ពីនេះ ពីនោះ
អង់តាកទិក​៖ ទ្វីប​ចុងក្រោយ​គេ​ដែល​មនុ​ស្សបាន​បោះជំហាន​លើ​
24, Feb 2019 , 9:39 pm        
រូបភាព
​ទ្វីប​ទាំង​ប្រាំមួយ​ក្នុងចំណោម​ប្រាំពីរ ក្នុងនោះ​មានដូចជា អាស៊ី អឺរ៉ុប អាហ្វ្រិក អូ​សេ​អា​នី អាមេរិក​ខាងជើង អាមេរិក​ខាងត្បូង ត្រូវបាន​គេ​ដឹង​ដឹងថា​មាន​អ្នករស់នៅ​អស់​ពេល​ជាច្រើន​ពាន់​ឆ្នាំ​មកហើយ បើ​គិត​តាំងពី​សម័យ​បុរេប្រវត្តិ​មក​។ ប៉ុន្តែ​មាន​ទ្វីប​មួយ ដាច់ស្រយាល​ជាងគេ ត្រជាក់​ជាងគេ និង​គ្រោះថ្នាក់​ជាងគេ មាន​វត្ត​មាននៅ​ទិស​ខាងត្បូង ដែល​គ្មាន​មនុស្ស​រស់នៅ និង​ធ្វើដំណើរ​ទៅដល់​។ នោះ​គឺ​ទ្វីបអង់តាកទិក​។

 
​អស់​ពេល​រាប់ពាន់​ឆ្នាំ​ដែល​មនុ​ស្សបាន​រុករក​ភូមិសាស្ត្រ​ថ្មី ដោយ​ធ្វើដំណើរ​តាម​កប៉ាល់ សំពៅ និង​ពេលខ្លះ​លើ​ខ្នង​សេះ​ជាង​ច្រើន​រយ​គីឡូម៉ែត្រ ក្នុង​គោលបំណង​ពង្រីក​ការយល់ដឹង​ពី​ទីតាំង​ភូមិសាស្ត្រ​ភពផែនដី​។ ទ្វីប​ប្រាំមួយ​ត្រូវបាន​មនុស្ស​ទៅដល់​តាំងពី​យូរ​មកហើយ ប៉ុន្តែ​ទ្វីបអង់តាកទិក​ក្លាយ​ទីតាំង​ភូមិសាស្ត្រ​ថ្មី​បំផុត​ដែល​មនុស្ស​រុករក​ឃើញ​។ 
 
​យោងតាម​អត្ថបទ​ស្រាវជ្រាវ​ចុះផ្សាយ​ដោយ​គេហទំព័រ britannica.com និង rmg.co.uk នៅក្នុង​ឆ្នាំ​១៨២០ នាវា​មួយចំនួន​របស់​សហរ​ដ្ឋ​អាមេរិក ប្រទេស​អង់គ្លេស និង​រុស្សី​បានប្រកាសថា គេ​បាន​រកឃើញ​គែម​ដែន​ទឹកកក​ថ្មី​មួយ នៅពេលដែល​នាវា​ទាំងនោះ​កំពុង​ចរាចរ​នៅ​ទិស​ខាងត្បូង​។ ប៉ុន្តែ​ពួកគេ​មិន​បានដឹង​ច្បាស់​ថា វា​ជា​ទ្វីប​មួយ​ដែល​មនុស្ស​មិនទាន់បាន​ទៅដល់​នោះទេ​។​
 
​ទោះបីជា​យ៉ាងនេះ​មែន ក៏​រឿងនិទាន​ដែល​គេ​និយាយ​តៗ​គ្នា​ក្នុងប្រទេស​នូ​វែ​ល​សេ​ឡង់ តាំងពី​ឆ្នាំ​៦៥០​ក្រោយ​គ្រឹ​ស្ត​សករាជ​បាន​បញ្ជាក់ថា មាន​ដី​ដ៏​ធំ​មួយ​នៅ​ទិស​ខាងត្បូង ដែលជា​ទីតាំង​មួយ​ដ៏​អាថ៌កំបាំង​។ វា​មិនមែនជា​រឿង​ងាយស្រួល​ទេ​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​ទ្វីប​មួយ​នេះ​។ នាវិក​ត្រូវការ​ឆ្លងកាត់​សមុទ្រ​ពោរពេញ​ដោយ​ទឹក​កកធំៗ​អណ្តែត​តាម​ផ្ទៃ​ទឹក អាកាសធាតុ​ត្រជាក់​ខ្លាំង និង​ឆ្ងាយ​ពី​ទីតាំង​មនុស្ស​រស់នៅ​។ នេះ​ជា​រឿង​គ្រោះថ្នាក់​ខ្លាំងណាស់​។​
 
