លោក វេ​ង សាខុន ព្រមាន​ចាត់វិធានការ​លើ​ប្រធាន​មន្ទីរ​ខេត្តកោះកុង ប្រសិន​រកឃើញ​យក​ដី​រដ្ឋ​លក់​
ជាតិ
សង្គមជាតិ
លោក វេ​ង សាខុន ព្រមាន​ចាត់វិធានការ​លើ​ប្រធាន​មន្ទីរ​ខេត្តកោះកុង ប្រសិន​រកឃើញ​យក​ដី​រដ្ឋ​លក់​
25, Feb 2019 , 10:19 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបពីហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ទៅលើ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកោះកុង បើសិនជា​រកឃើញថា ពិតជា​បាន​យក​ដី​រដ្ឋ​លក់​មែន​នោះ​។ ការព្រមាន​របស់​ក្រសួងកសិកម្ម​នេះ ធ្វើឡើង​ក្រោយពី​មានការ​ចុះផ្សាយ​រិះគន់​ភាពមិនប្រក្រតី​នៃ​ការយក​ដី​រដ្ឋ​ទៅ​លក់​នេះ​។​

 
​ក្រសួងកសិកម្ម បាន​ចាត់​ក្រុមការងារ ចុះ​ធ្វើ​អធិការកិច្ច​លើ​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​របស់​ម​ន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកោះកុង​ហើយ ជាពិសេស​ដី​ចំនួន ៣​កន្លែង របស់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ផងដែរ​។​
 
​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម​៖«​ក្នុងករណី​ពិត​ជាមាន​កំហុសឆ្គង ក្រសួង​នឹង​ចាត់វិធានការ ស្របតាម​ច្បាប់​ស្ដីពី សហលក្ខន្តិកៈ មន្ត្រីរាជការ​ស៊ីវិល​នៃ​កម្ពុជា​»​។​
 
​ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួងកសិកម្ម​លោក ស្រី វុ​ឌ្ឍី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​មិនទាន់បាន​ព័ត៌មាន​លម្អិត​នៃ​ការធ្វើ​អធិការកិច្ច​នៅឡើយ​ទេ​។ « ឥឡូវនេះ​ខ្ញុំ​មិនទាន់​ទទួលបាន​ព័ត៌មាន​ហ្នឹង​នៅឡើយ​ទេ​។ ហើយ​ចំពោះ​ដី​នឹង​ខ្ញុំ​មិនបាន​ចាំទី​តាំងរបស់​វា​នៅ​តំបន់​ណា​ទេ​។ ខ្ញុំ​អត់​ចាំ​ទំហំ​ប៉ុន្មាន​ទេ ។ ចាំ​ខ្ញុំ​ស្រាវជ្រាវ​សិន​»​។​
 
​បន្ថែម​ពីនេះ​ក្រសួងកសិកម្ម ក៏បាន​បដិសេធថា ក្រសួង​មិនបាន​ចេញ​គោលការណ៍​អនុញ្ញាត​ឲ្យ​មានការ​លក់ដូរ​ដី​រដ្ឋ និង​ពុំមាន​ការពាក់ព័ន្ធ​ដូច​សារព័ត៌មាន​ចុះផ្សាយ​នោះទេ​។ ក្រសួង អះអាងថា ខ្លួន​បានដាក់​ចេញ​នូវ​វិធានការ​ចំនួន ១៧​ចំណុច​ឲ្យ​មន្ទីរ​អនុវត្ត និង​កែលម្អ​ហើយ​។  
 
​ទាក់ទង​បញ្ហា​ខាងលើនេះ លោក អ៊ី ម៉េង​ហេង  ប្រធាន​មន្ទីរ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខត្ត​កកោះ​កុង បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុ​ស្តិ័​ថា លោក​មិនបាន​ប្រព្រឹត្តិ​ដូច​ការចុះផ្សាយ​នោះទេ​៕
 

Tag:
 វេ​ង សាខុន​
  ដី​រដ្ឋ​
© រក្សាសិទ្ធិដោយ thmeythmey.com