ភ្នំពេញ៖ ជប៉ុននឹងផ្តល់ហិរញ្ញប្បទានចំនួន៤,៩៣៩លានយ៉េន (ប្រមាណ៤៥,៣លានដុល្លារអាមេរិក) ដល់កម្ពុជា សម្រាប់គម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអគ្គិសនី ដើម្បីធ្វើទំនើបកម្មកំពង់ផែ និងគម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងរំដោះទឹកខាងលិចនៅបឹងទន្លេសាប។ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយលោក Yuichi SUGANO ប្រធាន JICA ប្រចាំនៅកម្ពុជា ចុះហត្ថលេខាលើឯកសារហិរញ្ញប្បទាននេះ កាលពីថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០១៩។
សម្រាប់ថវិកា៤៥,៣លានដុល្លារ ដែលជប៉ុនផ្តល់ឱ្យកម្ពុជានេះ ត្រូវបានបែកចែកយ៉ាងច្បាស់ទៅតាមគម្រោងនីមួយៗ។ ក្នុងចំណោមថវិកានេះ មានប្រមាណ ១១,៨លានដុល្លារ សម្រាប់គម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអគ្គិសនី នៅកំពង់ផែ ដើម្បីធ្វើទំនើបកម្ម ។ គម្រោងនេះមានទិសដៅធ្វើបច្ចុប្បភាព និងទំនើបកម្មលើប្រព័ន្ធចាំបាច់នានា សម្រាប់ការផ្លាស់ប្តូរទិន្នន័យឌីជីថល (Digital)ទៅលើការស្នើសុំ និងការផ្តល់ព័ត៌មានជាដើម ទៅកាន់អ្នកគ្រប់គ្រងកំពង់ផែ។ គម្រោងនេះនឹងរៀបចំសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តរាជធានីភ្នំពេញ។ នេះបើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ដោយឡែកថវិកាប្រមាណ ៣៣.៥ លានដុល្លារទៀត គឺសម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកខាងលិចទន្លេសាបជំហានទី២។ គម្រោងនេះ មានទិសដៅសាងសង់ និងជួសជុលប្រព័ន្ធធារាសាស្ត្រ ដែលនឹងអាចស្រោចស្រពលើផ្ទៃដីកសិកម្មជិត ១,៣ម៉ឺនហិកតា។
បើតាមក្រសួងសេដ្ឋកិច្ច គម្រោងនេះ នឹងរៀបចំបង្កើត ពង្រឹងសហគមន៍ កសិករប្រើប្រាស់ទឹក និងផ្សព្វផ្សាយស្តីពីការគ្រប់គ្រងកសិកម្ម នៅតាមតំបន់ជនបទចំនួន៦ ក្នុងខេត្តចំនួន៣ នៃភាគខាងលិចបឹងទន្លេសាប ដែលអនុគម្រោងលំហាច ក្នុងខេត្តកំពង់ឆ្នាំង, អនុគម្រោងដំណាក់អំពិល អនុគម្រោងវត្តល្លូង និងអនុគម្រោងវត្តជ្រៃ ក្នុងខេត្តពោធិ៍សាត់, អនុគម្រោងរៀមគុន និងអនុគម្រោងប្រឡាយពោធិ៍ ក្នុងខេត្តបាត់ដំបង។
គម្រោងនេះនឹងរួមចំណែកផងដែរ ក្នុងការបង្កើនផលិតកម្មកសិកម្មយ៉ាងខ្លាំង ក្នុងតំបន់គោលដៅ និង បង្កើតវិស័យសទេសចរណ៍ធម្មជាតិ ដែលជាកត្តាជួយធ្វើឲ្យប្រសើរឡើងនូវស្ថានភាពរស់នៅតាមជនបទ កាន់តែខ្លាំង។
ជាមួយគ្នានេះ លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា កិច្ចព្រមព្រៀងហិរញ្ញប្បទាន ទាំងពីរនេះ គឺជាឯកសារគតិយុត្តមួយទៀត បន្ទាប់ពីលិខិតប្តូរសារ ដែលទើបត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី២០ កុម្ភៈ ឆ្នាំ ២០១៩ កន្លងទៅ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ដែលអាចនាំឲ្យឈានទៅដល់ការអនុវត្តនីតិវិធីបន្តបន្ទាប់ទៀត សម្រាប់ការអនុវត្តគម្រោងជាក់ស្តែង។
កាលពី២០១៨ រដ្ឋាភិបាលជប៉ុនតាមរយៈ JICA បានចុះហត្ថលេខាលើឯកសារសី្តពីជំនួយអភិវឌ្ឍផ្លូវការរបស់ជប៉ុន សម្រាប់កម្ពុជា ដែលមានទឹកប្រាក់សរុប ១៤,៤៩៧ លានយ៉េន (ប្រមាណ១៣២,២៧ លានដុល្លារអាមេរិក)។ ចំនួនទឹកប្រាក់ទាំងនេះ រាប់ទាំងកិច្ចព្រមព្រៀងទាំងពីរនេះផងដែរ។ ក្នុងនោះ មានជំនួយឥតសំណងប្រមាណ ១៤,៩១លានដុល្លារអាមេរិក និងឥណទានសម្បទានប្រមាណ ១១៧, ៣៦លានដុល្លារអាមេរិក។ នេះបើតាម លោក អូន ព័ន្ធមុនីរ័ត្ន៕