ជាតិ
NOCC នឹង​បោសសម្អាត​បញ្ហា​សហព័ន្ធ​កីឡា​ណា ដែល​កាត់លុយ​ពី​កីឡាករ​ជម្រើសជាតិ​ខ្លួន​
22, Feb 2019 , 8:59 pm        
រូបភាព
រូបពីហ្វេសប៊ុកគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC
រូបពីហ្វេសប៊ុកគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ព្រមាន​ចាត់វិធានការ​លើ​ស្ថាប័ន​សហព័ន្ធ​កីឡា​ណា ដែល​កាត់លុយ​ពី​កីឡាករ​ជម្រើសជាតិ​ខ្លួន នៅពេល​ពួកគេ​ទទួលបាន​ប្រាក់រង្វាន់ ក្រោយ​ត្រឡប់​ពី​ការប្រកួត​តំណាង​ជាតិ​វិញ​។​

 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC បាន​និយាយថា លោក​មិនទាន់មាន​ព័ត៌មាន​ច្បាស់ការ​ពី​រឿង​កាត់លុយ​កីឡាករ​ឡើយ ដោយ​លោក​គ្រាន់តែ​ធ្លាប់​ឭ​ពី​បញ្ហា​នេះ​ប៉ុណ្ណោះ​។ ថ្លែង​ចំពោះមុខ​អ្នកកាសែត លោក វ៉ា​ត់ ចំរើន ចាត់ទុក​បញ្ហា​នេះ គឺជា​ចំណុច​អាក្រក់​ក្នុង​វិស័យ​កីឡា ដែល​ត្រូវ​ដោះស្រាយ និង​បោសសម្អាត​នាពេលខាងមុខ​។​
 
 
​អគ្គលេខាធិការ NOCC រូបនេះ បាន​ថ្លែង​ក្រោយ​មហាសន្និបាត​បូក​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០១៩ កាលពី​ថ្ងៃទី​២១ កុម្ភៈ យ៉ាង​ដូច្នេះ​ថា​៖«​បញ្ហា​នេះ គឺ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានទទួល​ព័ត៌មាន​មិន​ច្បាស់ការ​ជាច្រើន នៅក្នុង​ការងារ​នេះ ហើយ​មាន​សហព័ន្ធ​មួយចំនួន ដែល​ឮសូរ​ថា​កាត់លុយ​ពី​កីឡាករ​ជម្រើសជាតិ​របស់ខ្លួន​។

អ៊ីចឹង​ទេ រឿងនេះ​វា​គ្រាន់តែ​ស្ថិតនៅក្នុង​ការស្រមើស្រមៃ និង​ជា​ពាក្យ​ច​ចាម​អារាម​នៅឡើយ​ទេ​។ ប៉ុន្តែ​ចាប់ពីពេលនេះ​តទៅ ក្រោយពី​មហាសន្និបាត​នេះ គឺ​ត្រូវតែ​សម្អាត​ឲ្យ​អស់​រាល់​បញ្ហា ដែលមាន​នៅក្នុង​កីឡា​របស់​យើង ហើយ​ចាត់វិធានការ​ព្យាបាល និង​វះកាត់​បណ្ដើរៗ​…»​។​
 
​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សហការ​ជាមួយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជាតិ​ហ្វឹកហ្វឺន ដើម្បី​កំណត់​មុខសញ្ញា និង​ប្រមូលយក​សក្ខី​កាម​ឲ្យ​បាន​ច្បាស់​លើ​បញ្ហា​កាត់លុយ​ពី​កីឡាករ​ក្រោយពេល​ត្រឡប់​ពី​ការប្រកួត​វិញ​នេះ ។​
 
​លោក វ៉ា​ត់ ចំរើន បាន​និយាយ​ដូច្នេះ​ថា​៖«​យើង​មិនអាច​ទុក​បញ្ហា​(​កាត់លុយ​កីឡាករ​)​នេះ​ចោល​បាន​នោះទេ ។ អ៊ីចឹង​ហើយ​ការដាក់ចេញ​នូវ​មហាសន្និបាត​យុទ្ធនាការ ក្នុងការ​ព្យាបាល​វះកាត់​នេះ គឺ​យើង​នឹង​សម្អាត​ឲ្យ​អស់​នៅ​ឆ្នាំ​២០១៩ រាល់​សកម្មភាព​ទាំងឡាយណា ដែល​វា​ជះឥទ្ធិពល​ដល់​ដំណើរការ​នៃ​ការអភិវឌ្ឍ​នៅក្នុង​វិស័យ​ជំនាញ​របស់ខ្លួន ។ រឿងនេះ យើង​គិតថា នឹង​ត្រូវធ្វើ​ក្នុងពេល​ឆាប់ៗ​នេះ​»​។​
 
​គួរ​បញ្ជាក់ដែរថា រាល់​កីឡាករ​ទាំងអស់ ដែល​ចេញទៅ​ប្រកួត​នៅក្នុង​កម្មវិធី​ថ្នាក់​តំបន់ ឬ​អន្តរជាតិ​ធំៗ គឺ​ពួកគេ​តែងតែ​ទទួលបាន​ប្រាក់​ឧ​ត្ថ​ម្ភ​លើកទឹកចិត្ត​ពី​សំណាក់​ប្រមុខ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ បន្ថែម​លើ​ពានរង្វាន់ ដែល​ពួកគេ​ទទួលបាន​ពី​ការប្រកួត​ផងដែរ​៕  

Tag:
 វ៉ា​ត់ ចំរើន​
  ថោង ខុន​
  NOCC
© រក្សាសិទ្ធិដោយ thmeythmey.com