ជាតិ
សង្គមជាតិ
មនុស្ស​ទៅ​ពិគ្រោះ និង​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​កាន់តែច្រើន នាយក​ប៉ាស្ទ័រ​អះអាងថា​វ៉ាក់សាំង​មាន​គ្រប់​ចំនួន​
22, Feb 2019 , 4:05 pm        
រូបភាព
​ភ្នំពេញ​៖ នាយក​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​អះអាងថា វ៉ាក់សាំង​បង្ការ​ជំងឺ​ឆ្កែឆ្កួត មាន​គ្រប់​ចំនួន​សម្រាប់​ផ្គង់​ផ្គង់ ដោយ​មិនមាន​បញ្ហា​អ្វី​នោះឡើយ​។ លោក Didier Fontenille បានបញ្ជាក់​យ៉ាង​ដូច្នេះ បន្ទាប់ពី​មនុស្ស​ជាច្រើន​បាននាំគ្នា​ទៅ​ពិគ្រោះ​ជំងឺ​នៅ​ស្ថាប័ន​របស់លោក​។

 
«​វិទ្យាស្ថាន​ប៉ាស្ទ័រ​យើងខ្ញុំ កំពុង​ព្យាយាម​ធ្វើ​ឲ្យ​ល្អ​បំផុត​សម្រាប់​អ្នក​គ្រប់គ្នា និង​សូម​ផ្តល់​អាទិភាព​ពិគ្រោះ​ជូន​អ្នក​ដែល​អញ្ជើញ​មកចាក់​បន្ត (​លើក​ទី​២ និង​ទី​៣) អ្នក​ដែលមាន​មុខរបួស​ដោយ​ឆ្កែ​ខាំ​ធ្ងន់ធ្ងរ កុមារ​តូចៗ ព្រះសង្ឃ ជនពិការ មនុស្ស​ចាស់ជរា និង​ស្ត្រី​មាន​ផ្ទៃពោះ​»​។ នេះ​ជាការ​ពន្យល់​របស់ លោក Didier Fontenille នាយក​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។​
 
​លោក Didier បាន​បន្ថែមថា មជ្ឈមណ្ឌល​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា មាន​វ៉ាក់សាំង​គ្រប់​ចំនួន​សម្រាប់​ផ្គត់ផ្គង់ ប៉ុន្តែ​លោក​សុំ​ការ​អធ្យាស្រ័យ​ចំពោះ​សេវាកម្ម​យឺតយ៉ាវ ដោយសារតែ​ចំនួន​មនុស្ស​ដែល​ទៅ​ពិគ្រោះ​ជំងឺ មាន​ចំនួន​ច្រើន​។​
 
​នា​រយៈពេល​ចុងក្រោយ ពលរដ្ឋ​ជាច្រើន​បាន​សម្រុក​ទៅ​ចាក់​ថ្នាំ​បង្ការ នៅ​វិ​ទ្យ​ស្ថាន​ប៉ាស្ទ័រ​។ ការ​សម្រុក​ទៅ​ចាក់​ថ្នាំ​បង្ការ​របស់​ពលរដ្ឋ​នេះ ធ្វើឡើង​ក្រោយ​មាន​ករណី​ក្មេងស្រី​ម្នាក់​បាន​ស្លាប់​ដោយសារ​ឆ្មា​ខាំ កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង​។ ក្មេងស្រី​រូបនេះ​ត្រូវ​ឆ្មា​ខាំ​តាំងពីដើម​ខែធ្នូ ឆ្នាំ​២០១៨ ប៉ុន្តែ​ឪពុកម្ដាយ​មិនបាន​ចាក់​ថ្នាំ​ការពារ នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ទេ​។​
 
​ជាមួយគ្នានេះ​ផងដែរ លោក Didier ស្នើ​សាធារណជន​ជឿទុកចិត្ត​លើ​ការណែនាំ​របស់​ក្រុមការងារ និង​ក្រុមគ្រូពេទ្យ​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ ជាជាង​ព័ត៌មាន​មិន​ពិត​មួយចំនួន​នៅលើ​បណ្តាញ​សង្គម​៕
 

Tag:
 ឆ្កែឆ្កួត
© រក្សាសិទ្ធិដោយ thmeythmey.com