ជាតិ
សុខភាព
រដ្ឋាភិបាល ប្រឹងប្រែង​លុបបំបាត់​ជំងឺគ្រុនចាញ់​ឲ្យ​អស់ នៅ​ឆ្នាំ​២០២៥
20, Feb 2019 , 5:34 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុកសុខាភិបាល
រូបភាពពីទំព័រហ្វេសប៊ុកសុខាភិបាល
​រដ្ឋ​ម​ន្រី្ត​សុខាភិបាល​លោក ម៉ម ប៊ុនហេង អះអាងថា លោក នឹង​ជំរុញ​ដល់​មន្ត្រី​សុខាភិបាល​ទូទាំងប្រទេស ឲ្យ​ពង្រឹង​អនុវត្ត​យុទ្ធសាស្ត្រ​លុបបំបាត់​ជំងឺគ្រុនចាញ់ ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​កម្ម​វី​ធី​ឆ្នាំ​២០២៥​។ ការអះអាង​របស់លោក ធ្វើឡើង​ក្នុង​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៨ និង​លើ​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ​និង​បាណក​សាស្ត្រ​នៃ​ក្រសួងសុខាភិបាល ដែល​រៀបចំ នៅ​ខេត្តសៀមរាប នា​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩​។

  
 
 
​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ថ្លែង​ក្នុង​ពិធី​សន្និបាត​ថា ក្នុង​ឆ្នាំ​២០១៨​នេះ ពុំមាន​អ្នកស្លាប់​ដោយសារ​ជម្ងឺគ្រុនចាញ់​ទេ​។ លោក​រដ្ឋមន្ដ្រី បាន​លើកឡើងថា ការចូលរួមចំណែក​យ៉ាងសកម្ម​ពី​មន្ដ្រី​ពាក់ព័ន្ធ​នេះ គឺជា​ភាពចាំបាច់​បំផុត ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​គ្រុន​ជម្ងឺ​ចាញ់​ឆ្នាំ​២០១១-២០២៥ ពិសេស​គឺ​ក្នុងដំណាក់កាល​ដំបូង ត្រូវ​លុបបំបាត់​ឲ្យ​បាន​នូវ​ជំងឺគ្រុនចាញ់​ប្រភេទ​ហ្វា​ល់​ស៊ី​ប៉ា​រ៉ូម នា​ឆ្នាំ​២០២០ ព្រមទាំង​ខិតខំ​ទប់ស្កាត់​ការ​រាតត្បាត​របស់​ជំងឺគ្រុនឈាម​ឲ្យ​ទាន់ពេលវេលា រក្សា និង​ពង្រីក​អត្រា​គ្របដណ្តប់​ការផ្តល់​ថ្នាំ​ទម្លាក់​ព្រូន​ជា​សមូហភាព​ឲ្យ​នៅ​ខ្ពស់​លើសពី​៩០%​។ 
 
​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងសុខាភិបាល បាន​សរសេរ​ពីស​ម្តី​របស់លោក ម៉ម ប៊ុនហេង យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​សុំ​ផ្តួចផ្តើម​គំនិត​មួយ​និង​ជំរុញ​ឲ្យ​មន្ត្រី​ទាំងអស់​ត្រូវអនុវត្ត ដោយ​ត្រូវ​ចុះ​ជួប​ប្រជាជន​ផ្ទាល់​និង ផ្តល់​ការអប់រំ ដើម្បី​ឲ្យ​មានការ​ផ្លាស់ប្តូរ​ឥរិយាបថ ក្នុងការ​ការពារ​ជំងឺគ្រុនចាញ់ ព្រមទាំង​ធ្វើតេស្ត​ឈាម និង​ព្យាបាល​ភ្លាមៗ ដែល​ខ្ញុំ​សុំ​ហៅ​កាត់​ថា METT (Meet and Education for behavior change Test & Treat)​។ ជួយ​គ្រួសារ​កងទ័ព​ក្នុងការ​ព្យាបាល​ជំងឺគ្រុនចាញ់​។ ផ្លាស់ប្តូរ​បទពិសោធ​គ្នា​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ក្នុងការ​លុបបំបាត់​ជំងឺគ្រុនចាញ់​​ជំងឺគ្រុនឈាម​។ ត្រូវ​ត្រួត​ពិនិត្យមើល​នៅ​កន្លែង​ការដ្ឋាន​សំណង់ កន្លែង​ធ្វើ​ឡាន និង​បរិវេណ​ជំវិញ​ផ្ទះ​ដើម្បី​លុបបំបាត់​ជម្រក​មូស​ខ្លា​ជំងឺ​ដង្កូវ​ព្រូន​។ ត្រូវ​ផ្តល់​ថ្នាំ​និង​ការអប់រំ​បន្ថែម​ដល់​សាលារៀន​ពី​បញ្ហា​ជំងឺ​ដង្កូវ​ព្រូន​»​។​
 
​ទន្ទឹមនឹងនេះ ឆ្នាំ​២០១៨ កម្មវិធី​ជាតិ​ទាំងបី គឺ​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និង​កម្ម​វី​ធី​ប្រយុទ្ធ​នឹង​ជំងឺ​ដង្កូវ​ព្រូន បានធ្វើ​ឲ្យ​អត្រា​ស្លាប់​នៃ​ជំងឺគ្រុនចាញ់​បាន​ចុះ​ទាប​ជាង​សូចនាករ​ផែនការ​លុបបំបាត់​ជំងឺគ្រុនចាញ់​ឆ្នាំ​២០២០៕ 

Tag:
 ម៉ម ប៊ុនហេង​
  ខេត្តសៀមរាប​
  គ្រុនចាញ់​
© រក្សាសិទ្ធិដោយ thmeythmey.com