ្ចប់សិក្ខាសាលា កសិករក៏បានបង្ហាញជំហរថា ពួកគេចង់ចុះបញ្ជីផងដែរ។ ប៉ុន្តែការចុះបញ្ជីកម្មសិទ្ធិបញ្ញានេះ ត្រូវចំណាយពេលច្រើនផងដែរ ព្រោះមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ (អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បាននិយាយថា៖« ខាងក្រសួងកំពុងចាំទទួលពាក្យស្នើសុំចុះបញ្ជីពីពួកគាត់ តែគាត់មិនទាន់បានយកមកផង។ ក្រសួងយើងចាំទទួលពាក្យ ឲ្យគាត់អ្នកផ្តើមមក យើងនឹងជួយផ្នែកនិតិវិធីក្នុងការស្នើសុំជូនពួកគាត់»។
គួររម្លឹកថា កម្ពុជាបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រលើផលិតផលកសិកម្មមួយចំនួនដូចជា ម្រេចកំពត, ស្ករត្នោតកំពង់ស្ពឺ និងក្រូចថ្លុងកោះទ្រង់ នៅខេត្តក្រចេះ កាលពីខែមិថុនា ឆ្នាំ២០១៨។ ក្រសួងក៏គ្រោងសិក្សាលើផលិតផលផ្សេងៗបន្ថែមទៀត ដើម្បីស្នើសុំការចុះបញ្ជីលើកម្មសិទ្ធបញ្ញានេះ៕
Tag:
ស៊ាង ថៃ
ក្រូចពោធិ៍សាត់
ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com