ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្មាន​មិន​ដល់​សោះ​ថា “​ផ្កាម្លិះ​” ប្រសើរ​យ៉ាងនេះ​ចំពោះ​សុខភាព និង​សម្រស់​
28, Feb 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ម្លិះ ជា​ផ្កា​មួយ​ប្រភេទ​ដែលមាន​ក្លិនក្រអូប​ឈ្ងុយ និង​សម្បូរ​ណាស់ដែរ​ក្នុងប្រទេស​កម្ពុជា​។ បើទោះបីជា​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ធ្លាប់​ស្គាល់​ផ្កា​នេះ ប៉ុន្តែ​ប្រហែលជា​មិនបាន​ចាប់អារម្មណ៍​ដឹង​ទេ​ថា ផ្កាម្លិះ អាច​ផ្ដល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព ក៏ដូចជា​សម្រស់​បាន​យ៉ាង​ប្រសើរ​។


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អត្ថប្រយោជន៍​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នៃ​ផ្កាម្លិះ​ចំពោះ​សុខភាព និង​សម្រស់ ៖
 
១. កាត់បន្ថយ​ស្ត្រេ​ស​
 
​ក្លិន​នៃ​ផ្កាម្លិះ គឺ​ជួយ​សម្រួល​ប្រព័ន្ធ​សរសៃប្រសាទ​បាន​យ៉ាង​ប្រសើរ ដូច្នេះហើយ​ទើប​ការ​ស្រងក្លិន​ផ្កា​នេះ​ជួយ​កាត់បន្ថយ​កម្រិត​នៃ​ភាព​តានតឹង​ក្នុង​អារម្មណ៍​បាន​ឆាប់រហ័ស​។​

២. កាត់បន្ថយ​បញ្ហា​ថប់​អារម្មណ៍ និង​ជំងឺ​ធ្លាក់​ទឹកចិត្ត​
 
​អ្នក​ក៏​អាច​ហិតក្លិន​ផ្កាម្លិះ ដើម្បី​សម្រាល​អាកា​រៈថ​ប់​អារម្មណ៍​ផងដែរ​។ តាមរយៈ​ការដក​ដ្ហើ​ម​ស្រងក្លិន​ចេញចូល​មួយៗ​វែងៗ ក្លិន​នៃ​ផ្កាម្លិះ​អាចជួយ​ឱ្យ​អ្នក​ស្រាល​អារម្មណ៍​ឈប់​គិត​ច្រើន​ហួស​បាន​។ ហើយក៏​ព្រោះតែ​ផ្កាម្លិះ​មាននូវ​លក្ខណៈសម្បត្តិ​ជួយ​លើកកម្ពស់​អារម្មណ៍​ល្អប្រសើ​រ​នោះ​វា​ក្លាយ​ជាមាន​ប្រយោជន៍​ណាស់​កំឡុងពេល​អ្នកមាន​អារម្មណ៍​ធ្លាក់​ទឹកចិត្ត​។ ចូរ​ប្រើប្រាស់​ប្រេង​ផ្កាម្លិះ ប្រសិនបើ​កំពុង​ទទួលទាន​បញ្ហា​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​កម្រិត​ស្រាល​។​
 
៣. វា​ជួយ​កាត់បន្ថយ​ការឈឺចាប់​ផ្សេងៗ​
 
​មិន​ថា​អ្នក​កំពុង​ទទួលរង​ការឈឺចាប់​ក្នុង​ទម្រង់​បែបណា​នោះទេ អ្នក​អាច​ដោះស្រាយ​បញ្ហា​បាន​យ៉ាង​ប្រសើរ​តាមរយៈ​ការប្រើប្រាស់​ប្រេង​ផ្កាម្លិះ​។ ការ​ហិតក្លិន​ផ្កាម្លិះ ឬ​ប្រើប្រាស់​ប្រេង​ផ្កាម្លិះ​លាប​ម៉ាស្សា​សៀតផ្កា​ក៏​អាចជួយ​បំបាត់​អាកា​រៈ​ឈឺក្បាល​បាន​ឆាប់រហ័ស​ផងដែរ​។ អ្នក​អាច​ប្រើប្រាស់​ប្រេង​ផ្កាម្លិះ​លាប​លើ​ពោះ​នៅពេល​ឈឺពោះ ឬ​រោគសញ្ញា​មុនពេល​អស់​រដូវ​។ ហើយ​អ្នក​ក៏​អាច​លាប​ម៉ាស្សា​ប្រេង​ម្លិះ​ដើម្បី​បំបាត់​ការឈឺ​សន្លាក់​ផងដែរ​។​
 
