អត្ថបទពាណិជ្ជកម្ម
អេ អឹម ខេ សហការ​ជាមួយ​ការិយាល័យ​ឥណទាន​កម្ពុជា​(​ស៊ី​ប៊ី​ស៊ី​) ផ្ដល់​សេវាកម្ម​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​
20, Feb 2019 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​អេ​អឹម​ខេ ភីអិលស៊ី បានរៀបចំ​សន្និសីទ​សា​ព័ត៌មាន​មួយ កាលពីពេល​កន្លងទៅ ស្ដីពី​កិច្ចសហប្រតិបត្តិការ លើ​ការផ្ដល់សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ រវាង​ការិយាល័យ​ឥត​ទាន​កម្ពុជា (​ស៊ី​ប៊ី​ស៊ី​) បន្ទាប់ពី​ចុះ​អនុស្សារណៈ​យោគយល់​គ្នា រវាង​ស្ថាប័ន​ទាំងពីរ​។ សេវាកម្ម​ខាងលើនេះ ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ នៅតាម​បណ្ដា​សាខា​របស់​អេ​អឹម​ខេ តាំងតែ​ពីថ្ងៃ​ទី​២ ខែមករា ដើមឆ្នាំ​២០១៩​មកម្ល៉េះ​។
 
​ង​សន្និសីទ​សារព័ត៌មាន​នេះ ក៏មាន​ការចូលរួម​ផង​ដេរ​ពី លោក អឿ សុធា​រ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា លោក គា បូរាណ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ទាំងពីរ​ស្ថាប័ន និង​អ្នកសារព័ត៌មាន​ជាច្រើន​។​
 
​លោក អឿ សុធា​រ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា ដែល​បាន​ចូលរួម​ក្នុង​សន្និសីត​សារព័ត៌មាន​នោះ បាន​គូសបញ្ជាក់ថា ក្នុង​រយៈពេល​ជាង​៦​ឆ្នាំ​នៃ​ប្រតិបត្តិការ  ស៊ី​ប៊ី​ស៊ី បានចាប់ផ្តើម​និង​ផ្តោត​ចម្បង​ជាមួយនឹង​របាយការណ៍​ឥណទាន​អតិថិជន ដែល​អនុញ្ញាតឱ្យ​សមាជិក​របស់ខ្លួន អាច​ស្វែងយល់​ពី​អតិថិជន​របស់​ពួកគេ កាន់តែច្បាស់ និង​អាច​សម្រេចចិត្ត​ដោយ​ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ​លើ​ការផ្តល់​ឥណទាន​។  លោក អឿ សុធា​រ័ត្ន បន្ថែមទៀតថា ប្រព័ន្ធ​នេះ ក៏បាន​ជួយ​ដល់​អតិថិជន​ទូទៅ ក្នុងការ​ស្នើសុំ និង​ស្វែងយល់​ពី​ព័ត៌មាន​ឥណទាន​របស់​ពួកគេ កាន់តែ​ប្រសើរឡើង ដែល​នឹង​ជួយ​ពួកគេ​ក្នុងការ​ត្រៀមខ្លួន​សម្រាប់​ការស្នើសុំ​កម្ចី​។


