ជាតិ
សេដ្ឋកិច្ច
ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី មានសិទ្ធិចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់D
× ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មផ្ដល់សិទ្ធិដល់មន្ទីរពាណិជ្ជកម្មនៃខេត្តចំនួនបី រួមមានខេត្តក្រចេះ ស្ទឹងត្រែង និងខេត្តមណ្ឌលគិរី សម្រាប់ចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ឌី (CO/D) ។ នេះជាការដាក់ឲ្យដំណើការសាកល្បង ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ខែមីនាឆ្នាំ២០១៩ តទៅ។
សេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី២៧ខែកុម្ភៈបានឲ្យដឹងថា៖«ក្រសួងពាណិជ្ជកម្មស្នើសុំលោក លោកស្រី អ្នកផលិត និងអ្នកនាំចេញកសិផល ដាក់ពាក្យសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមកំណើតទម្រង់ឌី តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម តាមរយៈគេហទំព័រ https://co.moc.gov.kh ហើយត្រូវចុះហត្ថលេខា និងទទួលវិញ្ញាបនបត្រនេះនៅមន្ទីរពាណិជ្ជកម្មខេត្តនៃទីស្នាក់ការក្រុមហ៊ុនរបស់ខ្លួនស្ថិតនៅ»។
នេះគឺជាការធ្វើប្រតិភូកម្មមុខងារដល់មន្ទីរខេត្តជាប់ព្រំដែនជាបន្តបន្ទាប់ ក្នុងការចេញ COទម្រង់D ។ កន្លងមកនេះ ក្រសួងពាណិជ្ជកម្មបានផ្ដល់សិទ្ធិនេះដល់ខេត្តរតនគិរី និងខេត្តជាប់ព្រំដែនថៃ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ រួចមកហើយដើម្បីបង្កភាពងាយស្រួលដល់អ្នកផលិត អ្នកនាំចេញ និងពង្រីកទំហំនាំចេញកសិផលទៅកាន់ប្រទេសជិតខាង។
គួរបញ្ជាក់ថា CO មានច្រើនទម្រង់។ ហើយទម្រង់ D នេះ គ្រាន់តែជាឈ្មោះ CO មួយប្រភេទសម្រាប់បញ្ជាក់ប្រភពដើមទំនិញសម្រាប់នាំចេញពីកម្ពុជាទៅបណ្ដាប្រទេសសមាជិកអាស៊ាន។ នេះបើតាមលោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ដែលបានថ្លែងប្រាប់សារព័ត៌មានថ្មីៗនាពេលកន្លងមក៕
© រក្សាសិទ្ធិដោយ thmeythmey.com