ជាតិ
សង្គមជាតិ
រយៈពេល​៦​ខែ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ បាន​ចុះ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ជាង​១០០​លើក​
28, Feb 2019 , 10:38 am        
រូបភាព
​ភ្នំពេញ​៖ ដូច​ការគ្រោងទុក សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បើក​កិច្ចប្រជុំ​ជាមួយ​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ នៃ​គណបក្សនយោបាយ​ទាំង​១៦ ដើម្បី​ពិនិត្យ​ទៅលើ​សមិទ្ធផល​ការងារ និង​បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះស្រាយ ក្នុង​សកម្មភាព​ការងារ​រយៈពេល​៦​ខែ​នេះ​។​

 
​ប្រធាន​លេខាធិការដ្ឋាន​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ លោក ឈឹម ផល​វរុណ ដែល​បាន​ស្រង់​របាយការណ៍​នានា​ក្នុង​កិច្ចប្រជុំ​នេះ បាន​រៀបរាប់ថា ក្រោយពី​ចាប់​ដំណើការ​ងារ​រយៈពេល​៦​ខែ​នេះ ក្រុម​ប្រតិភូ​ពី​គណបក្សនយោបាយ​ទាំង​១៦ បាន​ចុះ​បេសកកម្ម​ទៅតាម​បណ្តា​ខេត្ត ដើម្បី​ដោះស្រាយ​បញ្ហា​បាន​ជាង ១០០​លើក​។ ក្រៅពីនេះ​ក្រុមការងារ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ បាន​បើក​កិច្ចប្រជុំ​សរុប ១៣​លើក ដោយ​ក្នុងនោះ​ការប្រជុំ​ជា​ទៀងទាត់​ចំនួន​៦​លើក ជា​រៀងរាល់​ខែម្តង រួមទាំង​ការពិនិត្យ​ទៅលើ​សេចក្តីព្រាងច្បាប់ និង​ព្រាង​គោលនយោបាយ​ជាតិ​ចំនួន ៤ លើក និង​ការកោះអញ្ជើញ​តំណាង​ក្រសួង​មក​ឆ្លើយបំភ្លឺ​លើ​បញ្ហា​នានា ចំនួន​៣​លើក​ផងដែរ​។​
 
​បើតាម​លោក ឈឹម ផល​វរុណ បេសកកម្ម​ជាង ១០០​លើក ដែល​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​ចុះ​ដោះស្រាយ​នោះ ភាគច្រើន​ពាក់ព័ន្ធ​នឹង​បញ្ហា​ជម្លោះដីធ្លី ហើយ​ពួកគេ​បាន​បញ្ជូន​របាយការណ៍​នេះ ដាក់​ទៅ​សម្តេច ហ៊ុន សែន ពិនិត្យ​មុន​ចេញ​ដំណោះស្រាយ​ហើយ​។ 
 
​តាមរយៈ​ការចុះផ្សាយ​របស់​ក្រសួង​ព័ត៌មាន ដែល​បាន​ស្រង់​សម្តី​ប្រធាន​លេខាធិការដ្ឋាន​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​រូបនេះ បាន​សរសេរ​ដូច្នេះ​ថា​៖« សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ក៏បាន​រកឃើញ​ផងដែរ​ថា ទាំង​ជម្លោះដីធ្លី បទល្មើស​នេសាទ​និង​បទល្មើស​ព្រៃឈើ​ជាដើម សុទ្ធ​តែមាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​បុគ្គល​ជាម​ន្ត្រី​ទាំង​នៅ​ថ្នាក់ជាតិ និង​នៅតាម​មូលដ្ឋាន​»​។​
 
