ជាតិ
ក្រសួងកសិកម្ម ប្រាប់ឲ្យមន្ត្រីជំនាញទប់ស្កាត់ភ្លើងឆេះព្រៃលិចទឹក និងព្រៃកោងកាង នៅរដូវប្រាំង
× ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់ឲ្យមន្ត្រីជំនាញទប់ស្កាត់ភ្លើងឆេះព្រៃលិចទឹក និងព្រៃកោងកាង នៅរដូវប្រាំង ខណៈកម្ពុជានឹងទទួលរងនូវបាតុភូត អែលនីណូ ដែលបង្កឲ្យឡើងកម្ដៅខ្លាំង។
កម្ពុជានឹងទទួលរងនូវបាតុភូត អែលនីណូ ដែលបង្កឲ្យមានអាកាសធាតុនៅរដូវប្រាំងនេះ មានភាពហួតហែង សីតុណ្ណភាពអាចឡើងដល់៤០ទៅ៤២អង្សា នៅដើមឆ្នាំ២០១៩។ ស្ថានភាពបែបនេះ នឹងងាយបង្កឲ្យមានភ្លើងឆេះព្រៃលិចទឹក និងព្រៃកោងកាង ហើយអាចបណ្ដាលឲ្យបឹងព្រែកអាចប្រឈមនឹងការគោក រីងរាក់ កង្វះអុកស៊ីសែនក្នុងទឹកសម្រាប់ត្រី និងជាហេតុបណ្ដាលឲ្យពុលត្រីងាប់។ នេះបើតាមសេចក្តីណែនាំរបស់ក្រសួងកសិកម្ម។
ដើម្បីបញ្ចៀសនូវបញ្ហានេះ ក្រសួងកសិកម្ម ប្រាប់ឲ្យមន្ត្រីជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់ចាត់វិធានការការពារ ទប់ស្កាត់ភ្លើងឆេះព្រៃលិចទឹកនិងព្រៃកោងកាង និងកិច្ចអន្តរាគមន៍សង្គ្រោះត្រីក្នុងតំបន់អភិរក្សជាបន្ទាន់ ដូចជា៖ ទប់ស្កាត់ និងបង្ការការកាប់ឆ្ការដុតរានព្រៃលិចទឹក ដើម្បីអភិវឌ្ឍន៍ដំណាំកសិកម្ម ការធ្វើកសិកម្មពនេចរ និងការតាំងទីលំនៅថ្មីដោយវាទយកដីធ្វើជាកម្មសិទិ្ធមិនស្របច្បាប់។ ទប់ស្កាត់ការដុតព្រៃលិចទឹកដើម្បីចាប់សត្វ។
ជាពិសេសអាជ្ញាធរ និងមន្ត្រីជំនាញ ត្រូវរៀបចំជម្រកត្រីដោយប្រើកំផ្លោកចងព័ទ្ធដាក់នៅក្នុងអន្លង់ជ្រៅៗ ឬពង្រាយឲ្យបានច្រើនកន្លែងក្នុងកន្លែងអភិរក្សជលផល។ បន្ថែមពីនេះអាជ្ញាធរត្រូវត្រៀមម៉ាស៊ីនបូមទឹកទៅលើបរិយាកាស ឲ្យធ្លាក់នៅលើបន្ទះក្ដារ ដើម្បីឲ្យមានអុកស៊ីសែនដល់ត្រីនៅកន្លែងអភិរក្សជលផល ហើយត្រូវការពារឲ្យបានម៉ឺងម៉ាត់ នូវសកម្មភាពរបស់ប្រជាពលរដ្ឋ ចូលធ្វើនេសាទក្នុងកន្លែងអភិរក្សជលផលផង។ នេះបើតាមក្រសួងកសិកម្ម៕
Tag:
ទប់ស្កាត់
ភ្លើងឆេះ
ព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com