កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ត្រូវ​បញ្ចូល​យុវជន​ពេល​ប៉ះ Crystal យប់​នេះ ដ្បិត​របួស​កីឡាករ​ស្ទើរ​ទាំងអស់​
27, Feb 2019 , 9:59 pm        
រូបភាព
​អ្នកចាត់ការ​ទូទៅ​ក្រុម Manchester United លោក Ole Gunnar Solskjaer នឹង​បញ្ចូល​កីឡាករ​យុវជន​មួយចំនួន​ដើម្បី​ជំនួស​ឲ្យ​កីឡាករ​សំខាន់ៗ​៩​រូប​ដែល​ល​របួស​មិនអាច​ចូល​លេង​បាន​នា​ជំនួប​ទល់នឹង Crystal Palace ក្នុង​ក្របខណ្ឌ Premier League នៅ​រាត្រី​ថ្ងៃទី​២៧ ខែកុម្ភៈ​នេះ​។


 
​ខ្សែបម្រើ Ander Herrera, Jesse Lingard, Juan Mata, Nemanja Matic និង Anthony Martial រូ​ម​ជាមួយ​ខ្សែការពារ Phil Jones, Antonio Valencia, Matteo Darmian និង​ខ្សែប្រយុទ្ធ Marcus Rashford សរុប​៩​រូប​សុទ្ធតែ​ទទួល​រងរបួស​ទាំងអស់ ដែល​នេះ​នឹង​ក្លាយជា​បញ្ហា​ធំ​សម្រាប់​ក្រុម​របស់លោក Solskjaer​។​


 Tahith-Chong-(ឆ្វេង)-Angel-Gomes-(កណ្តាល)-និង-James-Garner-ដែល-Man-Utd-យកទៅជំនួសកីឡាករសំខាន់យប់នេះ

​ក្រុម​បិសាច​ក្រហម​ត្រូវ​តទល់​ជាមួយ Crystal Palace យប់​នេះ​ដោយ​ត្រូវ​បង្ខំចិត្ត​បញ្ចូល​កីឡាករ​យុវជន​មួយចំនួន​ដូចជា Angel Gomes, Tahith Chong និង Jimmy Garner ដើម្បី​បំពេញ​ចន្លោះ​។ ក្រៅពីនោះ​អ្នកចាត់ការ​បណ្តោះអាសន្ន​ក៏បាន​កោះហៅ​ខ្សែបម្រើ Fred ដែល​មិនសូវ​បានបង្ហាញ​ខ្លួន​ក្រោយ​ទិញ​ពី Shakhtar Donetsk នៅ​ដើមរដូវ​កាល​ក្នុងតម្លៃ ៦៩​លាន​ដុល្លារ​អាមេរិក​នោះ មក​ចាប់​ដៃគូ​ជាមួយ Paul Pogba ដែរ​។​
 
​ដោយឡែក Romelu Lukaku និង Alexis Sanchez ក៏​នឹងត្រូវ​បង្ហាញខ្លួន​ក្នុង​ជម្រើស​១១​នាក់​ដំបូង​ផងដែរ បន្ទាប់ពី​កីឡាករ​ដែលមាន​ប្រាក់​ឈ្នួល​ថ្លៃ​ទាំងពីរ​រូបនេះ​ធ្លាក់​ទម្រង់​លេង​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ចុងក្រោយ ខណៈ​នេះ​ជា​ឱកាស​ដើម្បី​ស្តារ​មុខមាត់​ឡើងវិញ​ផងដែរ​។​
 
​សូមបញ្ជាក់ថា ចាប់តាំងពី​លោក Solskjaer ឡើងមក​ជំនួស​តំណែង Jose Mourinho កាលពី​ខែធ្នូ ឆ្នាំ​២០១៨ មក ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស​២០​សម័យ​មិនទាន់​ស្គាល់​ចាញ់​នោះទេ ដោយ​ប្រកួត​១០​លើក​ឈ្នះ​៨ ស្មើ​២ ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​៥ មាន​៥២​ពិន្ទុ​។ 
 
​ក្រៅពី​ពាន FA Cup ក្រុម​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង Manchester មាន​កាតព្វកិច្ច​ធំ​បំផុត​គឺ​ដណ្តើមយក​ចំណាត់ថ្នាក់ Top ៤ ឲ្យ​បាន​នៅ​រដូវ​កាល​នេះ ខណៈ​ការ​ប្រជែង​ពាន Champions League ហាក់​ឃ្លាតឆ្ងាយ​ប​ន្តិ​ទៅហើយ​ក្រោយ​ចាញ់ PSG នៅ​ជើង​ទី​១ ក្នុង​ដី​ខ្លួនឯង​ដល់​ទៅ ២-០៕  
 

Tag:
 បាល់ទាត់​
  Manchester United
  Ole Gunnar Solskjaer
© រក្សាសិទ្ធិដោយ thmeythmey.com