ជាតិ
សេដ្ឋកិច្ច
ជប៉ុន​សន្យា​ជួយ​គាំទ្រ​បង្កើត​ទីក្រុង​ឆ្លាត​វៃ​ដល់​កម្ពុជា​
01, Mar 2019 , 8:59 am        
រូបភាព
រូបពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
រូបពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន សន្យា​ជួយ​គាំទ្រ​កសាង​ទីក្រុង​ឆ្លាត​វៃ​ដល់​កម្ពុជា ដោយ​ជ្រើស​រើសយក​ទីក្រុង​៣​ជា​គំរូ រួមមាន​ទីក្រុង​ភ្នំពេញ​, ក្រុង​បាត់ដំបង​, និង​សៀមរាប​។ នេះ​បើតាម​ការលើកឡើង​រប​ស់​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។

 
​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ពង្រឹង​ការគ្រប់គ្រង​នគរូបនីយកម្ម និង​ការអភិវឌ្ឍ​ទីក្រុង តាម​គោលការណ៍​ទីក្រុង​ឆ្លាត​វៃ តាមរយៈ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ រួមទាំង​ច្បាប់ និង​បទដ្ឋាន​បច្ចេកទេស​ពាក់ព័ន្ធ​នានា ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើនប្រជាជន និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។​
 
​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី បាន​និយាយ​ដូច្នេះ​ថា​៖« រាជរដ្ឋាភិបាល​បានសម្រេច​ដាក់​ឲ្យ​អនុវត្ត​គោលនយោបាយ​ជាតិ ស្តីពី​ការរៀបចំ​ដែនដី​ដោយបាន​កំណត់​ច្បាស់​អំពី​តំបន់​ដែលមាន​ស​ក្តានុព​ល​សម្រាប់​កា​រប​ឲ​អនុ​វ​ត្ត និង​ការអភិរក្ស​ធនធានធម្មជាតិ​»​។ 
 
​ជាមួយគ្នានេះ​លោក ជា សុផារ៉ា បាន​សង្កត់ធ្ងន់ថា រដ្ឋាភិបាល​ជប៉ុន តាមរយៈ​លោក YUKI Fumihiko អនុរដ្ឋមន្ត្រី​ជប៉ុន នឹង​ជួយ​គាំទ្រ​ការផ្ដួចផ្តើម ដល់​ការរៀបចំ​បង្កើត​បណ្ដាញ​ទីក្រុង​ឆ្លាត​វៃ​អាស៊ាន ក្នុងនោះ​មាន​ទីក្រុង​ភ្នំពេញ ក្រុង​បាត់ដំបង និង​សៀមរាប​។​
 
​រដ្ឋាភិបាល​ជប៉ុន បាន​ជួយ​អភិវឌ្ឍ​កម្ពុជា តាមរយៈ​សមិទ្ធផល​ជាច្រើន​មានដូចជា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ទឹកស្អាត ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធ​ការពារ​ទឹកជំនន់ កំពង់ផែ និង​ជួយ​បណ្ដុះបណ្ដាល​មន្ត្រីរាជការ​ជាដើម​។ 
 
​បើតាម​លោក ជា សុផារ៉ា ជប៉ុន​នឹង​បញ្ជូន​អ្នកបច្ចេកទេស​មក​សិក្សា និង​ដំឡើង​ផ្កាយរណប​គាំទ្រ​ដល់​ការងារ​រៀបចំ​ស្ថានីយ​វាស់វែង​អចិន្ត្រៃយ៍​នៅ​កម្ពុជា ដើម្បី​បម្រើ​ដល់​ការវាស់វែង និង​ផលិត​ផែនទី នា​ពាក់កណ្តាល ខែមីនា ឆ្នាំ​២០១៩​។ រដ្ឋាភិបាល​ជប៉ុន នឹង​រៀបចំ​កិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់​នៃ​បណ្តាញ​ទីក្រុង​ឆ្លាត​វៃ​អាស៊ាន ដើម្បី​ពិភាក្សា​អំពី​ការរីកចម្រើន ចែករំលែក​បទពិសោធ​ន៍ និង​ដោះស្រាយ​បញ្ហា​ប្រឈម នា​ខែតុលា ឆ្នាំ​២០១៩​ខាងមុខនេះ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស​ក្រសួង​កាលពី​ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៩​។​
 
​បន្ថែម​ពីនេះ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រសួង​ដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍​ជប៉ុន គ្រោង​នឹង​រៀបចំ​វេទិកាសាធារណ​ឯកជន ស្តីពី​ការអភិវឌ្ឍ​នគរូបនីយកម្ម​កម្ពុជា​-​ជប៉ុន​លើក​ទី​២ នៅ​ខេត្តសៀមរាប នា​ឆ្នាំ ២០២០​ខាងមុខ​ទៀតផង​។ 
 
​គួររម្លឹកថា ទីក្រុង​ឆ្លាត​អាស៊ាន ត្រូវបាន​មេដឹកនាំ​ទាំងអស់ ដែលជា​សមាជិក​អាស៊ាន​ឯកភាពគ្នា បង្កើតឡើង​តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក Lee Hsien Loong នៅក្នុង​អំឡុងពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣២ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ប្រទេស​សិង្ហ​បុរី កាល​ឆ្នាំ​២០១៨៕ 
 

Tag:
 ភួង វ៉ាន់​ថា​
© រក្សាសិទ្ធិដោយ thmeythmey.com