ជាតិ
សេដ្ឋកិច្ច
អនុប្រធាន​ទូត​អាមេរិក​៖ ក្រុមហ៊ុន​អាមេរិក ខុសពី​ក្រុមហ៊ុន​ផ្សេងទៀត ដែល​រកស៊ី​នៅ​កម្ពុជា
22, Feb 2019 , 10:19 pm        
រូបភាព
​លោក Michael Newbill អនុប្រធាន​បេសកកម្ម​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​លើកឡើងថា ក្រុមហ៊ុន​អាមេរិក​តំណាង​ឲ្យ​គុណ​តម្លៃ​របស់​អាមេរិក ហើយ​នាំមក​នូវ​ផលិតផល​ល្អ មាន​ស្តង់ដា​ខ្ពស់ តម្លាភាព និង​ការគោរព​ច្បាប់​។ ក្រុមហ៊ុន​អាមេរិក​ខុសពី​ក្រុមហ៊ុន​ជាច្រើន​ទៀត​ដែល​រកស៊ី នៅក្នុង​តំបន់ និង​ក្រុមហ៊ុន​ជាច្រើន​នៅ​កម្ពុជា ក្នុងពេល​បច្ចុប្បន្ននេះ​។


 
​ស្ថានទូត​អាមេរិក បានរៀបចំ​សិក្ខាសាលា​មួយ នា​រសៀល​ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ដែល​និយាយ​ពី «​អាកាសចរណ៍ និង​អនុសញ្ញា​ទីក្រុង Cape Town» ដើម្បី​បង្ហាញ​ពី​អត្ថប្រយោជន៍​នៃ​អនុសញ្ញា Cape Town និង​ប្រភព​ហិរញ្ញប្បទាន​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងប្រទេស​កម្ពុជា​។ កម្មវិធី​នេះ ក៏មាន​ការចូលរួម​ពី​ក្រុមហ៊ុន​អាមេរិក​ច្រើន​ផងដែរ​។  
 
​លោក Michael Newbill បាន​លើ​ឡើង​ក្នុង​សិក្ខាសាលា​ថា​៖«​ខ្ញុំ​សូម​លើកទឹកចិត្ត​ឲ្យ​លោកអ្នក​ទាំងអស់​ពិចារណា​ថា តើន​រណា​អាចជា​ដៃគូ​ល្អ​បំផុត​សម្រាប់​អ្នក និង​សម្រាប់​រយៈពេល​យូរអង្វែង​។ ក្រុមហ៊ុន​ដែល​មកនេះ ស្វែងរក​អតិថិជន តែ​គេ​ក៏​រក​ដៃគូ​យូរអង្វែង​ដែរ​»​។ 
 
​អនុប្រធាន​ទូត​រូបនេះ បន្តថា សេដ្ឋកិច្ចកម្ពុជា កំពុង​តែមាន​កំណើន​យ៉ាង​ឆាប់រហ័ស ហើយក៏​កំពុងតែ​ធ្វើ​ពាណិជ្ជកម្ម​នៅ​ទីផ្សារ​អន្តរជាតិ​ផងដែរ ដូច្នេះ​កម្ពុជា​ត្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​អាកាសចរណ៍​ទំនើប ដើម្បី​ទ្រទ្រង់​ដល់​ពាណិជ្ជកម្ម និង​ពង្រឹង​វិស័យ​ទេសចរណ៍​របស់ខ្លួន​។ 
 
​លោក​បញ្ជាក់ថា នេះ​ជា​ឱកាសល្អ​សម្រាប់​កម្ពុជា ដើម្បី​ពង្រឹង​វិស័យ​អាកាសចរណ៍ ដើម្បី​ជួយ​ដល់​កំណើន​នៃ​វិស័យ​ទេសចរណ៍​ក្នុងប្រទេស​កម្ពុជា​។ លោក អះអាងថា អនុសញ្ញា​នេះ អាច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា​ជួល ឬ​ទិញ​យន្តហោះ និង​ឧទ្ធម្ភាគចក្រ​បាន​ក្នុង​តម្លៃថោក ជាមួយ​បច្ចេកទេសផ្នែក​អាកាសចរណ៍​ចុងក្រោយ នៅលើ​ទីផ្សារ​។​
 
​គួររម្លឹកថា ប្រទេស​កម្ពុជា​ទទួលបាន​ទេសចរ​ប្រមាណ ៦​លាន​នាក់ កាលពី​ឆ្នាំ ២០១៨ ហើយ​រដ្ឋាភិបាល គ្រោង​នឹង​ទទួលភ្ញៀវ​ទេសចរ​១២​លាន​នាក់ ត្រឹម​ឆ្នាំ​២០២៥៕

Tag:
 Michael Newbill
  អាមេរិក​
  ក្រុមហ៊ុន​
© រក្សាសិទ្ធិដោយ thmeythmey.com