កីឡាអន្តរជាតិ
អន្តរជាតិ
Allegri ថា Ronaldo ផ្តល់ប្រយោជន៍ដល់ Juventus នៅ UCL តែគ្រូ AT-Madrid ថាមិនខ្វល់ពីRonaldoឡើយ
× Juventus នឹងត្រូវធ្វើដំណើទៅជួប Atletico Madrid ក្នុងការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយ ពាន UEFA Champions League នៅរាត្រីថ្ងៃទី២០ ខែកុម្ភៈនេះ។ នៅមុនការប្រកួត លោក Massimiliano Allegri អ្នកចាត់ការទូទៅក្រុមសេះបង្កង់អួតថា Cristiano Ronaldo បានផ្តល់អត្ថប្រយោជន៍ច្រើនសម្រាប់ក្រុមលោកក្នុងក្របខណ្ឌកំពូលអឺរ៉ុបនេះ ខណៈគ្រូ AT-Madrid លោក Diego Simeone ថាមិនខ្វល់ពី Ronaldo ឡើយ។
Ronaldo បានសម្រេចចាកចេញពីទឹកដីអេស្ប៉ាញទៅ Juventus ដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីខែកក្កដាកន្លងទៅ ក្រោយជួយ Real Madrid ឈ្នះ Champions League ៣លើកជាប់។ សម្រាប់ការបង្ហាញខ្លួននៅអ៊ីតាលី Serie A រដូវកាលនេះ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ វ័យ៣៤ឆ្នាំនៅតែបង្ហាញភាពខ្លាំងរបស់ខ្លួនដដែលដោយអាចស៊ុតបាល់បញ្ចូលទីបាន១៩គ្រាប់ក្នុងការបង្ហាញខ្លួន ២៤លើក។
មានការលើកឡើងថា វត្តមានរបស់ Ronaldo នឹងជួយម្ចាស់ជើងឯកលីគកំពូលអ៊ីតាលីក្លាយជាម្ចាស់ពាន Champions League រដូវកាល ២០១៨-១៩ នេះខណៈដែល Juventus អាចឈានដល់វគ្គផ្តាច់ព្រ័ត្រពីរលើកក្នុងរយៈពេលចុងក្រោយ។
Allegri អ្នកចាត់ការសញ្ជាតិអ៊ីតាលី ក៏បានអះអាងដែលថា វត្តមានរបស់ Ronaldo ពិតជាផ្តល់ឱកាសឲ្យ Juventus ឈ្នះពាននេះមែន ខណៈក្រុមលោកត្រូវត្រៀមខ្លួនតតាំងជាមួយ Atletico Madrid នៅទឹកដី Wanda Metropolitano វេលាម៉ោង ៣:០០នាទីទៀបភ្លឺ [ម៉ោងនៅកម្ពុជា]។
ដោយឡែកលោក Diego Simeone ដែលនឹងត្រូវដឹកនាំ Atletico Madrid នៅទឹកដីខ្លួននៅយប់នេះ ក៏បាននិយាយតិចតួចពី Ronaldo ផងដែរ។ Simeone រៀបរាប់ពីម្ចាស់ពាន Ballon d'Or ៥សម័យក្នុងសន្និសីទកាសែតថាលោកមិនខ្វល់ពីវត្តមានរបស់ Ronaldo ឡើយ ហើយលោកផ្តោតតែលើសមាសភាពកីឡាករខ្លួនប៉ុណ្ណោះ ដែលក្នុងនោះរួមមាន Antoine Griezmann, Alvaro] Morata, Diego Costa, Koke, Saul Niguez ដែលសុទ្ធសឹងជាកីឡាករសំខាន់សម្រាប់ជំនួបនេះ។
ក្នុងការប្រកួតវគ្គ១៦ក្រុម ជើងទី១ នារាត្រីនេះក៏មានការជួបគ្នារវាងម្ចាស់ផ្ទះ Schalke 04 និង Manchester City ផងដែរ នៅម៉ោងដំណាលគ្នានេះ៕
Tag:
បាល់ទាត់
UEFA Champions League
Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com