​ក្នុង​កិច្ចប្រជុំ​រវាង​សម្ដេច ហ៊ុន សែន និង​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​នេះ ផ្ដោតលើ​របៀបវារៈ​មួយចំនួន​រួមមាន​៖ ទី​១ ពាក់ព័ន្ធ​ទៅនឹង​ទស្សនៈវិស័យ​នៃ​ការប្រមូល​ធាតុ​ចូល​ជាក់ស្តែង​នៃ​ការងារ​របស់​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​នៅក្នុង​រយ​:​ពេល​១​ឆមាស​កន្លងមក​។ ទី​២ ការផ្តល់​មតិ​និង​សំណូមពរ​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា ដែល​អនុវត្ត​៦ ខែ​កន្លងមក ។​ជាពិសេស​បញ្ហា​ជាក់ស្ដែង​នៃ​ការវាយតម្លៃ​ទៅលើ​ចំណុច​វិជ្ជមាន ចំណុច​អវិជ្ជមាន ក៏ដូចជា​ការរកឃើញ​នូវ​តម្រុយ​ភាព​អសកម្ម​អំពើពុករលួយ និង​ការរំលោភ​អំណាច ។ ទី​៣ សម្តេច ហ៊ុន សែន នឹង​បង្ហាញ​អំពី​ទស្សនវិស័យ​ការងារ តប​ទៅនឹង​សកម្មភាព​អនុវត្ត​៦​ខែ របស់​ក្រុមការងារ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ រួមទាំង​ទស្សនវិស័យ នៃ​ប្រសិទ្ធភាព​ការងារ​សម្រាប់​រយៈពេល ៦ ខែ ឬ ១​ឆ្នាំ​ទៅមុខទៀត ។​
 
​កិច្ចប្រជុំ​នេះ នឹង​រៀបចំ​ឲ្យ​ដូចជា​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ដែរ ដោយមាន​ការតភ្ជាប់​វីដេអូ Conference ទៅកាន់​តាម​បណ្តា​ខេត្ត ដើម្បី​ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ក៏​ជា​មេកង​កម្លាំង​នានា ក្នុង​ការរក​ដំណោះស្រាយ​លើ​បញ្ហា ដែល​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ បាន​រកឃើញ​ក្នុង​រយៈពេល​៦​ខែ​មកនេះ​។ នេះ​បើតាម​សម្ដេច ហ៊ុន សែន ប្រកាស​កន្លងមក​។​
 
​បច្ចុប្បន្ន​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ មាន​ចំនួន​៣២​រូប ដែល​មកពី​គណបក្សនយោបាយ​ចំនួន​១៦ ហើយ​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី សម្រាប់​ទទួលបាន​អំណាច​គ្រប់គ្រាន់ ក្នុង​ការចុះ​បំពេញការងារ និង​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​។ គ្រប់​តំណាង​គណបក្ស អាច​ធ្វើជា​ប្រធាន​នៃ​ក្រុមប្រឹក្សា​នេះ​ម្តងម្នាក់ ក្នុង​រយៈពេល​មួយខែ​។ ក្រុមប្រឹក្សា​ខាងលើ ត្រូវ​បើក​កិច្ចប្រជុំ​ម្តង​ក្នុង​រយៈពេល​មួយខែ និង​ក្នុង​រយៈពេល​៦​ខែ ត្រូវ​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី (​សម្តេច ហ៊ុន សែន​) ម្តង​។ វិមាន​សន្តិភាព ជា​កន្លែង​សម្រាប់​ប្រជុំ​របស់​ក្រុមប្រឹក្សា​នេះ​។ គួរ​បញ្ជាក់ថា ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​ត្រូវបាន​បង្កើតឡើង​កាលពី​ខែកញ្ញា ឆ្នាំ ២០១៨ តាម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច ហ៊ុន សែន ក្រោយពេល​ការបោះឆ្នោតជាតិ​អាណត្តិ​ទី​៦៕
 

Tag:
 ឈឹម ផល​វរុណ​
  ក្រុមប្រឹក្សា​ពិគ្រោះ​
  យោបល់
© រក្សាសិទ្ធិដោយ thmeythmey.com