ជាតិ
សង្គមជាតិ
កម្ពុជា​-​វៀតណាម ប្ដេជ្ញា​មិន​អនុញ្ញាត​ឲ្យ​កម្លាំង​នយោបាយ ឬ​យោធា ប្រើប្រាស់​ទឹកដី​គំរាម​ដល់​សន្តិសុខ​ជាតិ​ដទៃ​ឡើយ​
27, Feb 2019 , 10:08 am        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋវៀតណាម នៅក្នុងពិធីចុះហត្ថលេខាលើឯកសារនានារវាងភាគីទាំងពីរ នៅវិមានសន្តិភាព នាថ្ងៃទី២៦ កុម្ភៈ
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋវៀតណាម នៅក្នុងពិធីចុះហត្ថលេខាលើឯកសារនានារវាងភាគីទាំងពីរ នៅវិមានសន្តិភាព នាថ្ងៃទី២៦ កុម្ភៈ
​ភ្នំពេញ​៖ កម្ពុជា​-​វៀតណាម ប្ដេជ្ញា​រួមគ្នា លើ​ផ្នែក​ការពារជាតិ ដោយ​សម្រេច​មិន​អនុញ្ញាត​ឲ្យ​មាន​កម្លាំង​នយោបាយ ឬ​កម្លាំងយោធា​ណាមួយ ប្រើប្រាស់​ទឹកដី​ខ្លួន បង្កើន​កម្លាំង ដើម្បី​គំរាមកំហែង​ប្រទេសជាតិ​ដទៃ​ឡើយ​។ នេះ​ជាការ​ឯកភាពគ្នា​រវាង​លោក ង្វៀន ហ្វ៊ូ​ជុង អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ថ្នាក់ដឹកនាំ​កម្ពុជា​។​


 
​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​២​ថ្ងៃ ប្រមុខរដ្ឋ​វៀតណាម លោក ង្វៀន ហ្វ៊ូ​ជុង និង​ថ្នាកដឹកនាំ​កម្ពុជា បាន​ឯកភាព​ចែករំលែក​ព័ត៌មាន​ឱ្យបាន​ទៀងទាត់ និង​សហការ​សម្របសម្រួល​គ្នា​ឲ្យ​មាន​ប្រសិទ្ធភាព រួមទាំង​ផ្តល់​ការគាំទ្រ​គ្នា​ទៅវិញទៅមក​លើ​វេទិកា​អន្តរជាតិ និង​តំបន់​។ ជាពិសេស​ក្នុង​ក្របខ័ណ្ឌ​សហប្រតិបត្តិការ​អាស៊ាន អង្គការសហប្រជាជាតិ និង​យន្តការ​សហប្រតិបត្តិកា​រ​អនុតំបន់​ទន្លេមេគង្គ ដែលជា​ការរួមចំណែក​ដល់​ការរក្សា​សន្តិភាព ស្ថិរភាព​សហប្រតិបត្តិ​ការ និង​ការអភិវឌ្ឍ​នៅក្នុង​តំបន់ និង​នៅលើ​ពិភពលោក​។​
 
​ជាមួយគ្នានេះ​ភាគី​ទាំងពីរ ក៏បាន​សង្កត់ធ្ងន់​អំពី​សារៈសំខាន់ នៃ​ការ​ការពារជាតិ ដោយ​ប្ដេជ្ញា​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​កម្លាំងយោធា​ណាមួយ នៅលើ​ទឹកដី​ខ្លួន ហើយ​បង្ក​អសន្តិសុខ​ដល់​ប្រទេស​ដទៃ​ឡើយ​។ តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស ដែល​បាន​ស្រង់​សម្តី​ថ្នាក់ដឹកនាំ​កម្ពុជា និង​វៀតណាម បាន​សរសេរ​ដូច្នេះ​ថា​៖«​ឯកភាពគ្នា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ការពារជាតិ និង​សន្តិសុខ ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​មិន​អនុញ្ញាត​ឱ្យកម្លាំង​នយោបាយ ឬ​កម្លាំងយោធា​ណាមួយ​ប្រើប្រាស់​ទឹកដី​របស់​ប្រទេស​ខ្លួន ដើម្បី​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​នៃ​ប្រទេស​មួយទៀត និង​ដោះស្រាយ​បញ្ហា​នានា​ដែល​កើតមាន​រវាង​ប្រទេស​ទាំងពីរ​ដោយ​សន្តិវិធី​។ ពង្រឹង​ការសម្របសម្រួល​គ្នា ក្នុង​គោលដៅ​ថែរក្សា​ស្ថិរភាព​នយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​នៅក្នុង​ប្រទេស​ទាំងពីរ​»​។​
 
