ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ដែន ហូ​ន ឈប់​ធ្វើ​សំណង់​មក​ដាំ​បន្លែ​ក្រោយ​ផ្ទះ​រកចំណូលបាន​៤​ទៅ​៥​ពាន់​ដុល្លារ​ក្នុង​មួយឆ្នាំ​
23, Feb 2019 , 1:59 pm        
រូបភាព
​សៀមរាប​៖ លោក ដែន ហូ​ន ជា​កសិករ​នៅ​ភូមិ​លាងដៃ សង្កាត់​នគរធំ ក្រុង​សៀមរាប​។ ដើមឡើយ​លោក​ជា​កម្មករសំណង់ តែដោយសារ​របរ​នេះ​មិនបាន​ផ្តល់​ចំណូល​ឱ្យបាន​គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹម​គ្រួសារ ទើប​លោក ដែន ហូ​ន បាន​ងាក​មក​ដាំ​បន្លែ​វិញ គឺ​តាម​ការណែនាំ​ពី​អង្គ​ការដែល​ចុះទៅ​បង្រៀន​នៅតាម​ភូមិ​។ ការខិតខំ​ប្រឹងប្រែង និង​សាកល្បង​ដាំ​បន្លែ​របស់​កសិករ​រូបនេះ បាន​ផល​ជា​បន្តបន្ទាប់ រហូត​ក្លាយជា​កសិករ​មួយ​ដែល​អាច​ចាត់ទុកថា​ជោគជ័យ​ក្នុង​វិស័យ​កសិកម្ម​។ សព្វថ្ងៃ កសិករ ដែន ហូ​ន ទទួលផល​ពី​ការដាំ​ដំណាំ​ផ្សេងៗ​ក្នុង​មួយថ្ងៃ​ប្រមាណ ៤០​ទៅ​៥០ ម៉ឺន​រៀល និង​ប្រមាណ​ពី ៤​ទៅ​៥​ពាន់​ដុល្លារ​ក្នុង​មួយឆ្នាំ​។

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប ដូចតទៅ​




 
​ភូមិ​លាងដៃ ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​អង្គរធំ​នៃ​រមណីយដ្ឋាន​អង្គរ​។ អ្នកភូមិ​នេះ​មាន​របរ​ភាគច្រើន​ធ្វើស្រែ​ចម្ការ ខ្លះ​លក់ដូរ និង​មួយចំនួនទៀត​ជា​កម្មករ​តាម​ប្រាសាទ និង​ក្នុង​ក្រុង​។ និយាយ​ពី​ការដាំ​បន្លែ​វិញ អ្នកភូមិ​នេះ​ក៏​ប្រសព្វ​ទៅនឹង​ការងារ​នេះដែរ ជា​ការដាំ​លក្ខណៈ​គ្រួសារ​ក៏មាន ការដាំ​ជា​លក្ខណៈ​អាជីវកម្ម​ទ្រង់ទ្រាយ​ធំៗ​ក៏មាន​។ 


 
​លោក ដែន ហូ​ន អាយុ​៣៥​ឆ្នាំ បានចាប់ផ្តើម​ដាំ​បន្លែ​ផ្គត់ផ្គង់​នៅ​ទីផ្សារ​នៅក្នុង​ឆ្នាំ​២០១៤​។ លោក​ចាប់​អាជីព​មួយ​នេះ ក្រោយ​ឈប់​ពី​ការងារ​សំណង់ ដែល​លោក​ថា ជួបតែ​មេការ​បោកប្រាស់ មិន​ព្រម​បើកប្រាក់​ឈ្នួល​ឱ្យ​ជារឿយៗ ធ្វើឱ្យ​លោក​គ្មាន​កម្លាំង​បន្តការងា​នេះ​តទៅទៀត​។ ដោយ​ជាប់​ក្នុង​បញ្ជី​ជនក្រីក្រ​ក្នុងភូមិ គ្រួសារ​លោក ដែន ហូ​ន ទទួលបាន​ការបណ្ដុះបណ្តាល​ផ្នែក​កសិកម្ម ក៏ដូចជា​គម្រោង​ចិញ្ចឹមសត្វ ដែល​ចុះ​បង្រៀន​ដោយ​អង្គការ​តាម​គម្រោង​។ លោក ដែន ហូ​ន រម្លឹកថា ដាំ​បន្លែ​ដំបូង​ពិបាក​បន្ដិច​ដ្បិត​ត្រូវ​រៀន​ពី​បច្ចេកទេស​ច្រើន តែ​ធ្វើ​យូរ​ទៅ លោក​ហាក់​ថ្នឹក​នឹង​របរ​មួយ​នេះ​។​
 
