ជាតិ
សេដ្ឋកិច្ច
CDC សម្រេចឱ្យក្រុមហ៊ុនចិន វិនិយោគនៅខេត្តកោះកុង និងព្រះសីហនុ ក្នុងទឹកប្រាក់ជិត៦០០លានដុល្លារ
× ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់CDC បានអនុម័តឱ្យក្រុមហ៊ុនចិន២ សាងសង់សណ្ឋាគារថ្នាក់ផ្កាយ៥ នៅខេត្តកោះកុង និងព្រះសីហនុ។ ក្រុមហ៊ុនទាំង២នេះ មានទុនវិនិយោគជិត៦០០លានដុល្លារអាមេរិក ជាមួយនឹងផ្តល់ឱកាសការងារជាង៦ពាន់កន្លែង។ នេះបើតាមហ្វេសប៊ុករបស់CDC កាលពីថ្ងៃទី១៨ កុម្ភៈ។
បើតាម CDC ក្រុមហ៊ុនចិនទាំងពីរនោះ មានក្រុមហ៊ុន NANJING DADI CONSTRUCTION (CAMBODIA) DEVELOPMENT GROUP CO.,LTD គ្រោងសាងសង់សណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៣០០បន្ទប់ ជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្ម និងកន្លែងកម្សាន្តផ្សេងទៀត ដែលទំហំទឹកប្រាក់វិនិយោគ៨៨,៤លានដុល្លារ។ គម្រោងនេះ មានទីតាំង ភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
រូបភាព បានពីCDC
ដោយឡែក ក្រុមហ៊ុនUNION DEVELOPMENT GROUP CO.,LTD មានទុនវិនិយោគប្រមាណ៥០០,៤លានដុល្លារ គ្រោងបង្កើតសណ្ឋាគារផ្កាយ៥ ដែលមាន៨០០បន្ទប់។ ក្រៅពីការបង្កើតសណ្ឋាគារនេះ នៅមានគម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម តារាងវាយកូនគោល បឹងហ្គាឡូ ផ្ទះវីឡា រមណីយដ្ឋានទេសចរណ៍ និងគម្រោងផ្សេងៗទៀត នៅស្រុកគិរីសាគរ ខេត្តកោះកុង ដែលជាគម្រោងអភិវឌ្ឍន៍ទីក្រុងទេសចរណ៍។
រូបភាព បានពីCDC
កាលពីថ្ងៃទី១០ មករា ឆ្នាំ២០១៩ UNION DEVELOPMENT GROUP បានបង្ហាញគម្រោងសាងសង់ទីក្រុងTEMI ដែលជាគម្រោងអភិវឌ្ឍន៍ទីក្រុងទេសចរណ៍ស្ថិតនៅលើផ្ទៃដី២៥០០ហិចតា នៅខេត្តកោះកុង ជាមួយនឹងទំហំវិនិយោគបន្ថែម១,៩០០លានដុល្លារ។ ហើយទីក្រុងនេះអាចផ្ទុកមនុស្សបាន៣០ម៉ឺននាក់។ ពាក្យTEMI បានមកពីអក្សរទេសចរណ៍ (T-Tourism) ផ្នែកអេកូឡូស៊ី(E-Ecological) សមុទ្រ (M-Marine) និង អន្តរជាតិ(I-International)៕
© រក្សាសិទ្ធិដោយ thmeythmey.com