កីឡាអន្តរជាតិ
អន្តរជាតិ
ជុំវិញការផ្ទេ Sala៖ Cardiff ពន្យារពេលបង់ប្រាក់ ១៩លានដុល្លារ ទៅ Nantes
× ក្លិប Cardiff City ពន្យារពេលបង់ថ្លៃផ្ទេរបស់កីឡាករ Emiliano Sala ក្នុងចំនួនទឹកប្រាក់ ១៥លានផោន (ជាង១៩លានដុល្លារអាមេរិក) រហូតដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្លិបដែលមានមូលដ្ឋានក្នុងក្របខណ្ឌ Premier League នេះត្រូវដល់ពេលកំណត់ទូទាត់ប្រាក់លើកទីមួយទៅឲ្យក្លិប Nantes នៅថ្ងៃទី២០ ខែកុម្ភៈ ប៉ុន្តែក្លិបទាំងពីរបានព្រមព្រៀងគ្នាពន្យារពេលក្នុងរយៈមួយសប្ដាហ៍។ នេះបើតាមការផ្សាយរបស់ BBC Wales Sport។
Sala ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនវ័យ ២៨ ឆ្នាំ បានយល់ព្រមចុះហត្ថលេខាដើម្បីផ្លាស់ទៅចូលរួមជាមួយ Cardiff ក្នុងតម្លៃកំណត់ត្រាពីក្រុមនៃក្របខណ្ឌ Ligue 1 បារាំង Nantes កាលពីខែមករាកន្លងទៅ។
ជាអកុសល Sala បានស្លាប់ដោយការធ្លាក់យន្តហោះជាមួយពីឡុតម្នាក់ទៀតឈ្មោះ David Ibbotson អំឡុងពេលអ្នកទាំងពីរធ្វើដំណើរពីប្រទេសបារាំងទៅក្រុង Cardiff ប្រទេសវែលិ៍ កាលពីថ្ងៃទី២១ ខែមករា។ សាកសពរបស់ Sala ត្រូវបានក្រុមអ្នករុករកស្រង់ឡើងពីបាតសមុទ្រ នឹងដឹកយកទៅអាហ្សង់ទីន ដើម្បីធ្វើបុណ្យតាមប្រពៃណី នៅថ្ងៃទី១៦ ខែកុម្ភៈ។
នេះក៏ជាការខាតបង់ធំបំផុតសម្រាប់ក្លិបដែលមានម្ចាស់ជាជនជាតិម៉ាឡេស៊ីនេះ ព្រោះត្រូវត្រូវគោរពតាមកិច្ចសន្យាដោយបង់ប្រាក់ពេញតែម្តង។
ក្លិប Nantes បានសរសេរលិខិតផ្ញើទៅ Cardiff ដោយមានសំណើសម្រាប់ការបង់ប្រាក់ជាលើកដំបូង ក្នុងចំណោមការបង់ប្រាក់ទាំង៣លើក នៅថ្ងៃទី២០ ខែកុម្ភៈ។
ប៉ុន្តែខាង Cardiff បានស្នើពន្យារពេលវិញ ដ្បិតពួកគេកំពុងស្វែងរកការបំភ្លឺទាក់ទងនឹងព័ត៌មានលម្អិតអំពីគ្រោះថ្នាក់របស់ Sala ហើយត្រូវរង់ចាំរហូតដល់ការស៊ើបអង្កេតជុំវិញការធ្លាក់យន្តហោះបញ្ចប់ដោយជោគជ័យ៕
Tag:
បាល់ទាត់
Emiliano Sala
© រក្សាសិទ្ធិដោយ thmeythmey.com