ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​ឆាប់​ជា​ធូរស្បើយ អ្នកមាន​បញ្ហា​ខ្លាញ់​រុំ​ថ្លើម គួរ​ទទួលទាន​អាហារ​ទាំងនេះ​
01, Mar 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​ខ្លាញ់​រុំ​ថ្លើម អាច​ត្រូវបាន​ចែកចេញជា ២ ប្រភេទ គឺ​ប្រភេទ​បង្កឡើង​ដោយ​ជាតិ​អាកុល ឬ​គ្រឿង​ស្រវឹង​ដែល​កើតឡើង​ចំពោះ​អ្នក​ដែល​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើនពេក និង​ប្រភេទ​មិន​បង្កឡើង​ដោយ​ជាតិ​អាកុល ឬ​គ្រឿង​ស្រវឹង​ច្រើន​កើត​ចំពោះ​អ្នក​ដែល​អង្គុយ​យូរៗ​ពេក​ក្នុង​មួយថ្ងៃៗ ឬ​អ្នក​ធាត់​ជ្រុល​។ បញ្ហា​ខ្លាញ់​រុំ​ថ្លើម គឺជា​មូលហេតុ​ចម្បង​បំផុត​មួយ​នៃ​ជំងឺ​ខ្សោយ​ថ្លើម ហើយ​អាច​វិវត្តន៍​ទៅជា ជំងឺ​ក្រិន​ថ្លើម ឬ​ជំងឺ​រលាក​ថ្លើម​។ ប៉ុន្តែ​មិន​ថា​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​ខ្លាញ់​រុំ​ថ្លើម​ប្រភេទ​ណា​នោះទេ អ្នក​អាច​កែប្រែ ឬ​ទប់ស្កាត់​ស្ថានភាព​មុននឹង​ឈានដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​បាន ដោយ​គ្រាន់តែ​ជ្រើសរើស និង​រក្សា​ឲ្យ​បាន​នូវ​របប​អាហារ​ត្រឹមត្រូវ​មួយ​។ ថា​តើ​អាហារ​ដែល​អ្នកជំងឺ​ខ្លាញ់​រុំ​ថ្លើម​គួរ​ទទួលទាន​ឲ្យ​បាន​ច្រើន​មាន​អ្វី​ខ្លះទៅ​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អាហារ​ទាំងនោះ ៖
 
១. បន្លែ និង​ផ្លែឈើ​
 
​ក្រៅពី​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​, វីតាមីន និង​ជាតិ​រ៉ែ​សំខាន់ៗ​ហើយ​នោះ បន្លែ​ផ្លែឈើ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ជម្រុញ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​បាក់តេរី​ដែល​បង្ក​ឱ្យ​ថ្លើម​ទទួលរង​ការ​រលាក​។ បន្លែ​បៃតង​និង​ផ្លែឈើ​មិន​ត្រឹមតែ​ប្រសើរ​ជួយ​ដោះស្រាយ​បញ្ហា​ខ្លាញ់​រុំ​ថ្លើម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ល្អ​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល​តែម្ដង​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​បន្លែ​ផ្លែឈើ​ឱ្យបាន​ច្រើន​។​
 
២. សាច់​គ្មាន​ខ្លាញ់​
 
​ប្រភេទ​នៃ​អាហារ​ដទៃទៀត​ដែល​អ្នកជំងឺ​ខ្លាញ់​រុំ​ថ្លើម​គួរ​ដាក់បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ គឺ​ប្រូតេអ៊ីន​។ ហើយ​សាច់​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន ប៉ុន្តែ​ទោះជា​យ៉ាងណា​ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​ខ្លាញ់​រុំ​ថ្លើម ចូរ​ជៀសវាង​ការទទួល​ទាន​សាច់​ខ្លាញ់ និង​ស្បែក​។ ដើម្បី​ទទួលទាន​ជាតិ​ប្រូតេអ៊ីន​គ្រប់គ្រាន់ ការជ្រើសរើស​ទទួលទាន​សាច់​គ្មាន​ខ្លាញ់ គឺ​ប្រសើរ​បំផុត​សម្រាប់​អ្នកជំងឺ​ខ្លាញ់​ក្នុង​ថ្លើម​។​
 
៣. គ្រាប់​ធញ្ញជាតិ​
 
​អាហារ​ផ្សេងទៀត​ដែល​អ្នកជំងឺ​ខ្លាញ់​រុំ​ថ្លើម​គួរ​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ គឺ​គ្រាប់​ធញ្ញជាតិ​។ មិន​ត្រឹមតែ​ជួយ​ការពារ​ប្រឆាំង​ទៅនឹង​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គ្រាប់​ធញ្ញជាតិ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣, ជាតិ​សរសៃ​, សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​, ជាតិ​រ៉ែ និង​វីតាមីន​ដែល​ចាំបាច់​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល​។ ការទទួល​ទាន​គ្រាប់​ធញ្ញជាតិ​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ស​សៃ​ឈាម​បេះដូង ក៏ដូចជា​កម្ចាត់​ចោល​នូវ​រាល់​ជាតិពុល និង​ជាតិ​ខ្លាញ់​មិនល្អ​ចេញពី​ថ្លើម​ផងដែរ​។​
 
៤. អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​គ្មាន​ជាតិ​ខ្លាញ់​
 
​ជំនួស​ឱ្យ​ការជ្រើសរើស​ទទួលទាន​ទឹកដោះគោ ឬ​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់ អ្នកជំងឺ​ខ្លាញ់​រុំ​ថ្លើម​គួរ​ទទួលទាន​ផលិតផល​ណាមួយ​ដែល​គ្មាន​ជាតិ​ខ្លាញ់ ឬ​ជាតិ​ខ្លាញ់​តិច​ជំនួស​វិញ​។​
 
៥. ខ្លាញ់​មិន​ឆ្អែត​
 
​មិនមែន​ខ្លាញ់​ទាំងអស់​សុទ្ធតែ​អាក្រក់​ចំពោះ​សុខភាព​ឡើយ ដូចជា​ប្រភេទ​ខ្លាញ់​មិន​ឆ្អែត​ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​រាងកាយ​ទាំងមូល​។ អាហារ​ដែលមាន​ផ្ទុក​ជាតិ​ខ្លាញ់​មិន​ឆ្អែត​មានដូចជា គ្រាប់ពូជ​, គ្រាប់​ធញ្ញជាតិ និង​សូម្បីតែ​ប្រេង​អូ​លីវ​ដែល​ពង្រឹង​សុខភាព​បេះដូង​, សុខភាព​រាងកាយ រួមបញ្ចូល​ទាំងមុខ​ងារ​ខួរក្បាល​។ នេះហើយ​ជា​មូលហេតុ ប្រសិនបើ​កំពុង​ជួបប្រទះ​បញ្ហា​ខ្លាញ់​រុំ​ថ្លើម អ្នក​គួរ​រួមបញ្ចូល​អាហារ​មាន​ជាតិ​ខ្លាញ់​មិន​ឆ្អែត​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​
 
៦. ផ្លែ​បឺ​រ​
 
​ជា​ជម្រើស​នៃ​ផ្លែឈើ​ដ៏​ល្អ​បំផុត​មាន​ប្រសិទ្ធិភាព​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​មិនល្អ​ដែល​កកើត​ប្រមូលផ្ដុំ​ក្នុង​ថ្លើម ក៏​ព្រោះ​ផ្លែ​បឺ​រ​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​ល្អៗ និង​ជាតិ​សរសៃ​ដែល​ប្រសើរ​ក្នុង​ការជួយ​ឲ្យ​ស្រក​ទម្ងន់​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com