ជាតិ
សិល្បះ
ភរិយា​កវី គ​ង្គ ប៊ុន​ឈឿន នឹង​មក​ដោះស្រាយ​ករណី​ផលិតកម្ម​ដែល​យក​ស្នាដៃ​ស្វាមី​ទៅ​កាឡៃ​
28, Feb 2019 , 4:27 pm        
រូបភាព
​ភ្នំពេញ​៖ អ្នកស្រី គាត គឹម​លន ភរិយា​កវី​ម្ចាស់​ស្ទឹង​សង្កែ គ​ង្គ ប៊ុន​ឈឿន ដែល​កំពុង​រស់នៅ​ប្រទេស​ន័​រវេ​ស នឹង​មកដល់​កម្ពុ​ជានា​ថ្ងៃទី​១៥​ខែមីនា​ខាងមុខ ដើម្បី​ដោះស្រាយ​ករណី​បំពាន​កម្មសិទ្ធិបញ្ញា​លើ​បទ​ចម្រៀង «​ថ្ងៃ​ដែល​អូន​ចុក​ឈាម​» ឬ បទ «​នឹក​ភូមិ​ភ្នំ​ធំ​»​។ នេះ​បើតាម​អ្នកស្រី ប៊ុន​ឈឿន សូ​រី​ដា កូនស្រី​ច្បង​។​

 
​ក្នុងដំណាក់កាល​ប្រមូល​ឯកសារ និង​ភស្ដុតាង​នេះ អ្នកស្រី ប៊ុន​ឈឿន សូ​រី​ដា បាន​ប្រាប់​សារព័ត៌មាន ThmeyThmey ថា ដំណើរការ​ដាក់ពាក្យ​បណ្ដឹង​នឹង​ធ្វើឡើង​ក្រោយពី​ម្ដាយ​របស់​អ្នកស្រី​មកដល់​កម្ពុជា​។ 
 
​ក្នុងនាម​ជា​កូនស្រី​កវី​ម្ចាស់​បទ «​ថ្ងៃ​ដែល​អូន​ចុក​ឈាម​» ឬ «​នឹក​ភូមិ​ភ្នំ​ធំ​» អ្នកស្រី សូ​រី​ដា ថា​បទ​ដែល​នាយ​ចឺម​យកទៅ​កាឡៃ បង្ហាញ​ពី​ការ​មិនឱ្យ​តម្លៃ​ស្នាដៃ​ដើម​។ កូនស្រី​កវី​ម្ចាស់​ស្ទឹង​សង្កែ​រូបនេះ ទាមទារ​ឱ្យ​ផលិតកម្ម​សាមី​ដក​បទ «​អូន​ជា​អ្នកមាន សម​នឹង​អ្នកមាន​ដូចគ្នា​» ដែល​ច្រៀង​ដោយ​នាយ​ចឺម​ចេញ ហើយ​ត្រូវធ្វើ​ទៅតាម​និតិ​វិធី​ច្បាប់​ស្ដីពី​កម្ម​សិទ្ធ​បញ្ញា​។​


រូប​ពី​ហ្វេសប៊ុកអ្នកស្រី ប៊ុនឈឿន សូរីដា
 
​អ្នកស្រី សូ​រី​ដា បញ្ញា​ក់ ៖«​យើង​ទាមទារ​ឱ្យ​គាត់​ដក​បទ​នេះ​ចេញ ហើយ​ត្រូវធ្វើ​ទៅតាម​និតិ​វិធី​ច្បាប់​ស្ដីពី​កម្ម​សិទ្ធ​បញ្ញា​។ បទ​នេះ​វា​ដូចជា​អាក្រក់​មើល​ខ្លាំងពេក​។ ពីមុន​មាន​គេ​យក​បទ​ពីមុនមក​ច្រៀង​ដែរ តែ​គេ​ដាក់​កម្ម​សិទ្ធ​បញ្ញា មរតក​ដើម ហើយ​គេ​ច្រៀង​សមរម្យ​ផង​»​។ 
 
​ប្រសិនបើ​ខាង​ផលិតកម្ម​ដក​បទ​ដែល​នាយ​ចឺម​កាឡៃ​ស្នាដៃ​ដើម ចេញពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​មុនពេល​អ្នកស្រី គាត គឹម​លន មកដល់​កម្ពុជា ក៏​គ្រួសារ​របស់​កវី គ​ង្គ ប៊ុន​ឈឿន ទាមទារ​ឱ្យមាន​ការធ្វើ​សន្និស័ទ​សារព័ត៌មាន​សុំទោស​ជា​ផ្លូវការ និង​នៅតែ​អនុវត្តន៍​ទៅតាម​ច្បាប់​ដែរ​។ «​ទោះបីជា​គេ​ដក​មុន​ដាក់ពាក្យ​បណ្ដឹង​ក្ដី ក៏​យើង​នៅតែ​ធ្វើទៅ​តាមច្បាប់​ដែរ​។ គាត់​ត្រូវធ្វើ​សន្និស័ទ​កាសែត​សុំទោស​ជា​សាធារណៈ មិនមែន​ដក​ស្ងាត់ៗ​នោះទេ​។ បើ​មិន​ធ្វើបែបនេះ​នឹង​នៅតែមាន​ករណីនេះ​បន្តទៅ​ពេល​ក្រោយ​ទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់​កូនស្រី​ច្បង​កវី គ​ង្គ ប៊ុន​ឈឿន​។​
 
​សូម​ស្ដាប់​សម្ដី​អ្នកស្រី ប៊ុន​ឈឿន សូ​រី​ដា ខាងក្រោម ៖



 
​អ្នកស្រី ប៊ុន​ឈឿន សូ​រី​ដា បញ្ជាក់​បន្ថែមថា ៖«​ការយក​បទ​ចម្រៀង​មរតក​ដើម មក​ច្រៀង​ឡើងវិញ បញ្ជាក់ថា​អ្នកនោះ​ស្រឡាញ់ និង​ពេញចិត្ត​ចម្រៀង​ពី​ដើម​ហើយ តែ​ពួកគេ​គួរតែ​ច្រៀង​ឱ្យ​ដូច​បទ​ពីមុន និង​ដាក់​កម្ម​សិទ្ធ​បញ្ញា​ឱ្យ​ម្ចាស់​ស្នាដៃ​ដើម​ជាការ​ល្អប្រសើរ​»៕
 

Tag:
 គ​ង្គ ប៊ុន​ឈឿន​
  ចម្រៀង​
  សិល្បៈ​
 ​ចម្រៀង​មរតក​ដើម​
© រក្សាសិទ្ធិដោយ thmeythmey.com