ជាតិ
សេដ្ឋកិច្ច
ក្រសួងកសិកម្ម បញ្ជា​ឲ្យ​រឹតបន្តឹង​ការនាំ​ចូល​ជ្រូក​ពី​វៀតណាម ក្រោយ​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​
20, Feb 2019 , 3:10 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបពីហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
​ភ្នំពេញ​៖ ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ​​កំពុង​តាមដាន និង​ត្រួតពិនិត្យ​ការ​នាំចូល​ជ្រូក​ពី​ប្រទេស​វៀតណាម ក្រោយ​ផ្ទុះ​ព័ត៌មាន​ពី​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក នៅតាម​កសិដ្ឋាន​មួយចំនួន ក្នុងប្រទេស​ភាគ​ខាងកើត​ជាប់កម្ពុជា​នេះ​។ ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ត្រូវបាន​រកឃើញ​នៅក្នុង​កសិដ្ឋាន​ចំនួន​បី​ដែល​ស្ថិតក្នុង​ខេត្ត Hung Yen និង ខេត្ត Thai Binh ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​១៩ កុម្ភៈ​។​

 
​លោក តាន់ ផាន់​ណា​រ៉ា ប្រធាន​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​និយាយថា ក្រសួង​បាន​ប្រាប់​ដល់​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ខេត្ត​-​ក្រុង​ទាំងអស់ ឲ្យ​ពង្រឹង​ការត្រួតពិនិត្យ​លើ​ការ​នាំចូល​ជ្រូក​ពី​ប្រទេស​វៀត​ណា​របស់​ឈ្មួញ​។ ជាពិសេស​ការពិនិត្យ​មើល​លិខិតបញ្ជាក់​ពី​ពេទ្យសត្វ​វៀតណាម ដែល​ធានាថា​ជ្រូក​ទាំងនោះ​គ្មាន​ជំងឺ និង​មកពី​តំបន់​សុវត្ថិភាព ទើប​អនុញ្ញាត​ឲ្យ​នាំ​ចូលមក​កម្ពុជា​។​បើតាម​លោក ផាន់​ណា​រ៉ា បច្ចុប្បន្ននេះ​ប្រទេស​កម្ពុជា​មិនមាន​ជំងឺ​ប្រភេទ​នឹង​នោះទេ ហើយ​ការ​នាំចូល​ខុសច្បាប់​ក្នុង​ដើមឆ្នាំ​នេះ​ក៏​មិនមាន​ដែរ​។​
 
​ប្រធាន​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​រូបនេះ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា​៖« ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក កាលណា​ជ្រូកហ្នឹង​ឈឺ វា​នឹងមាន​លក្ខណៈ​ចេញ​នៅក្រោម​ពោះ មាន​ពណ៌​ស្វាយ ជំងឺ​ហ្នឹង​វា​ស្រួល​មើល​។ ប្រសិន​រកឃើញ​ត្រូវ​យកទៅ​ដុតចោល​ភ្លាម​»​។ 
 
​លោក លី ឡា​វី​ល អ្នកគ្រប់គ្រង​ទូទៅ​នៅ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​របស់លោក ម៉ុង ឫទ្ធី និង​ជា​ក្រុមប្រឹក្សាភិបាល​នៃ​សមាគមន៍​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បានស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការប្រុងប្រយ័ត្ន​លើ​ការត្រួតពិនិត្យ​ជ្រូក​នាំចូល​ពី​ប្រទេស​វៀតណាម ព្រោះ​ប្រសិនបើ​ជំងឺ​នេះ​ចូល​មកដល់​កម្ពុជា គឺ​ជ្រូក​នៅតាម​កសិដ្ឋាន​ប្រឈម​នឹង​ងាប់​១០០​ភាគរយ​។  
 
