កីឡាអន្តរជាតិ
អន្តរជាតិ
Top ៤ នៅ​ប្រទាញប្រទង់​គ្នា ខណៈ Spurs នៅ​ទ្រឹង​
28, Feb 2019 , 12:05 pm        
រូបភាព
Manchester United នៅតែ​បន្ត​រក​ជ័យជម្នះ​របស់ខ្លួន​បាន ក្រោយ​យកឈ្នះ Crystal Palace ៣-១ ក្នុងការ​ប្រកួត Premier League នៅ​រាត្រី​ថ្ងៃទី​២៧ ខែកុម្ភៈ​បើ​ទោះ​ពួកគេ​មាន​បញ្ហា​របួស​កីឡាករ​សំខាន់​ច្រើន​ក៏ដោយ​។ រីឯ Arsenal, Liverpool និង Man City សុទ្ធតែ​ឈ្នះ​រៀងខ្លួន ខណៈ Tottenham Hotspur ខកចិត្ត​ក្រោយ​ចាញ់ Chelsea ២-០​។ ចំណាត់ថ្នាក់​Top ៤ នៅ​ប្រទាញប្រទង់​គ្នា ខណៈ Spurs នៅ​ទ្រឹង​លេខ​៣​។​


 
​ក្រុម​បិសាច​ក្រហម​មាន​បញ្ហា​កីឡាករ​សំខាន់​របួស​រហូតដល់​ទៅ​៩​រូប រួមមាន ខ្សែបម្រើ Ander Herrera, Jesse Lingard, Juan Mata, Nemanja Matic និង Anthony Martial រូ​ម​ជាមួយ​ខ្សែការពារ Phil Jones, Antonio Valencia, Matteo Darmian និង​ខ្សែប្រយុទ្ធ Marcus Rashford​។ ប៉ុន្តែ​បើ​ទោះ​យ៉ាងនេះ​ក្តី​កូនក្រុម​របស់លោក Solskjaer នៅតែ​អាច​រក្សា​កំណត់ត្រា​មិន​ចាញ់​សោះ​ក្នុងការ​ប្រកួត​១១​លើកចុងក្រោយ​បន្ទាប់ពី​យកឈ្នះ Crystal Palace ៣-១​។ 

 
​ក្នុងចំណោម​៣​គ្រាប់​របស់ Man Utd ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ Romelu Lukaku (​នាទី ៣៣, ៥២) និង  Ashley Young នៅ​នាទី​៨៣​។ Lukaku ដែល​ធ្លាក់​ទម្រង់​មានឱកាស​ស្តារ​មុខមាត់​វិញ​ដោយ​ស្ថិតក្នុង​ជម្រើស​១១​នាក់​ដំបូង​របស់​អ្នកចាត់ការ​សញ្ជាតិ​ន័​រ​វែ​ស បន្ទាប់ពី​ខ្សែប្រយុទ្ធ​កំពុង​ឡើង​ជើង Rashford របួស​។​
 
​ដោយឡែក Arsenal នៅតែ​រក្សា​ចំណាត់ថ្នាក់ Top 4 របស់ខ្លួន​ដដែល​ក្រោយ​លត់ AFC Bournemouth ៥-១ ក្នុងជំនួប​សប្តាហ៍​ទី​២៨ ដោយ​នាំមុខ Man Utd ដែល​ឈ​លេខ​៥ មួយ​ពិន្ទុ​។​
Chelsea ដែលជា​ក្រុម​ត្រូវ​ប្រជែង​យក​តំណែង Top 4 ដែរនោះ ក៏​អាច​យកឈ្នះ​ក្រុម​ខ្លាំង Spurs ដោយ​លទ្ធផល ២-០ ផងដែរ​។ ក្រុម​តោ​ខៀវ​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៦ មាន​៥៣​ពិន្ទុ តាម​ពីក្រោយ Man Utd ២​ពិន្ទុ ប៉ុន្តែ​ពួកគេ​នៅសល់​១​ប្រកួត​ទៀត​។​
 
​ជ័យជម្នះ​របស់ Chelsea បាន​នាំ​ឲ្យ Spurs កាន់តែ​ឃ្លាតឆ្ងាយ​ឱកាស​ដើម្បី​ដណ្តើមពាន​លី​គ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ ខណៈ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Liverpool ៩​ពិន្ទុ និង​ក្រុម​លេខ​២ Man City ៨​ពិន្ទុ​។​
 
Liverpool បាន​យកឈ្នះ Watford យ៉ាង​ចាស់ដៃ ៥-០ ហើយ Man City ឈ្នះ West Ham United ១-០​។ លទ្ធផល​នេះ​បាន​នាំ​ឲ្យ​ក្រុម​រហស្សនាម​ហង្ស​ក្រហម និង​មេឃ​ខៀវ​នៅតែ​បន្ត​ប្រដេញ​ពិន្ទុ​គ្នា​ដើម្បី​ប្រជែង​ពាន Premier League ខណៈ​ការប្រកួត​នៅសល់​១០​លើក​ទៀត​។ 
  
 
​ក្រោយ​ការប្រកួត​២៨​លើក Liverpool ឈ​នៅ​ចំណាត់ថ្នាក់​ទី​១​ក្នុង​តារាង មាន​៦៩​ពិន្ទុ តាម​ពីក្រោយ​ដោយ Man City ដែលមាន​៦៨​ពិន្ទុ​។ ចំណែក​ក្រុម Spurs មាន​៦០​ពិន្ទុ ខណៈ​ក្រុម​ចំណាត់ថ្នាក់​Top ៤ ដែល​ប្រទាញប្រទង់​គ្នា មាន​ពិន្ទុ​ខុសគ្នា​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ​៕
 

Tag:
 បាល់ទាត់​
  Manchester United
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com