ពីនេះ ពីនោះ
តើយន្តហោះពិតជាយកលំនាំតាមសត្វបក្សី?
× ការហោះហើរលើអាកាសគឺជាការស្រមើស្រមៃរបស់មនុស្សអស់ពេលយ៉ាងយូរមកហើយ។ អ្នកស្រាវជ្រាវជាច្រើនបាននាំគ្នាបង្កើតគំនិតថ្មីៗក្នុងការផលិតម៉ាស៊ីន ដែលអាចនាំមនុស្សទៅទីតាំងខ្ពស់ផុតពីដីបាន។ ក្នុងពេលជាង២០០ឆ្នាំកន្លងមក គេឃើញមានការបង្កើតបាឡុងដើរដោយខ្យល់ក្តៅ យន្តហោះ និងឧទ្ធម្ភាគចក្រជាដើមដែរ។
ទោះបីជាមនុស្សបានផលិតយន្តហោះចេញពីភាពច្នៃប្រឌិតខ្ពស់ និងសម្ភារទំនើបក៏ដោយ ប៉ុន្តែលំនាំនៃការហោះហើរត្រូវបានមនុស្សចម្លងចេញពីសត្វបក្សី។ ដូចច្នេះ ទើបយន្តហោះមានរូបរាង និងស្លាបស្រដៀងទៅនឹកបក្សីដែរ។
យោងតាមការបកស្រាយរបស់គេហទំព័រ sciencelearn.org.nz នេះគឺជាចំណុចពិសេសមួយចំនួនដែលអាចធ្វើឲ្យបក្សីមានភាពងាយស្រួលក្នុងការហោះហើរ។
បក្សីមានខ្លួនស្រាល រោមរលោង និងដងខ្លួនស្រួច។ ទាំងអស់នេះ ជួយកាត់បន្ថយការកកិតជាមួយនឹងខ្យល់ ដោយសន្សំសំចៃកម្លាំង និងបង្កើនល្បឿន។ ដោយគ្មានថ្គាម និងធ្មេញដូចថនិកសត្វ បក្សីវិវត្តខ្លួនមកដោយប្រើតែចំពុះ។ ចំពុះមានទម្ងន់ស្រាលជាងថ្គាម និងធ្មេញ តែរឹងគួរសមសម្រាប់ប្រមាញ់ចំណី។
ឆ្អឹងទ្រូង និងសាច់ដុំទ្រូងធំ មានកម្លាំងគ្រប់គ្រាន់សម្រាប់ទទះស្លាបហោះហើរ។ ឆ្អឹងក្នុងដងខ្លួនទាំងមូលរបស់វាក៏មានភាពស្រាល និងមាំផងដែរ។ ផ្ទាំងស្លាបធំៗ ក្នុងការទទះខ្យល់។ ប្រភេទឥន្ទ្រីធំៗខ្លះអាចមានទំហំស្លាបទាំងសងខាងដល់ទៅ២ម៉ែត្រកន្លះឯណោះ។ វាអាចហើរក្នុងល្បឿនជាង១០០គីឡូម៉ែត្រក្នុងមួយម៉ោងបាន។
យន្តហោះសព្វថ្ងៃប្រើប្រាស់លំនាំដូចនឹងសត្វបក្សីដែរ។ គេហៅលំនាំមួយនេះថា Bio-mimicry ។ យន្តហោះត្រូវមានទម្ងន់ស្រាលបំផុតតាមដែលអាចធ្វើបាន មានរាងរលោងដូចបំពង់ ស្លាបវែងហើយស្តើង រួចមានម៉ាស៊ីនដែលអាចបញ្ជេញកម្លាំងខ្លាំងនៅក្រោមស្លាបនោះ។ ទាំងនេះបានន័យថា ពេលខ្លះចម្លើយដែលឆ្លើយតបទៅនឹងបច្ចេកវិទ្យាទំនើបគឺស្ថិតនៅក្នុងធម្មជាតិដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com