ជាតិ
សម្តេច ហ៊ុន សែន ៖ «​អ្នកខ្លះ​រិះគន់​ទីក្រុង​មិន​ស្អាត ខណៈ​ខ្លួន​នៅ​បោះចោល​សំរាម​ផ្ដេសផ្ដាស​»
26, Feb 2019 , 12:59 pm        
រូបភាព
​សម្តេច ហ៊ុន សែន ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​បរិស្ថាន​ទាំងអស់គ្នា ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ហើយ​មិនចាំបាច់​អង្គុយតែ​រិះគន់​លើ​បញ្ហា​សំរាម​ឡើយ​។​

 
​ថ្លែង​ក្នុង​ពិធី​ប្រារព្ធ​ទីក្រុង​ស្អាត​លើក​ទី​៧ សម្ដេច ហ៊ុន សែន ស្នើ​ឲ្យ​ពលរដ្ឋ​ចូលរួម​ការពារ​បរិស្ថាន និង​សម្អាត​មូលដ្ឋាន​របស់​ពួកគេ​ឲ្យ​បាន​ស្អាត ដោយ​មិនមែន​ពឹងផ្អែក​តែ​លើ​អ្នក​បោស​សំរាម​នោះទេ​។ « តើ​មនុស្ស​ប៉ុន្មាន​លាន​នាក់មក​កម្សាន្ត​សប្បាយ ហើយ​បោះបង់ចោល​នូវ​អ្វីដែល​ខ្លួន​ទទួលទាន ឬ​ប្រើប្រាស់​រួចហើយ មិន​ទាំង​ដាក់​ទៅក្នុង​ធុងសំរាម​ដែលមាន​រួចស្រេច ហើយ​ទុក​ឲ្យ​អ្នក​បោសសម្អាត​តែ​ប៉ុន្មាន​រយ ប៉ុន្មាន​ពាន់​នាក់​។ តើ​បោសសម្អាត​ឈ្នះ​ទេ​? »​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន​។​
 
​ប្រមុខ​រដ្ឋាភិបាល ក៏បាន​ចំអក​ឲ្យ​មនុស្ស​មួយចំនួន ដែល​តែងតែ​រិះគន់​លើ​បញ្ហា​ទីក្រុង​មិន​ស្អាត ប៉ុន្តែ​អ្នក​ទាំងនោះ​ទៅវិញ​ទេ ដែល​នាំគ្នា​បោះចោល​សំរាម និង​ថង​ប្លា​ស្ទិ​ក​ផ្ដេសផ្ដាស​។ ត្រង់ចំណុច​នេះ នាយករដ្ឋមន្ត្រី ក៏បាន​ស្នើ​ឲ្យ​បង្កើត​ចលនា​ជាតិ​ចាប់ពី​កុមារ រហូតដល់​មនុស្ស​ធំ​ពេញវ័យ ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន និង​ទាក់ទាញ​ភ្ញៀវទេសចរ​មក​ទ​ស្សនាក​ម្ពុ​ជា​កាន់តែច្រើន​៕ 
 

Tag:
 ហ៊ុន សែន​
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com