កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo៖ «ខ្ញុំឈ្នះ Champions League ៥ដង តែ AT-Madrid សូន្យ» Cristiano Ronaldo លើកម្រាមដៃ៥ បង្ហាញទៅអ្នកគាំទ្រ AT-Madrid
× ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានឆ្លើយតបចំពោះការបរាជ័យរបស់ Juventus ក្រោមថ្វីជើង Atletico Madrid ដោយរំលឹកគ្រប់គ្នាថាខ្លួនឈ្នះពាន Champions League ចំនួន៥ដងមកហើយ ខណៈក្រុមពីអេស្ប៉ាញនេះមិនទាន់លើកពាននេះម្តងឡើយ។
អតីតសមាជិកក្រុម Real Madrid រូបនេះបានវិលត្រលប់ទៅកាន់ទីក្រុងម៉ាដ្រីឌ ប៉ុន្តែទទួលបានត្រឹមការខកចិត្តប៉ុណ្ណោះ ដ្បិតត្រូវក្រុមរបស់លោក Diego Simeone យកឈ្នះក្រុមជើងឯកអ៊ីតាលីក្នុងលទ្ធផល ២-០ នាជំនួបជើងទី១ វគ្គ១៦ក្រុម នៃក្របខណ្ឌកំពូលអ៊ឺរ៉ុប នៅថ្ងៃទី២០ ខែកុម្ភៈ។
ទោះបីត្រូវបានគេចាត់ទុកថាជាក្រុមខ្លាំងមួយនៅតំបន់អឺរ៉ុប និងមានសមាសភាពកីឡាករល្អៗច្រើនក្តី តែ Juventus នៅតែមិនអាចរកគ្រាប់បាល់សម្រាប់ក្រុមបាននាជំនួបនោះ។
យ៉ាងណាក៏ដោយ អំឡុងពេលនៅលើទីលាន Wanda Metropolitano ក្រោយចប់ការប្រកួត Ronaldo បានលើកម្រាមដៃប្រាំ បង្ហាញទៅកាន់អ្នកគាំទ្រ AT-Madrid។ កាយវិការបែបនេះ ត្រូវបានគេព្យាករណ៍ថាខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ វ័យ៣៤ឆ្នាំចង់ប្រាប់អ្នករាល់គ្នាពីចំនួនពាន Champions League ដែលរូបគេធ្លាប់ឈ្នះ ក្នុង៤លើកជាមួយក្រុមយក្សអេស្ប៉ាញ Real និងជាមួយ Manchester United មួយលើក។
ឆ្លើយនឹងសំនួរអ្នកការសែតជុំវិញការលើកម្រាមប្រាំនោះ Ronaldo ពិតជាបាននិយាយដូច្នេះថា៖«ខ្ញុំបានឈ្នះជើងឯកក្របខណ្ឌ Champions League ៥លើក ហើយពួកគេសូន្យ»៕
Tag:
បាល់ទាត់
UEFA Champions League
Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com