កីឡាអន្តរជាតិ
អន្តរជាតិ
FIFA បញ្ចប់អាជីពអាជ្ញាកណ្ដាលអាហ្វ្រិកម្នាក់អស់មួយជីវិត ពីបទទទួលសំណូក
× អាជ្ញាកណ្ដាលកាត់សេចក្តីកីឡាបាល់ទាត់លោក Oden Charles Mbaga ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បញ្ចប់អាជីពអស់មួយជីវិត និងពិន័យជាប្រាក់២០ម៉ឺនដុល្លារអាមេរិក ពីបទទទួលសំណូកដើម្បីរៀបចំការប្រកួត។
ការដាក់ពិន័យនេះបន្ទាប់ពីគណៈកម្មាធិការសីលធម៌ FIFA រកឃើញថាលោក Mbaga មានទោសក្នុងការទទួលសំណូកចន្លោះពីឆ្នាំ២០០៩ ដល់ ២០១២ ដែលរំលោភលើក្រមសីលធម៌របស់ស្ថាប័នខ្លួននៅក្រោយការស៊ើបអង្កេតកាលពីខែកក្កដា ឆ្នាំមុន។
ទីភ្នាក់ងារព័ត៌មាន Reuters ផ្សាយថា FIFA បានចោទប្រកាន់ Mbaga ថាបានទទួលយកសំណូកដើម្បីរៀបចំការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិជាច្រើនក្នុងឆ្នាំ ២០០៩ ទៅឆ្នាំ២០១២។
លោក Oden Charles Mbaga ដែលត្រូវ FIFA បញ្ចប់អាជីពមួយជីវិត
អាជ្ញាកណ្តាលសញ្ជាតិតង់សានីរូបនេះក៏ត្រូវគេរាយការណ៍ថាមានការទាក់ទងទៅនឹងការកំណត់លទ្ធផលការប្រកួតទុកមុនជាមួយលោក Wilson Perumal ផងដែរ។ Perumal ជនជាតិសិង្ហបុរីរូបនេះ បានចូលរួមគប់គិតក្នុងការផ្តល់ឲ្យអាជ្ញាកណ្តាលប្រព្រឹត្តិអំពើពុករលួយក្នុងការប្រកួតមិត្តភាពអន្តរជាតិ សម្រាប់ការភ្នាល់បាល់។
Mbaga បានប្រាប់ Reuters នៅទីក្រុង Dar es Salaam ទៀតថា FIFA ធ្លាប់សួរចម្លើយលោកម្តងដែរកាលពីឆ្នាំ ២០១០ ហើយចាប់ពីពេលនោះមកលោកមិនបានដឹងអ្វីអំពីការប្រកួតក្រោយៗឡើយ។ «នេះគឺជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់ខ្ញុំ។ ខ្ញុំមិនដឹងអ្វីសោះថា FIFA មិនឲ្យខ្ញុំចូលរួមសកម្មភាពបាល់ទាត់អស់មួយជីវិត ខ្ញុំពិតជាមិនដឹងរឿងនេះមែន»។
ក្រៅពី Mbaga កាលពីខែមុន អតីតអាជ្ញាកណ្ដាលកម្រិតអន្តរជាតិលោក Ibrahim Chaibou ជនជាតិនីហ្សេក៏ត្រូវបាន FIFA បញ្ចប់អាជីពមួយជីវិត និងពិន័យជាប្រាក់២០ម៉ឺនដុល្លារអាមេរិកផងដែរ ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការទទួលសំណូក៕
Tag:
បាល់ទាត់
FIFA
Oden Charles Mbaga
កំណត់លទ្ធផលទុកមុន
© រក្សាសិទ្ធិដោយ thmeythmey.com