 
​មិនតែប៉ុណ្ណោះ ប្រព័ន្ធ​នេះ ក៏​ចូលរួមចំណែក​ដល់​ស្ថិរភាព វិស័យ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​ផងដែរ​។ នេះ​បើតាម​លោក លោក អឿ សុធា​រ័ត្ន ដែល​បាន​បន្តទៀត​ដូច្នេះ​៖«​ដោយ​មើលឃើញ​ពី​សារសំខាន់ នៃ​របាយការណ៍​ឥណទាន​ចំពោះ​ប្រជាជន​កម្ពុជា និង​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាជន ដែល​រស់​នៅតាម​បណ្តា​ខេត្ត ទើប​ការិយាល័យ​ឥណទាន​កម្ពុជា បាន​ពង្រីក​សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ ដោយ​ធ្វើ​កិច្ច​សហប្រតិបត្តិ​អាជីវកម្ម​ជាមួយ​ដៃគូ​យុទ្ធសាស្ត្រ គឺ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ដែលមាន​សាខា​ជាង​១៥០ ទូទាំងប្រទេស ក្នុង​ការផ្តល់​សេវាកម្ម​នេះ​។  ជំ​ហ៊ាន​ដំបូង យើង​ដាក់​ឲ្យ​ដំណើរការ នៅតាម​សាខា​របស់​អេ​អឹម​ខេ ចំនួន​៥ និង​គ្រោង​ពង្រីក​ឲ្យ​បាន​ទូទាំងប្រទេស នៅ​ដំណាច់ឆ្នាំ​២០១៩​នេះ​»​។​
​គួររំលឹកថា សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ គឺជា​សេវាកម្ម​មួយ​របស់​ស៊ី​ប៊ី​ស៊ី ដែល​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ អាច​ពិនិត្យមើល​របាយការណ៍​ឥណទាន ឬ​លទ្ធភាព​ក្នុងការ​ប្រើប្រាស់​ឥណទាន​ដោយ​ខ្លួនឯង តាមរយៈ​ភ្នាក់ងារ​ដៃគូ​យុទ្ធសាស្ត្រ​របស់​ស៊ី​ប៊ី​ស៊ី​។ ដើម្បី​ប្រើប្រាស់​សេវា​កម្មនេះ អតិថិជន​គ្រាន់តែ​យក​អត្តសញ្ញាណ​បណ្ណ ឬ​លិខិតឆ្លងដែន​ច្បាប់ដើម​ដែលមាន​សុពលភាព ហើយ​អញ្ជើញ​ទៅកាន់​សាខា​ទាំង​៥ របស់​គ្រឹះស្ថាន​មីក្រូ​ហិញ្ញ​វត្ថុ អេ​អឹម​ខេ ភីអិលស៊ី​ដូចជា​ទីស្នាក់ការ​កណ្តាល សាខា​ខណ្ឌ​ពោធិ៍​សែន​ជ័យ សង្កាត់​ចោមចៅ​៣ សាខា​កំពង់ចាម សាខា​ខេត្តកណ្តាល និង​សាខា​ខេត្តសៀមរាប​។​


 
​លោក គា បូរាណ ប្រធាន​នាយក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ដែលមាន​វត្តមាន​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នោះ ក៏បាន​បញ្ជាក់​ផងដែរ ពី​ក្តី​រីករាយ​របស់​ស្ថាប័ន​ខ្លួន ក្នុងឱកាស​នេះ​។ លោក គា បូរាណ បាន​មានប្រសាសន៍ថា  អេ​អឹម​ខេ មាន​ក្តី​សោមនស្ស​រីករាយ​ជាខ្លាំង ដោយបាន​ចាប់ដៃ​គូ​សហ​ប្រតិ​ប​ត្ដិ​ការ ជាមួយ​ការិយាល័យ​ឥណទាន​កម្ពុជា​(​ស៊ី​ប៊ី​ស៊ី​) ក្នុងការ​បម្រើសេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​កម្ពុជា ឱ្យបាន​រឹតតែ​ទូលំទូលាយ តាមរយៈ​ការស្នើសុំ​ត្រួតពិនិត្យ​របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន នៅតាម​សាខា​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ​។ បើតាម​លោក លោក គា បូរាណ បច្ចុប្បន្ន អេ​អឹម​ខេ បានផ្តល់​សេវា​ទៅដល់​អតិថិជន​ជាង​៧៦​ម៉ឺន​នាក់ និង​មាន​សាខា​គ្របដណ្តប់ គ្រប់​ស្រុក និង​ឃុំ ទូទាំងប្រទេស​។ «​សេវា​ហិរញ្ញវត្ថុ​មួយ​នេះ នឹង​ជួយ​ដល់​អតិថិជន ក្នុងការ​ស្វែងយល់​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់ខ្លួន លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​ត្រៀមខ្លួន​រួចរាល់​ប្រកបដោយ​ការទទួលខុសត្រូវ ក្នុងការ​ទទួលបាន​ប្រាក់កម្ចី ពី​ស្ថាប័នហិរញ្ញវត្ថុ​»​។ លោក គា បូរាណ ប្រធាន​នាយក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បាន​បន្ថែម​ដូច្នេះ 
 
​សូមបញ្ជាក់​ផងដែរ​ថា ចាប់តាំងពី​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០១២ ស៊ី​ប៊ី​ស៊ី បាន​បម្រើ​ដល់​សមាជិក និង​អតិថិជន ជាមួយនឹង​សេវាកម្ម​ស្នូល គឺ​របាយការណ៍​ឥណទាន​អតិថិជន​។​ប្រព័ន្ធ​នេះ បាន​ចូលរួមចំណែក​ជា​ប្រយោជន៍​យ៉ាងច្រើន ដល់​ភាគី​ពាក់ព័ន្ធ រួមមាន​ប្រជាជន ស្ថាប័នហិរញ្ញវត្ថុ និង​វិស័យ​ហិរញ្ញវត្ថុ​ទាំងមូល​៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com