ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បញ្ចុះ​សម្ពាធ​ឈាម​បាន​យ៉ាង​ឆាប់រហ័ស ដោយ​គ្រាន់តែ​ទទួលទាន​ភេសជ្ជៈ​ទាំងនេះ​
28, Feb 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​បញ្ហា​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​មួយ​នៃ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ គឺ​វា​អាចធ្វើ​ឲ្យ​អ្នក​ប្រឈមមុខ​នឹង​ជំងឺ​សាហាវៗ​ជាច្រើន រួមទាំង​ជំងឺ​ខ្សោយតម្រងនោម​, ដាច់​សរសៃឈាម​ខួរក្បាល និង​គាំងបេះដូង​។ ជំងឺ​ទាក់ទង​នឹង​ក្រពេញ​លើ​តម្រងនោម​, ជំងឺ​តម្រងនោម​, ថ្នាំ​បំបាត់​ការឈឺចាប់​, ថ្នាំ​ពន្យារកំណើត​, ស្ត្រេ​ស​, មិនសូវ​ហាត់ប្រាណ​, ទទួលទាន​អាហារ​មាន​ជាតិ​ប្រៃ ឬ​អំបិល​ច្រើន​, ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​លើស​ពេក​, កត្តា​ហ្សែ​ន និង​ជំងឺ​ធាត់​ជ្រុល សុទ្ធតែជា​មូលហេតុ​ដែល​បង្ក​ឲ្យ​កើតមាន​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ ដើម្បី​រក្សា​សុខភាព និង​ជៀស​ផុតពី​ផលវិបាក​សុខភាព​ធ្ងន់ធ្ងរ វា​ជា​រឿង​សំខាន់​ណាស់​ដែល​យើង​ត្រូវ​រក្សា​សម្ពាធ​ឈាម​ក្នុង​កម្រិត​ត្រឹមត្រូវ​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ភេសជ្ជៈ​ដែលមាន​ប្រសិទ្ធិភាព​ខ្ពស់​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​បាន​យ៉ាង​ប្រសើរ ៖
 
១. ទឹក​ផ្លែ​ម្នាស់​ស្រស់​
 
​ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ដោយ​កម្ចាត់​នូវ​ជាតិ​សូ​ដ្យូ​ម​ដែល​លើស​ក្នុង​ឈាម និង​សម្រួល​ដល់​សរសៃឈាម​។ ទឹក​ផ្លែ​ម្នាស់​ស្រស់​ក៏​ជួយ​ទប់ស្កាត់​ដោះស្រាយ​បញ្ហា​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ឡើង​ខ្ពស់​ផងដែរ​។​
 
២. ទឹក​មើម​ឆៃថាវ​ក្រហម​
 
​ចូរ​បន្ថែម​ទឹក​មើម​ឆៃថាវ​ក្រហម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ប្រសិនបើ​អ្នក​ចង់​បញ្ចុះ​សម្ពាធ​ឈាម​តាមបែប​ធម្មជាតិ​។ ក្រុម​អ្នក​វិ​ទ្យ​សាស្ត្រ​និយាយថា ប្រសិទ្ធភាព​នេះ​បានមក​ដោយសារ​មើម​ឆៃថាវ​ក្រហម​មាន​កម្រិត​សារធាតុ​នីត្រាត​ខ្ពស់​។ ការទទួល​ទាន​អាហារ​ដែល​សម្បូរ​ដោយ​សារធាតុ​នីត្រាត​អាច​នាំឱ្យមាន​ប្រតិកម្ម​គីមី​ជា​បន្តបន្ទាប់​ក្នុង​ឈាម ដែល​បញ្ហា​នេះ​អាច​បង្កើន​បរិមាណ​អុកស៊ីសែន​នៅ​កន្លែង​ដែល​រាងកាយ​ខ្វះ​។ លើសពីនេះទៅទៀត ទឹក​ឆៃថាវ​ក្រហម​ក៏​ជួយ​ធ្វើអោយ​ស​សៃ​ឈាម​រីក​ធំ ហើយ​សម្ពាធ​ឈាម​នឹង​ថយចុះ​។​
 
៣. ទឹកខ្មេះ​ផ្លែ​ប៉ោម 
 
​ការទទួល​ទាន​ទឹក​ធម្មតា ១ កែវ​លាយ​ជាមួយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​សរីរាង្គ​ត្រឹម​ពី ១ ទៅ ២ ស្លាបព្រា​បាយ​ក្នុង​មួយថ្ងៃ​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​បាន​យ៉ាង​ប្រសើរ នោះ​ក៏​ព្រោះតែ​វា​មាន​ប្រសិទ្ធភាព​កាត់បន្ថយ​ការ​រលាក​ក្នុង​រាងកាយ​។​
 
៤. តែ​ខ្ញី​
 
​ក្រៅពី​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ជួយ​ដោះស្រាយ​បញ្ហា​ចង្អោរ​ចង់​ក្អួត​, ពិបាក​រំលាយ​អាហារ​, ក្អួត និង​ច្រាល​ទឹក​អាស៊ីត​ក្រពះ​បាន​យ៉ាង​ប្រសើរ​ហើយ​នោះ តែ​ខ្ញី​ក៏មាន​ប្រសិទ្ធិភាព​ខ្ពស់​ទប់ស្កាត់​ដោះស្រាយ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ផងដែរ​។​
 
៥. តែ​បៃតង​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​រក្សា​សុខភាព​សរសៃ​ឈាម​ល្អប្រសើរ​។ វា​ក៏មាន​លក្ខណៈសម្បត្តិ​កាត់បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍​ផងដែរ​។ ហើយ​ស្ត្រេ​ស ឬ​ភាព​តានតឹង​ក្នុង​អារម្មណ៍ គឺ​អ្វីមួយ​ដែល​អាច​បង្ក​ឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​៕
 
​ទោះជា​យ៉ាងណា ភេសជ្ជៈ​មួយចំនួន​ខាងលើ​អាច​បញ្ចុះ​សម្ពាធ​ឈាម​ប្រកបដោយ​ប្រសិទ្ធិភាព​បាន​លុះត្រាតែ​អ្នកមាន​របប​អាហារ​ត្រឹមត្រូវ និង​តែង​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​ផងដែរ​។ ហើយ​ដើម្បី​ជាការ​ប្រសើរ​ក៏​កុំ​ភ្លេច​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ជាមុន ប្រសិនបើ​អ្នក​ចង់​ទទួលទាន​ភេសជ្ជៈ​ណាមួយ ខណៈពេល​កំពុង​ប្រើប្រាស់​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម ប្រសិនបើ​សម្ពាធ​ឈាម​ធ្លាក់ចុះ​ទាប​ពេក នោះ​វា​ក៏​អាច​បង្ក​គ្រោះថ្នាក់​ចំពោះ​សុខភាព​គួរឱ្យ​ព្រួយបារម្ភ​ដែរ​!
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com