​គ្រួសារ​លោក ដែន ហូ​ន មាន​ផ្ទៃដី​ដាំ​បន្លែ និង​ដំណាំ​ចម្រុះ​ប្រមាណ ២​ហិកតា ដែលមាន​ដូចជា​ត្រប់ ម្ទេស ប៉េងប៉ោះ ត្រសក់ ល្ពៅ ពោត​។​ល​។ ដែល​អាច​រកចំណូលបាន​ចន្លោះ​ពី ៤០​ទៅ​៥០​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ បន្ទាប់ពី​កាត់​ការចំណាយ​រួច​។ កសិករ ដែន ហូ​ន ដែល​អង្គុយ​និយាយ​នៅ​រោង​យាម​ចម្ការ​របស់លោក​បា​នព​ន្យ​ល់​ថា ការដាំ​បន្លែ​ទៅតាម​បច្ចេកទេស​ដែល​លោក​កំពុង​អនុវត្តន៍​នេះ គឺ​ចំណាយ​ច្រើន ទាំង​ការរៀបចំ​បង្គោល សំណាញ់  ទ្រើង កៅស៊ូ​ក្រប និង​ប្រព័ន្ធ​ស្រោចស្រព​ជាដើម​។ លោក​ឧទាហរណ៍​ដូចជា​រោង​ដំណាំ​ត្រសក់​របស់លោក​ជាដើម​នេះ គឺ ត្រូវ​ប្រើ​ទុន​អស់ ១​ពាន់​ដុល្លារ នៅលើ​ផ្ទៃដី​៣៥​ម៉ែត្រ បណ្ដោយ​១០០​ម៉ែត្រ​។ យ៉ាងណា​លោក​ថា សម្រាប់​ដំណាំ​ត្រសក់ ការចំណាយ​រៀង​ច្រើនជាងគេ​បន្ដិច​មែន តែ​ផល​វិញ​ក៏​តាម​ហ្នឹង​ដែរ​។ ក្នុង​មួយថ្ងៃ​លោក​អាច​បេះ​ត្រសក់​បាន​ចន្លោះ​ពី ២០០​ទៅ​៣០០​គីឡូក្រាម ដែល​អាច​លក់បាន​តម្លៃ​ពី ១៥០០​ទៅ​១៨០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។​


