ពីនេះ ពីនោះ
«ប្រឹក្សា»មានន័យខុសគ្នាពីពាក្យ«ពិភាក្សា» និង«ពិគ្រោះ» លោក ច័ន្ទ សំណព្វ ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ
× «ប្រឹក្សា»,«ពិភាក្សា» និង«ពិគ្រោះ» ជាពាក្យដែលមហាជនសុទ្ធតែបានប្រើប្រាស់។ ពាក្យទាំងអស់នេះ គឺសុទ្ធតែសំដៅលើការផ្លាស់ប្តូរយោបល់ ការជជែកដេញដាល និងការសួរនាំ។ លោក ច័ន្ទ សំណព្វ ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ពន្យល់ពាក្យទាំង៣នេះ គឺសម្រាប់ប្រើក្នុងតួនាទីខុសៗគ្នា។
លោក ច័ន្ទ សំណព្វ បញ្ជាក់ថា ពាក្យ «ប្រឹក្សា» គឺសំដៅដោយបុគ្គលណាម្នាក់ដែលផ្តល់យោបល់ឲ្យបុគ្គលណាម្នាក់ទៀតដែលគេងឿងឆ្ងល់។ តួនាទីជាអ្នកទីប្រឹក្សា គឺជាអ្នកផ្តល់យោបល់ដល់អ្នកដែលត្រូវការយោបល់ក្នុងការសម្រេចធ្វើអ្វីមួយ ផ្តល់យោបល់ដល់អ្នកដែលគេចោទសួរ ដើម្បីទទួលបានគំនិតបន្ថែមទៀត។
សម្រាប់ពាក្យ «ពិភាក្សា» គឺការជជែកគ្នា រវាងមនុស្សពីរនាក់ និងច្រើននាក់ ដើម្បីចែករំលែកគំនិតគ្នាទៅវិញទៅមក និងទទួលបានបទពិសោធន៍ពីគ្នាទៅទៅវិញមកផងដែរ។
ចំណែក «ពិគ្រោះ» គឺជាជជែកវែកញែកអំពីបញ្ហាដែលកើតឡើងចំពោះខ្លួន។ ឧទាហរណ៍៖ អ្នកមានជំងឺបាក់ទឹកចិត្ត ត្រូវពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញផ្នែកចិត្តសាស្ត្រ ដើម្បីទទួលបានពីរបៀបគ្រប់គ្រងផ្លូវចិត្តឲ្យធូរស្បើយឡើងវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com