ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន៖ ជំងឺឆ្លង ដែលកើតចេញពីអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា បានកើនឡើង រូបពី AFP
× ភ្នំពេញ៖ ការបន្តកើនឡើងនៃអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា បានក្លាយជាកង្វល់ថ្មីមួយនៅក្នុងសង្គម។ ហើយការលេចឡើងនៃការរីករាលដាលជំងឺឆ្លង ពីបុរសដែលស្រឡាញ់ភេទដូចគ្នាបានចាប់ផ្តើមកើនឡើង។ នេះជាការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។
សម្តេច ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះថា៖«ការរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នា មិនត្រូវមានទេ។ ប៉ុន្តែយើងមានបញ្ហាដែលសង្គមមិនទាន់យល់ជ្រាបពីការស្រឡាញ់ភេទដូចគ្នាហើយ ថែមទាំងមានជំងឺអេសដ៍ថែមទៀត។ វាកាន់តែធ្វើឱ្យយើងលំបាក។ យើងមិនឈានដល់ការធ្វើច្បាប់ ដើម្បីឱ្យមានការរៀបអាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាបានទេ។ ប៉ុន្តែយើងក៏មិនបានយកទោសពៃអ្វីពីអ្នកទាំងនោះដែរ។ ដូច្នេះ បើគ្មានច្បាប់ ក៏គ្មានបញ្ហាសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នានោះដែរ»។
ប្រមុខរដ្ឋាភិបាល ស្នើដល់អ្នកស្រឡាញ់ភេទដូចគ្នាទាំងបុរស និងស្ត្រី ត្រូវតែយកចិត្តទុកដាក់ ទប់ស្កាត់កុំឱ្យចម្លងជំងឺ ពិសេសជំងឺអេដស៍ទៅអ្នកដទៃថែមទៀត។ ជាថ្មីម្តងទៀត មេដឹកនាំកម្ពុជា ក៏បានស្នើ និងអំពាវនាវ ដល់ឪពុក-ម្តាយ និងសង្គម កុំឲ្យរើសអើងកូនៗដែលស្រឡាញ់ភេទដូចគ្នា ក៏ដូចអ្នកស្រឡាញ់ភេទដូចគ្នាផ្សេងទៀតក្នុងសង្គម។
បច្ចុប្បន្ន អត្រាជំងឺអេដស៍នៅកម្ពុជា បានធា្លក់ចុះ មកនៅត្រឹម០,៦ភាគរយ ដែលឈានដល់ការសម្រេចគោលក្នុងឆ្នាំ២០២៥ គឺធ្លាក់នៅក្នុងអត្រាសូន្យភាគរយ នៃអ្នកកើតអេដស៍ និងផ្ទុកមេរោគអេដស៍៕
Tag:
អេដស៍
អ្នកស្រឡាញ់ភេទដូចគ្នា
© រក្សាសិទ្ធិដោយ thmeythmey.com