កីឡាអន្តរជាតិ
អន្តរជាតិ
League Cup ផ្តាច់ព្រ័ត្រ​៖ Chelsea ត្រូវ​ប្រជែង​ជាមួយ ម្ចាស់​ជើងឯក Man City ម៉ោង​១១:៣០ យប់​នេះ​
24, Feb 2019 , 7:59 am        
រូបភាព
​ម្ចាស់​ការពារ​តំណែង​ជើងឯក Manchester City នឹងត្រូវ​តទល់​ជាមួយ Chelsea ក្នុង​ការប្រកួត​ផ្តាច់ព្រ័ត្រ​ដើម្បី​ដណ្តើមពាន League Cup នៅ​កីឡដ្ឋាន Wembley ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង ១១:៣០​នាទី​យប់ [​ម៉ោង​នៅ​កម្ពុជា​]​។


​ក្រុម​ទាំងពី​បាន​ប៉ះគ្នា​លើកចុងក្រោយ​ក្នុង​ក្របខណ្ឌ Premier League កាលពី​ថ្ងៃទី​៩ ខែកុម្ភៈ ដោយ Man City បានធ្វើ​ឲ្យ Chelsea បរាជ័យ​យ៉ាង​អាម៉ាស​ក្នុង​ដី​ខ្លួន​ឯក​ដោយ​លទ្ធផល ៦-០​។ 
 
​ជំនួប​នេះ​គឺជា​ការដាក់​សម្ពាធ​មួយ​ផងដែរ​សម្រាប់​លោក Maurizio Sarri​។ ប្រសិនបើ​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​រូបនេះ​មិន​អាចជួយ​ក្រុម​តោ​ខៀត​លើក​ពាន League Cup នេះ​បានទេ តំណែង​របស់លោក​អាច​នឹងត្រូវ​រង្គោះរង្គើ ដ្បិត​ក្រុម​បាន​ខ្ទាត​ចេញពី FA Cup និង​ដាច់​ឆ្ងាយ​ក្នុងការ​ដណ្តើមពាន​លី​គ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ​។​
 
​ដោយឡែក​ក្រុម​មេឃ​ខៀវ​ឯណោះ​វិញ ពួកគេ​នឹង​ក្លាយជា​ក្រុមទី ៤ ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អង់គ្លេស​ដែល​អាច​ឈ្នះ​ពាន​នេះ​ពីរ​ឆ្នាំ​ជាប់​គ្នា​បន្ទាប់ពី​ក្រុម Nottingham Forest, Liverpool និង Manchester United​។ Man City ក៏​ក្រុម​ត្រូវការ​ពាន​ជើងឯក Premier League ផងដែរ និង​កំពុង​ស្ថិតនៅ​កំពូល​តារាង​បណ្តោះអាសន្ន​ផងដែរ​។​
 
​ក្នុងចំណោម​ក្រុម​ទាំងអស់​នៅ​អង់គ្លេស Liverpool ជា​ក្រុម​ដែល​ឈ្នះ​ជើងឯក​ពាន​លំដាប់​ទី​៣​នៅ​អង់គ្លេស​នេះ​ចំនួន​៨​លើក ខណៈ Chelsea, Man City, Aston Villa និង Man Utd ឈ្នះ​៥​លើក​ដូចគ្នា​រួចមកហើយ​៕

Tag:
 បាល់ទាត់​
  League Cup
  Manchester City
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com