កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea កាត់​ប្រាក់​ឈ្នួល Kepa ១​អាទិត្យ ក្រោយ​មិន​ព្រម​ដូរ​ចេញ​តាម​គ្រូ​
26, Feb 2019 , 9:54 am        
រូបភាព
​ក្លិប Chelsea បានសម្រេច​កាត់​ប្រាក់​ឈ្នួល​អ្នកចាំទី Kepa Arrizabalaga មួយ​សប្តាហ៍ បន្ទាប់ពី​រូបគេ​បដិសេធ​មិន​ព្រម​ប្តូរ​ចេញពី​ទីលាន​តាម​អ្នកចាត់ការ​លោក Maurizio Sarri នា​ការប្រកួត​ផ្តាច់ព្រ័ត្រ​ពាន League Cup កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ​។​


 
​លោក Sarri សម្រេច​ប្ដូរ Kepa ចេញ​ជំនួស​ដោយ​អ្នកចាំទី Willy Caballero សម្រាប់​ត្រៀម​ជួយសង្គ្រោះ​បាល់​កាត់សេចក្តី​ប៉េ​ណា​ល់​ទី​១១​ម៉ែត្រ ក្រោយ Chelsea និង Man City បញ្ជ​ប់​ការប្រកួត​១២០​នាទី​ដោយ​គ្មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​គ្នា​។​
 
​ប៉ុន្តែ​ការសម្រេច​របស់​អ្នកចាត់ការ​សញ្ញា​តិ​អ៊ីតាលី​នេះ ត្រូវបាន​អ្នកចាំទី Kepa ដែល​ទិញ​ពី​Athletic Bilbao ក្នុងតម្លៃ​កំ​ត្រា​ក្លិប​បដិសេធ​មិន​ព្រម​ចេញទៅ​វិញ​។ តាមរយៈ​ការបដិសេធ​នេះ អាជ្ញាកណ្ដាល ក៏​សម្រេច​ផ្ដល់​សិទ្ធ​ឲ្យ កីឡាករ Kepa នៅ​បន្ត​ការប្រកួត​ជាធម្មតា​។ 
 
​យ៉ាងណាក៏ដោយ​ទង្វើ​របស់​អ្នកចាំទី​សញ្ជាតិ​អេស្បាញ វ័យ​២៤​ឆ្នាំ​បែបនេះ បានបង្ហាញ​ពី​ការមិន​គោរព​គ្រូ និង​ធ្វើ​ឲ្យ​គ្រូ​បាក់មុខ​ថែមទៀត​។ ដូច្នេះ​ក្លិប​រហស្សនាម​តោ​ខៀវ​ក៏បាន​សម្រេច​ពិន័យ Kepa ជា​ប្រាក់បៀវត្ស​របស់គេ​មួយ​សប្តាហ៍ ហើយ​សមី​ខ្លួន​ក៏បាន​យល់ព្រម និង​សូមទោស​ពី​ទង្វើ​របស់គេ​ផងដែរ​។​
 
​រវាង Kepa និង Sarri មិនមាន​អ្វី​ទើសទាល់​គ្នា​ឡើយ​ក្រោយ​បកស្រាយ​រៀងខ្លួន​ក្នុង​សន្និសីត​បន្ទាប់ពី​បញ្ចប់​ការប្រកួត​។ «​ទោះ​មានការ​យល់ច្រឡំ​បន្តិចបន្តួច​ប៉ុន្តែ​ខ្ញុំ​បានធ្វើ​ឲ្យ​មាន​កំហុស​ដ៏​ធំ​មួយ​ដោយ​ការបដិសេធ​តាម​ការសម្រេច​របស់​គ្រូ​។ ខ្ញុំ​រីករាយ​នឹង​ទទួលពិន័យ​នេះ​»​។ Kepa បែបនេះ​ក្នុង​សេចក្តីថ្លែងការណ៍​របស់ Chelsea​។​
 
​ដោយឡែក​លោក Sarri ឯណោះ​វិញ បើទោះជា​លោក​បាន​ប្រតិកម្ម​នឹង​ទង្វើ​របស់​អ្នកចាំទី​ខ្លួន​នៅពេលនោះ​ក្តី តែ​នៅពេលនេះ​លោក​បាន​និយាយ​យល់​គ្នា​ជាមួយ Kepa អស់ហើយ គឺ​គ្មាន​បញ្ហា​អ្វី​នឹង​គ្នា​ទៀតឡើយ​៕

Tag:
 បាល់ទាត់​
  Kepa Arrizabalaga
  League Cup
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com