 ប៉ុន្មាន​ឆ្នាំ​ក្រោយមក មនុស្ស​ជាច្រើន​នាក់​ទៀត​បានធ្វើ​ដំណើរ​ទៅដល់​ឆ្នេរ​របស់​ទ្វីបអង់តាកទិក ក្នុង​គោលបំណង​នេសាទ​សត្វ​ភេ និង​ត្រី​បា​ឡែ​ន​។ ការនេសាទ​នេះ សឹងតែ​បានធ្វើ​ឲ្យ​ពូជ​ភេ​មួយចំនួន​ផុត​ពូជ​។ ប្រទេស​ជាច្រើន​ដែលមាន​ដូចជា អង់គ្លេស បារាំង អា​ហ្ស​ង់​ទីន អាហ្វ្រិក​ខាងត្បូង ន័​រ​វែ​ស បានទាមទារ​កាន់កាប់​តំបន់​ក្នុង​ទ្វីប​មួយ​នេះ ដែលមាន​បង្កើត​ភាពចម្រូងចម្រាស​ជាច្រើន​។ ក្នុង​ឆ្នាំ​១៩១០ អ្នកស្រាវជ្រាវ​ពីរ​ក្រុម​ដែល​មកពី​ប្រទេស​អង់គ្លេស និង​ន័​រ​វែ​សបាន​ប្រជែង​គ្នា​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​ចំណុចកណ្តាល​នៃ​ទ្វីបអង់តាកទិក មិនមែន​នៅតាម​ឆ្នេរ​នោះទេ​។ 
 
​បេសកម្ម​នេះ​បាន​ក្លាយជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការរកឃើញ​ថ្មី​។ អស់​រយៈពេល​ជាច្រើន​ខែ​នៃ​ការធ្វើ​នាវាចរណ៍​តាម​ទឹក និង​លើទឹក​កក​ដោយ​ថ្មើរជើង លោក Roald Amundsen ដែលជា​អ្នកដឹកនាំ​ក្រុម​រុករក​របស់​ជនជាតិ​ន័​រ​វែ​ស បាន​យកជ័យ​ជម្នះ​លើ​ក្រុម​លោក Robert Falcon Scott ។ Amundsen បាន​ដោត​ទង់ជាតិ​ខ្លួន​ដំបូង​គេ​នៅ​ទិស​ខាងជើង​នៃ​ទ្វីបអង់តាកទិក ដែល​បានធ្វើ​ឲ្យ​អង់គ្លេស​បាក់​ទឹកចិត្ត​យ៉ាងខ្លាំង​។ យ៉ាង​មិញ ក្រុម​របស់​អ្នក​ទាំងពីរ​នេះ​បាន​កត់ត្រា​ពី​អាកាសធាតុ សណ្ឋាន​ដី និង​លក្ខណៈ​វិទ្យាសាស្ត្រ​ផ្សេងៗ​ទៀត ដែលជា​ផ្នែក​មួយ​ក្នុងការ​ប្រមូល​ទិន្នន័យ​សំខាន់ៗ សម្រាប់​ក្រុម​អ្នកស្រាវជ្រាវ​នានា​។​
 
​សរុប​ឲ្យ​ខ្លី​មក មនុស្ស​ទើប​បោះជំហាន​លើ​ទ្វីប​ទាំង​ប្រាំពីរ​ប្រមាណ​តែ​ជាង​១០០​ឆ្នាំមុន​ប៉ុណ្ណោះ​។ ផែនដី​ជា​ភព​មួយ​ដែល​ធំធេង​ណាស់​សម្រាប់​មនុស្ស ហើយ​នៅមាន​ទីតាំង​ជាច្រើន​ទៀត​ដែល​មនុស្ស​មិនទាន់​ទៅដល់​៕

Tag:
 អង់តាកទិក​
  ពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com