ជាតិ
សង្គមជាតិ
នគរបាលឲ្យក្លិបកម្សាន្ត និងបារបារាំងជាង១២០០កន្លែងនៅភ្នំពេញ សន្យាមិនពាក់ព័ន្ធគ្រឿងញៀន លោក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ
×
ភ្នំពេញ៖ ក្លិបកម្សាន្ត និងបារបារាំង១២៩៥កន្លែង នៅភ្នំពេញ បានធ្វើកិច្ចសន្យាជាមួយនាយការិយាល័យគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដោយធានា មិនពាក់ព័ន្ធនឹងគ្រឿងញៀន។ នេះជាការបំភ្លឺរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឆ្លើយតបនឹងព័ត៌មានដែលរាយការណ៍ថា សមត្ថកិច្ច រកឃើញ ក្លិបកម្សាន្ត និងបារបារាំង១២៩៥កន្លែង មានពាក់ព័ន្ធនឹងគ្រឿងញៀន។
ស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា ជាព័ត៌មានមិនពិតដែលថា សមត្ថកិច្ចរកឃើញក្លិបកម្សាន្ត និងបារបារាំងទាំងនោះ ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។ តាមពិតទៅ សារព័ត៌មានក្នុងស្រុកជាច្រើនដកស្រង់ព័ត៌មាននេះ ពីគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ុន្តែក្រោយមក គេសង្កេតឃើញតំណភ្ជាប់ (Link) ទាក់ទងនឹងព័ត៌មានខាងលើត្រូវបានដកចេញវិញ។
កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសទទួលបានលទ្ធផលខ្ពស់រហូតដល់ជិត៩១ភាគរយ ដោយការបង្ក្រាបបាន២,០២៤ករណី ឃាត់ខ្លួនបាន៣,៦៧០នាក់ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។ នេះបើតាមរបាយការណ៍ និងការវាយតម្លៃរបស់នាយការិយាល័យគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
កាលពីថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចក្រោមការដឹកនាំផ្ទាល់ របស់លោក ស ថេត បានបិទក្លិប Rock ក្រោយមកឃើញគ្រឿងញៀនដល់ទៅជាង៥០គីឡូក្រាម និងចាប់បានអ្នកជួញដូរនិងអ្នកសេពគ្រឿងញៀនជាង៣០០នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com