ជាតិ
ក្រសួងបរិស្ថាន​ខ្ចីលុយ​៥៥​លាន​ដុល្លារ​ពី​ធនាគារពិភពលោក ដើម្បី​ពង្រឹង​ការគ្រប់គ្រង​បរិស្ថាន និង​សង្គម​
19, Feb 2019 , 8:39 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងបរិស្ថាន
រូបពីហ្វេសប៊ុកក្រសួងបរិស្ថាន
​ក្រសួងបរិស្ថាន​បានរៀបចំ​គម្រោង «​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​» ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ៥៥ លាន​ដុល្លា​អាមេរិក ដែលជា​កម្ចី​របស់​ធនា​គារ​ពិ​ភណ​លោក ដើម្បី​បង្កើន​ប្រសិទ្ធភាព នៃ​ការគ្រប់គ្រង​ធនធានធម្មជាតិ ជំរុញ​ទេសចរណ៍ធម្មជាតិ និង សង្វាក់​តម្លៃ​អនុផល​ព្រៃឈើ​។

 
​ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួងបរិស្ថាន ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ បាន​បញ្ជាក់ថា គម្រោង​ទាំងនេះ នឹង​ផ្ដោត​សំខាន់​លើ​ការគ្រប់គ្រង​ធនធានធម្មជាតិ​ឲ្យ​មាន​ប្រសិទ្ធភាព​ចំនួន​៣​សំខាន់ៗ សម្រាប់​ការវិនិយោគ​លើ​ការពិនិត្យ​តាមដាន និង​រៀបចំ​ផែនការ​តំបន់​ទេសភាព​ប្រកបដោយ​និរន្តរភាព​, កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ស​ម្រួ​ស​ដល់​ទេសចរណ៍ធម្មជាតិ និង​សង្វាក់​តម្លៃ​អនុផល​ព្រៃឈើ​, និង​ការគ្រប់គ្រង​ការពិនិត្យ​តាមដាន និង​ការវាយតម្លៃ​គម្រោង​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក នេត្រ ភ​ក្រា្ត អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​និយាយថា គម្រោង​នេះ​អនុវត្ត​ទៅបាន​ដោយសារ​កម្ចី​របស់​ធនា​គារ​ពិភពលោក និង មូលនិធិ​បរិស្ថាន​ពិភពលោក​។ គម្រោង​នេះ​នឹង​អនុវត្តន៍​នៅក្នុង​ឆមាស​ទី​២ ដែលមាន​រយៈពេល ៥​ឆ្នាំ នៅ​ខេត្ត​គោលដៅ​ចំនួន​៧ រួមមាន ខេត្តកំពង់ស្ពឺ កោះកុង ពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង កំពង់ធំ និង​សៀមរាប​។ តែ​យ៉ាងណា​លោក នេត្រ ភក្ត្រា មិនបាន​បញ្ជាក់​លម្អិត​លើ​ចំនួន​ថវិកា​នោះឡើយ​។​
 
​អ្នកនាំពាក្យ​រូបនេះ បាន​និយាយថា​៖«​តាម​គម្រោង​របស់​យើង ប្រសិនជា​អ្វីៗ​ដំណើរការ​ស្រប់តាម​ផែនការ គឺ​យើង​នឹង​ចាប់​អនុវត្តន៍​នៅក្នុង​ឆមាស​ទី​២ ក្នុង​ឆ្នាំ​២០១៩»​។ 
 
​បើ​យោងតាម​សេ​ក្តី​ព្រាង​ថវិកា​ជា​ភាសារ​អង់គ្លេស​របស់​ក្រសួង បាន​លម្អិត​ថា គម្រោង​ថវិកា​ទំហំ​៥៥​លាន​ដុល្លារ​នេះ នឹង​បែង​ចែកជា​៣ សកម្មភាព​។  ក្នុងនោះ​ការវិនិយោគ​លើ​ការពិនិត្យ​តាមដាន និង​រៀបចំ​ផែនការ​តំបន់​ទេសភាព​ប្រកបដោយ​និរន្តរភាព មាន​ទំហំ​ថវិកា ៧ លាន​ដុល្លារ​។ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ស​ម្រួ​ស​ដល់​ទេសចរណ៍ធម្មជាតិ និង​សង្វាក់​តម្លៃ​អនុផល​ព្រៃឈើ ទំហំ​ថវិកា ៤៥ លាន​ដុល្លារ​។ ការគ្រប់គ្រង​ការពិនិត្យ​តាមដាន និង​ការវាយតម្លៃ​គម្រោង ទំហំ​ថវិកា ៣ លាន​ដុល្លារ​៕
 

Tag:
 ​នេត្រ ភក្ត្រា​
  បរិស្ថាន​
  កម្ចី​
© រក្សាសិទ្ធិដោយ thmeythmey.com