​ត្រង់ចំណុច​នេះ​លោក តាន់ ផាន់​ណា​រ៉ា បាន​សង្កត់ធ្ងន់ថា មន្ត្រី​ជំនាញ​ក៏​កំពុង​តាមដាន​ស្ថានភាព​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ប្រទេស​វៀតណាម​នេះ​យ៉ាង​យកចិត្តទុកដាក់ ហើយ​បើសិនជា​ជំងឺ​នេះ រីក​រាលដាល​កាន់តែ​ធំ​នោះ  ក្រសួង​នឹង​បិទ​ការ​នាំចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​តែម្ដង​។ ទន្ទឹមនឹង​ក្តី​ព្រួយបារម្ភ​នេះ លោក ផាន់​ណា​រ៉ា ក៏បាន​ប្រាប់​ឲ្យ​ក្រុមហ៊ុន​នាំចូល​ជ្រូក ផ្អាក​ការនាំ​ចូល​ពី​ប្រទេស​វៀតណាម​សិន ហើយ​ងាក​ទៅយក​ជ្រូក​ពី​ប្រទេស​ថៃ​វិញ​។​
 
​លោក​បាន​និយាយថា​៖« ប្រសិន​ជំងឺ​នេះ​កាន់តែ​ខិតជិត​ប្រទេស​យើង យើង​នឹង​ចេញ​លិខិត​មួយ​បិទ​ការនាំ​ចូល​ពី​ប្រទេសក្រៅ​។ ឥឡូវ​ជំងឺ​នេះ​កើត​នៅ​ទីក្រុង​ហាណូយ ក្បែរ​ប្រទេស​ចិន​នៅ​ឆ្ងាយ​ណាស់​។ កាលណា​មកដល់​ទីក្រុង​ហូជីមិញ យើង​នឹង​ចេញ​លិខិត​បិទ​តែម្ដង​»​។ 
 
​ប្រធាន​អគ្គនាយកដ្ឋាន​សុខភាព​សត្វ បាន​និយាយថា បច្ចុប្បន្ន​កម្ពុជា​នាំចូល​ជ្រូក​ក្នុង​មួយថ្ងៃ​ចំនួន ១៥០០ ឬ ២០០០ ក្បាល ខណៈ​ការផលិត​ក្នុងស្រុក​មាន​ដល់​ទៅ ៨១ ភាគរយ​។​« យើង​មិនអាច​បិទ​ការ​នាំចូល​ភ្លាមៗ​នោះទេ បើ​បិទ ​សាច់ជ្រូក​នឹង​ឡើងថ្លៃ  ដែល​អាច​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ១៦​លាន​នាក់ ដូច្នេះ​យើង​ត្រូវធ្វើ​ការសម្របសម្រួល​ប​ញ្ហា​នេះ យើង​បាន​ប្រាប់​ក្រុមហ៊ុន​បើ​អាច​បង្វិល​ការនាំ​ចូល​ពី​ថៃ​វិញ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​សាច់ជ្រូក​ឡើងថ្លៃ​»​។ នេះ​បើតាម​លោក ផាន់​ណា​រ៉ា​។​
 
 
​ចំណែក​ប្រជាកសិករ ដែល​ប្រកបមុខរបរ​ចិញ្ចឹម​ជ្រូក​ទាំងអស់គ្នា​សូម​ចូលរួម​បង្កា​ហានិភ័យ​នេះ ហើយ​បើ​មាន​ករណីនេះ​កើតឡើង​នៅ​តំបន់​ណា សូមកុំ​លាក់ព័ត៌មាន​ដោយ​ត្រូវតែ​យក​សត្វ​នោះ​ទៅ​កប់​ចោល និង​កុំ​យកទៅលក់​នៅលើ​ទីផ្សារ ដែល​អាច​នាំ​ឲ្យ​មានប​ញ្ហាប៉ះពាល់ដល់​សុខភាព​មនុស្ស​ផងដែរ​។ នេះ​ជាការ​លើកឡើង​របស់លោក ម៉ុង ឫទ្ធី​។​
 
​កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ អាជ្ញាធរ​វៀតណាម បាន​អះអាងថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ត្រូវបាន​រកឃើញ​នៅក្នុង​កសិដ្ឋាន​ចំនួន​បី​ដែល​ស្ថិតក្នុង​ខេត្ត Hung Yen និង ខេត្ត Thai Binh ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។ ដោយសារតែ​បញ្ហា​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​វៀតណាម ទើប​បណ្ដា​ប្រទេស​មួយចំនួន ដូចជា តៃវ៉ាន់ ឥណ្ឌូណេស៊ី ហ្វីលីពីន និង​ចិន​ជាដើម កំពុង​រឹតបន្តឹង និង​បិទ​ការ​នាំចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​៕

Tag:
 ជ្រូក​
  កសិកម្ម​
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com