ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ហាម​អាជ្ញាធរខេត្ត​ព្រះសីហនុ កេង​យក​ផលប្រយោជន៍​ពី​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​
28, Feb 2019 , 10:19 pm        
រូបភាព
ប្រភពរូបថត៖ វិទ្យុជាតិ​កម្ពុជា
ប្រភពរូបថត៖ វិទ្យុជាតិ​កម្ពុជា
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន ហាម​អាជ្ញាធរខេត្ត​ព្រះសីហនុ កេង​យក​ផលប្រយោជន៍​ពី​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​។ ការហាម​របស់​សម្ដេច​បែបនេះ ធ្វើឡើង​ក្រោយពី​សម្ដេច បាន​បញ្ជា​ឲ្យ​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច ដែលមាន​ទំនាស់​ជាមួយ​ពលរដ្ឋ​នោះ យកមក​បែង​ចែកជូន​ពលរដ្ឋ​ដែល​រងគ្រោះ​វិញ​។​


 
​ក្រោយពី​ចំណាយពេល​ប្រជុំ​ជាមួយ​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ អស់​មួយ​ព្រឹក​នោះ សម្ដេច ហ៊ុន សែន ក៏​បានចេញ​ចំណាត់​ចុងក្រោយ ដោយ​សម្រេចយក​ដី​សម្បទា​ន​សេដ្ឋកិច្ច មក​រៀបចំ​ជា​ដី​សម្បទាន​សង្គមកិច្ច ចែកជូន​ពលរដ្ឋ​ដែល​រស់នៅ​អាស្រ័យ​ផល​ទីនោះ​វិញ​។ តាមរយៈ​ការបែងចែក​នេះ សម្ដេច ហ៊ុន សែន ក៏បាន​ហាម​អាជ្ញាធរ​មានអំណាច លូកដៃ​ចូល​កិច្ចការ​នេះ និង​កេងចំណេញ​ផលប្រយោជន៍​ពី​ពលរដ្ឋ​រងគ្រោះ តាមរយៈ​ការបន្លំ​ខ្លួន​ធ្វើជា​ជនរងគ្រោះ ដើម្បី​ទទួលបាន​ដី​សម្បទាន​សង្គមកិច្ច​នេះ​ឡើយ​។ ទាំងនេះ គឺជា​បទបញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល ដែល​ត្រូវបាន​លោក ឈឹម ផល​វរុណ ប្រធាន​លេខាធិការដ្ឋាន​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ស្រង់​យកមក​ធ្វើ​សន្និសីទកាសែត ក្រោយ​កិច្ចប្រជុំ​នៅ​ថ្ងៃទី​២៨ កុម្ភៈ​។​
 
​សូម​ស្ដាប់​សំឡេង​៖



 
​បើតាម​លោក ឈឹម ផល​វរុណ សម្ដេច ហ៊ុន សែន បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​លោក ជា សុផារ៉ា និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ទទួលបន្ទុក​ដោះស្រាយ​បញ្ហា​នេះ​។ រដ្ឋមន្ត្រី​ទាំងពីរ ត្រូវ​សិក្សា​បែបបទ​មូលដ្ឋាន និង​ធ្វើ​ចំណាត់ការ​ជា​លក្ខណៈ​គតិយុត្ត​ស្នើ​ទៅ​តុលាការ ដើម្បី​ពិនិត្យមើល​លើ​ការ​កាត់សេចក្តី​នេះ​ឡើងវិញ​៕
 

Tag:
 ហ៊ុន សែន​
  ដីធ្លី​
  ខេត្ត​ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com