ពីនេះ ពីនោះ
តើ​ឆ្កែ​អាច​បែកញើស​ដូច​មនុស្ស​ដែរ​ទេ​?
23, Feb 2019 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​សត្វ​ឆ្កែ​បែកញើស​ដូច​មនុស្ស​ទេ​? ចម្លើយ​ខ្លី​គឺ សត្វ​ឆ្កែ​មិន​បែកញើស​ដូច​មនុស្ស​នោះទេ​។ មូលហេតុ​គឺ​ដោយសារ​វា​គ្មាន​ក្រពេញ​ញើស​នៅ​កន្លែង​ដែលមាន​រោម​ឡើយ​។ តែ​ដំបូង​គេ​គួរ​យល់​សិន​ថា​ហេតុអ្វី​បានជា​មនុស្ស​បែកញើស​នៅពេល​ហាត់ប្រាណ ឬ​ធ្វើការ​ធ្ងន់​?

 
​តាម​ការពន្យល់​របស់​គេហទំព័រ livescience.com ញើស​ត្រូវបាន​បញ្ចេញ​ពី​ខ្លួនប្រាណ​នៅពេលដែល​ខ្លួនប្រាណ​កើន​កម្តៅ​។ ការហាត់​ប្រាណ ឬ​ធ្វើការ​ធ្ងន់ ទាមទារ​ឲ្យ​សាច់ដុំ​មាន​ចលនា និង​ដំណើរការ​ច្រើន​។ 
 
​ចលនា​ទាំងនេះ​បង្កើត​ឲ្យ​មាន​កម្លាំង​កកិត​ក្នុង​សាច់ដុំ រួចមក​ក៏​ធ្វើ​ឲ្យ​មានការ​បង្កើន​កម្តៅ​។ ញើស​មាន​តួរ​នាទី មួយផ្នែក ក្នុងការ​ទាញ​កម្តៅ​ទាំងនោះ​ចេញពី​ខ្លួនប្រាណ​។ ស្រដៀង​គ្នា​ទៅនឹង​ការ​បង្ហូរទឹក​បន្តិចៗ​ទៅលើ​ម៉ាស៊ីន​ដែល​កំពុង​បញ្ឆេះ​យូរ កុំ​ឲ្យ​វា​ក្តៅ​ពេក​។ 
 
​តែ​ចំពោះ​សត្វ​ឆ្កែ ពួកវា​មិនសូវមាន​ក្រពេញ​ញើស​ច្រើន​ដូច​មនុស្ស​នោះទេ​។ ហេតុដូចនេះ​ទើប​អ្នក​ឃើញថា នៅពេលដែល​សត្វ​ឆ្កែ​ហត់ វា​តែង​ដេក​នៅ​កន្លែង​ត្រជាក់ បើក​ខ្លួន​ឲ្យ​ធំ ហើយ​ហាមាត់ និង​អណ្តាត​ចេញមក​ខាងក្រៅ​។ សកម្មភាព​ទាំងនេះ ជួយ​កាត់បន្ថយ​បរិមាណ​កម្តៅ​ចេញពី​ខ្លួនប្រាណ​របស់​វា​។ 
 
​តែ​ញើស​ក៏​អាចមាន​វត្តមាន​នៅតាម​កន្លែង​ខ្លះ​នៃ​ដងខ្លួន​របស់​សត្វ​ឆ្កែ​ដែរ ដូចជា​នៅតាម​ច្រមុះ និង​បាតជើង​របស់​វា​។ ប៉ុន្តែ​ញើស​នៅតាម​ទីកន្លែង​ទាំងនោះ ប្រហែល​មិនមាន​មុខងារ​ក្នុង​ការជួយ​បំ​ភាយ​កម្តៅ​ចេញពី​ខ្លួន​នោះទេ​។ 
 
​ញើស​នៅតាម​ច្រមុះ​មាន​នាទី​ក្នុង​ការបង្កើត​សំណើម ដើម្បី​ឲ្យ​សត្វ​ឆ្កែ​ស្រង់ក្លិន​ឲ្យ​បាន​កាន់តែ​ល្អ​។ ចំណែកឯ​ញើស​នៅតាម​បាតជើង​មាន​តួរ​នាទី​ក្នុង​ការជំរុញ​ការដើរ និងរ​ត់រប​ស់វា​។ សត្វ​នីមួយៗ​តែងមាន​លក្ខណៈពិសេសៗ​របស់​វា​ក្នុងការ​រស់នៅ​៕  

Tag:
 ឆ្កែ​
  ក្រពេញ​ញើស​
© រក្សាសិទ្ធិដោយ thmeythmey.com