កីឡាអន្តរជាតិ
អន្តរជាតិ
League Cup៖ Kepa មិន​ព្រម​ប្ដូរ​ចេញ​តាម​គ្រូបង្វឹក ស្របពេល​Chelsea ចាញ់​Man City ដោយ​បាល់​ប៉េ​ណា​ល់​ទី​៤​ទល់​៣
25, Feb 2019 , 10:42 am        
រូបភាព
សកម្មភាពរបស់អ្នកចាំទី Chelsea កីឡាករ Kepa បដិសេធការប្តូរចេញរបស់គ្រូបង្វឹក លោក Sarri
សកម្មភាពរបស់អ្នកចាំទី Chelsea កីឡាករ Kepa បដិសេធការប្តូរចេញរបស់គ្រូបង្វឹក លោក Sarri
​ក្រុម​មេឃ​ខៀវ Manchester City បាន​លើក​ពានរង្វាន់​League Cup កាលពី​ថ្ងៃទី​២៤ កុម្ភៈ ក្រោយ​យកឈ្នះ​ក្រុម​តោ​ខៀវ Chelsea ក្នុង​លទ្ធផល​៤​ទល់​៣ ដោយ​បាល់​សម្រេច​ប៉េ​ណា​ល់​ទី​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​សម្គាល់​នោះ​គឺ​អ្នកចាំទី Kepa Arrizabalaga ក្រុម Chelsea មិន​ព្រម​ប្ដូរ​ចេញ​ជំនួស​ដោយ​អ្នកចាំទី Willy Caballero តាម​ការសម្រេច​របស់​គ្រូបង្វឹក លោក Maurizio Sarri ឡើយ​។​


 
​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ League Cup រវាង​ក្រុម Man City និង​ក្រុម​Chelsea បានបញ្ចប់​ដោយ​លទ្ធផល ០​ទល់​០ នៅក្នុង​ជំនួប​៩០​នាទី ខណៈដែល​ក្រុម​ទាំងពីរ​បាន​ប្រឹង​សម្រុក​វាយបក​គ្នា​ទៅវិញទៅមក​។ ដោយសារ​គ្មាន​បាល់​បញ្ចូល​ទីនេះ ក្រុម​ទាំងពីរ ក៏ត្រូវ​ប្រកួត​បន្ត ដោយ​ការ​ថែម​ម៉ោង​១៥​នាទី ចំនួន​ពីរដង ប៉ុន្តែ​នៅតែ​គ្មាន​ក្រុម​ណា​ស៊ុត​បញ្ចូល​គ្នា​ឡើយ មុននឹង​ឈានទៅដល់​វគ្គ​កាត់សេចក្តី​បាល់​ប៉េ​ណា​ល់​ទី​។​


 
​ក្នុងការ​ប្រកួត​១២០​នាទី​នេះ គេ​សង្កេតឃើញ​អ្នកចាំទី​ក្រុម Chelsea កីឡាករ Kepa Arrizabalaga បាន​ជួយសង្គ្រោះ​ការ​ស៊ុត​បញ្ចូល​ទី​ពី​គូប្រកួត​ច្រើន ប៉ុន្តែ​នៅ​ម៉ោង​បន្ថែម​នោះ អ្នកចាំទី​រូបនេះ មាន​បញ្ហា​សរសៃពួរ​ជើង ដែល​ធ្វើ​ឲ្យ​គ្រូបង្វឹក លោក Sarri សម្រេច​ប្ដូរ​ចេញ ដោយ​ជំនួស​ដោយ​អ្នកចាំទី Willy Caballero សម្រាប់​ត្រៀម​ជួយសង្គ្រោះ​បាល់​កាត់សេចក្តី​ប៉េ​ណា​ល់​ទី​។



ប៉ុន្តែ​ការសម្រេចចិត្ត​របស់លោក Sarri នេះ ត្រូវបាន​អ្នកចាំទី Kepa ដែល​ទិញ​ពី​ក្លិប​Athletic Bilbao រូបនេះ​បដិសេធ​ការប្ដូរ​ចេញ​នេះ​។ តាមរយៈ​ការបដិសេធ​នេះ អាជ្ញាកណ្ដាល ក៏​សម្រេច​ផ្ដល់​សិទ្ធ​ឲ្យ កីឡាករ Kepa នៅ​បន្ត​ការប្រកួត​ជាធម្មតា​។ តែ​យ៉ាងណា​ទង្វើ​របស់ Kepa បែបនេះ បានធ្វើ​ឲ្យ​គ្រូបង្វឹក​លោក Sarri បាក់មុខ​ផងដែរ​។​


 
​តាមរយៈ​ការចុះផ្សាយ​របស់ Sky Sport លោក Sarri ដូច្នេះ​ថា​៖«​មាន​ការមិនយល់​គ្នា​ខ្លះ ដោយសារ​ខ្ញុំ​គិតថា អ្នកចាំទី​យើង​គាត់​មាន​បញ្ហា​រមួលក្រពើ ដូច្នេះ​គាត់​មិនអាច​ជួយសង្គ្រោះ​បាល់​ប៉េ​ណា​ល់​ទី​បានទេ​។ ប៉ុន្តែ​បញ្ហា​នោះ​វា​មិនមែនជា​ដើមចម​ឡើយ​។ Kepa ក៏​យល់ថា ខ្ញុំ​ស្នើសុំ​ផ្លាស់ប្ដូរ​គាត់​ដោយសារ​គាត់​មាន​របួស ប៉ុន្តែ​គាត់​មិន​ព្រម​ប្ដូរ​ចេញ​»​។​


 
​ទាក់ទង​នឹង​បញ្ហា​នេះ​អ្នកចាំទី Kepa បាន​និយាយប្រាប់ Sky Sport ថា «​វា​មិនមែនជា​ចេតនា​របស់ខ្ញុំ​ដើម្បី​ប្រឆាំងនឹង​អ្នកចាត់ការ​នោះទេ​។ ខ្ញុំ​បាន​និយាយ​ជាមួយ​អ្នកចាត់ការ​ហើយ ហើយ​យើង​នឹង​និយាយ​ម្តងទៀត​ប្រសិនបើ​យើង​ចង់​និយាយ​បន្ថែម​ពី​បញ្ហា​ហ្នឹង​»​។​


 
​តែ​យ៉ាងណា​អ្នកចាំទី​Chelsea កីឡាករ Kepa ក៏​ខំប្រឹង​ជួយសង្គ្រោះ​បាល់​ប៉េ​ណា​ល់​ទីមួយ​គ្រាប់​ពី​ជើង​កីឡាករ Leroy Sane ក្នុងការ​ស៊ុត​កាត់សេចក្តី​ចុងក្រោយ ដែល​ក្រុម​មេឃ​ខៀវ Man City បាន​យកឈ្នះ​ក្រុម​តោ​ខៀវ Chelsea ដោយ​លទ្ធផល​៤​ទល់​៣​។ ក្រុម​Chelsea ខកខាន​ពីរ​គ្រាប់​ដោយសារ Jorginho និង David Luiz៕

Tag:
 កីឡា​
  បាល់ទាត់​
  Kepa
 Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com