​កន្លងមក​កម្ពុជា ធ្លាប់​ត្រូវបាន​ប្រទេស​មហាអំណាច​ដាក់​ការសង្ស័យថា កម្ពុជា​អាច​នឹង​បើកផ្លូវ​ឲ្យ​ចិន ដាក់​មូលដ្ឋានទ័ព​លើទឹក​ដី ដើម្បី​បង្កើន​ឥទ្ធិពល​ចិន​ក្នុង​តំបន់​ឥណ្ឌូចិន​ជាដើម​។ ក្នុង​របាយការណ៍​វាយតម្លៃ​របស់​អាមេរិក​នេះ បាន​លើកយក​ការក្ដោបក្ដាប់​អំណាច​របស់​គណបក្ស​ប្រជាជន ដែល​កំពុងមាន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​ចិន មក​បរិយាយ​ប្រមាណ​ជា​៣​បន្ទាត់​ថា គណបក្សកាន់អំណាច​មួយ​នេះ នឹង​អាច​កែប្រែ​រដ្ឋធម្មនុញ្ញ​ក​ម្ពុ​ជា ហើយ​បើកផ្លូវ​ឲ្យ​កងទ័ព​ចិន អាចឈរជើង​នៅក្នុង​ប្រទេស​កម្ពុជា នាពេលខាងមុខ​។​
 
​របាយការណ៍​វាយតម្លៃ​ការគំរាមកំហែង​ពិភពលោក​របស់​អាមេរិក ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​២៩ មករា ជា​ភាសា​អង់គ្លេស ហើយ​មានន័យ​ជា​ភាសា​ខ្មែរ​យ៉ាង​ដូច្នេះ​ថា​៖«​ការឈាន​ឆ្ពោះទៅរក​ភាព​ផ្ដាច់ការ​របស់​កម្ពុជា ដែល​ស្ដែងឡើង​តាមរយៈ​ការរក្សា​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ការ​គ្របដណ្ដប់​យ៉ាង​ពេញលេញ​នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាតិ បើកផ្លូវ​ឲ្យ​មានការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​អាច​ឲ្យ​វត្តមាន​កងទ័ព​ចិន​នៅក្នុង​ប្រទេស​»​។​
 
​ប៉ុន្តែ​ការលើកឡើង​របស់​អាមេរិក​បែបនេះ ត្រូវបាន​រដ្ឋាភិបាល​ក​ម្ពុ​ជា បដិសេធ​។ កម្ពុជា​ចាត់ទុក​ការវាយតម្លៃ​របស់​អាមេរិក​នេះ ជាការ​សង្ស័យ​គ្មាន​មូលដ្ឋានគ្រឹះ ហើយ​គ្រាន់តែ​ជា​ទស្សន​បំផុសបំផុល​រូបភាព​អ្វីមួយ​មិនល្អ​ពី​កម្ពុជា ដោយសារតែ​ឃើញ​ពី​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​-​ចិន ប៉ុណ្ណោះ​។​
 
​រដ្ឋធម្មនុញ្ញ​កម្ពុជា ឆ្នាំ​១៩៩៣ នៅត្រង់​ជំពូក​ទី​៤ និយាយ​អំពី​របប​នយោបាយ នៃ​មាត្រា​៥៣ ត្រង់ចំណុច​ទី​៤ បាន​ចែងថា​«…​ព្រះរាជាណាចក្រ​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅលើ​ទឹកដី​ខ្លួន ហើយក៏​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​ខ្លួន​នៅលើ​ទឹកដី​បរទេស​ដែរ លើកលែងតែ​ក្របខណ្ឌ​សំ​ណូ​ពរ​របស់​អង្គការសហប្រជាជាតិ​»៕

Tag:
 ង្វៀន ហ្វ៊ូ​ជុង​
  សន្តិសុខ​
  វៀតណាម​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com