 
​ទាក់ទង​នឹង​បច្ចេកទេស​ដាំ​ដុះ​វិញ កសិករ ដែន ហូ​ន ដែល​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៦ បាន​រៀបរាប់ថា ដី​ទៅ​តំបន់​លាងដៃ​ក៏ដូចជា​តំបន់​ភាគច្រើន​នៅ​ក្រុង​សៀមរាប​មិនសូវមាន​ជីជាតិ​ទេ ដូច្នេះ​វា​ត្រូវការ​ជំនួយ​ច្រើន​ពី​ជី​អាចម៍គោ អាចម៍មាន់ ក៏ដូចជា​ប្រភេទ​ជីគីមី​ផងដែរ​។ ជាមួយនឹង​តម្រូវការ​ទុន និង​ជី​ច្រើន​ហើយ​នោះ ដំណាំ​របស់លោក ដែន ហូ​ន ក៏ត្រូវ​ការ​ទឹក​ច្រើន​ដែរ ពិសេស​ក្នុង​រដូវប្រាំង​នេះ​តែម្ដង​។ កសិករ​នៅ​ភូមិ​លាងដៃ បាន​បុក​អណ្ដូងទឹក​សម្រាប់​ទាញ​ស្រោចស្រព​ដំណាំ​កសិកម្ម​ពួកគេ​។ លោក ដែន ហូ​ន ពន្យល់​ពី​បច្ចេកទេស​នៃ​ការប្រើប្រាស់​ជី​យ៉ាង​ដូច្នេះ​ថា​៖« ដី​មួយ​ម៉ែត្រការ៉េ ត្រូវដាក់​អាចម៍គោ ២​ទៅ​៣​គីឡូក្រាម អាចម៍មាន់ ១,៥​គីឡូក្រាម និង​ជី​ផ្សារ (​ជីគីមី​) កន្លះ​គីឡូក្រាម​លើ​ផ្ទៃដី​១០​ម៉ែត្រការ៉េ​។ ក្នុងនោះ យើង​ជា​អ្នក​ដាំ​ក៏ត្រូវ​ចេះ​មើល​ដំណាំ​ដែរ ថា​តើ​វា​មាន​ជំងឺ​អ្វី ត្រូវ​រក​ថ្នាំ​ដាក់​ឱ្យចំ​»​។​
 
​របរ​ធ្វើ​កសិកម្ម ធ្វើឱ្យ​គ្រួសារ​លោក ដែន ហូ​ន មាន​កម្រិតជីវភាព​ល្អ​ប្រសើរ​។ ក្នុង​មួយឆ្នាំ លោក​អាច​ដាំ​ដុះ​ដំណាំ​បាន​ចំនួន​២​លើក បន្ទាប់ពី​ធ្វើស្រែ​នៅ​រដូវវស្សា​រួច​។ លោក ដែន ហូ​ន មិនបាន​លាក់លៀម​ពី​ចំណូល​ក្នុង​គ្រួសារ​ឡើយ លោក​ថា ប្រសិនបើ​ដំណាំ​កើត និង​ទីផ្សារ​ល្អ​ដូច​បច្ចុប្បន្ន លោក​អាច​រកចំណូលបាន​ចន្លោះ​ពី ៤​ទៅ​៥​ពាន់​ដុល្លារ​ក្នុង​មួយឆ្នាំ​។​
 
​ជា​កសិករ​មួយរូប​ដែល​មិន​ធ្លាប់​យល់​ពី​ការងារ​ដាំ​ដុះ លោក ដែន ហូ​ន តែង​ពន្យល់​ពី​បច្ចេកទេស​ដែល​ខ្លួន​រៀន​បាន​ទៅ​កសិករ​ដទៃទៀត ដែល​ចង់​ចាប់ផ្តើម​ក្នុង​វិស័យនេះ​។ លោក​ថា ពលរដ្ឋ​ខ្មែរ​ដែលមាន​ដី​ទំនេរ​គួរ​សាកល្បង​ធ្វើ​ការងារ​អ្វី​ដែលជា​របស់​ផ្ទាល់ខ្លួន ក្រៅពី​បង្កើន​ចំណូល​ក្នុង​គ្រួសារ​ហើយ​នោះ ក្នុងនោះ​ក៏​អាច​កាត់បន្ថយ​ការ​ចំណាកស្រុក​ទៅ​ប្រទេសក្រៅ ដែល​មួយចំនួន​ប្រឈម​នឹង​គ្រោះថ្នាក់​ទៀតផង​។ លោក ដែន ហូ​ន មិនសូវ​ហ៊ាន​ទទួលស្គាល់ថា​ខ្លួនឯង​ជា​គំរូ​ដល់​កសិករ​ផ្សេងទៀត​ទេ តែ​លោ​កថា​អាច​ប៉ិនប្រសព្វ​លើ​វិស័យនេះ ដែល​លោក​រៀន​បាន​ពី​គ្រូ និង​មួយចំណែក​ទៀត​ចេះ​កែច្នៃ​ខ្លួនឯង​៕




 

© រក្សាសិទ្ធិដោយ thmeythmey.com