៤. គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​
 
​ក្រៅពី​ផ្កា​ហើយ​នោះ ស្លឹក​នៃ​ផ្កាម្លិះ​ក៏​ផ្ដល់​អត្ថប្រយោជន៍​អស្ចារ្យ​ផងដែរ​។ អ្នក​អាច​ប្រើប្រាស់​ស្លឹក​នៃ​ផ្កាម្លិះ​ទៅ​ឆុង​ជា​តែ ហើយ​ទទួលទាន​ដើម្បី​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ តែ​ស្លឹក​ផ្កាម្លិះ​ថែមទាំង​មាន​ប្រសិទ្ធិភាព​ជួយ​ទប់ស្កាត់​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ទៀតផង​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ដើម្បី​ជាការ​ប្រសើរ នៅ​មុនពេល​ទទួលទាន​ឱសថ​បែប​ធម្មជាតិ​ណាមួយ​កំឡុងពេល​មាន​ជំងឺ ឬ​ប្រើប្រាស់​ថ្នាំ​ព្យាបាល​អ្វី​ផ្សេង​ដែរ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​។​
 
៥. ពន្យឺត​ភាព​ចាស់​មុន​វ័យ​នៃ​ស្បែក​
 
​ផ្កាម្លិះ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ការពារ​កោសិកា​ស្បែក​ទប់ស្កាត់​ភាព​ចាស់​មុន​វ័យ​។ គ្រាន់តែ​បន្ថែម​ប្រេង​ផ្កាម្លិះ​ត្រឹម​ប៉ុន្មាន​ដំណក់​ក្នុង​សាប៊ូលាងមុខ​, ទឹក​ជូត​សម្អាត​មុខ ឬ​ផលិតផល​ផ្ដល់​សំណើម​ដល់​ស្បែក​អាចជួយ​ពន្យឺត​ការលេចឡើង​នៃ​ស្នាម​ជ្រីវជ្រួញ និង​កាត់បន្ថយ​ស្នាម​ជ្រួញ​ដែល​លេចឡើង​រួចហើយ​។ អ្នក​អាច​លាយ​ប្រេង​ផ្កាម្លិះ​ជាមួយ​ទឹក​ផ្កា​កុលាប ហើយ​លាប​ទៅលើ​មុខ ដើម្បី​ដោះស្រាយ​បញ្ហា​រន្ធ​ញើស​ធំ និង​ប​ញ្ហ​ស្បែក​ខ្លាញ់​។​
 
៦. ពង្រឹង​សុខភាព​សក់​
 
​គ្រាប់​តែ​បន្ថែម​ប្រេង​ផ្កាម្លិះ​ប៉ុន្មាន​ដំណក់​ក្នុង​សាប៊ូកក់សក់ ឬ​ក្រែ​ម​បន្ទន់ អាចជួយ​ធ្វើឱ្យ​សុខភាព​រឹងមាំ និង​ទន់​រលោង​ស្រស់ស្អាត​មាន​ពន្លឺ​គួរឱ្យកត់សម្គាល់​។ ប្រសិនបើ​អ្នក​កំពុង​ទទួលទាន​បញ្ហា​អង្គែ ឬ​កើត​ចៃ អ្នក​អាច​ប្រើប្រាស់​ផ្កាម្លិះ​ស្រស់​មក​ដោះស្រាយ​បញ្ហា​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​បុក​កំទេច​ផ្កាម្លិះ​មួយចំនួន ហើយ​ដាក់​កូរ​លាយ​វា​ក្នុង​ប្រេងដូង​ក្ដៅ​ឧណ្ហៗ​។ រងចាំ​ដល់​ប្រេងដូង​ចុះ​ត្រជាក់​បន្តិច សឹម​ចាប់ផ្ដើម​លាប​ម៉ាស្សា​លើ​ស្បែកក្បាល​។ ធ្វើបែបនេះ​ពី ៤៥ ទៅ ៦០ នាទី មុនពេល​អ្នក​កក់សក់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com