ជាតិ
សម្ដេច ហ៊ុន សែន ៖ «ខ្ញុំដើរដល់អភិក្រមទី៥ហើយ»! មន្ត្រីណា ដែលបំផ្លាញផលប្រយោជន៍ពលរដ្ឋ ត្រូវតែវះកាត់
× ភ្នំពេញ៖ គ្មានឡើយការលើកលែង ឬអនុគ្រោះ សម្រាប់មន្ត្រីដែលធ្វើខុសអភិក្រមទាំង៥របស់សម្ដេច ហ៊ុន សែន ។ បើពួកគេធ្វើខុសធ្ងន់នោះ នឹងប្រឈមការដកចេញពីតំណែង ដោយគ្មានការយោគយល់។
«ខ្ញុំដើរដល់អភិក្រមទី៥»! ដែលចាំបាច់ត្រូវតែវះកាត់ហើយ។ នេះជាការប្រកាសរបស់សម្ដេច ហ៊ុន សែន ដែលព្រមានកម្ចាត់មន្ត្រីរាជការណា បំផ្លាញផលប្រយោជន៍ប្រជាពលរដ្ឋ។ សម្រាប់សម្ដេច ហ៊ុន សែន ការអភិវឌ្ឍប្រទេស គឺគ្មានការយោគយល់ដល់មន្ត្រី ដែលនាំទុក្ខ និងរារាំងដល់ដំណើរការរបស់រដ្ឋាភិបាលឡើយ។
ថ្លែងចំពោះមុខថ្នាក់ដឹកនាំ នៅក្នុងពិធីសម្ពោធការដ្ឋានសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ សម្ដេច ហ៊ុន សែន បានព្រលយសម្តីព្រមានជាថ្មីថា មន្ត្រីដែលប្រព្រឹត្តខុស គឺត្រូវទទួលរងពិន័យដាក់ទោសតាមច្បាប់ ហើយសូម្បីតែមានឋានៈជាផ្កាយ ឬជាព្រះខែ ក៏ត្រូវតែដកចេញពីដំណែងដែរ។
«យើងត្រូវធ្វើដំណើរទៅដោយស្វាហាប់ ហើយយើងត្រូវតែយកចេញពីក្នុងស្បែកជើងរបស់យើង ជាគ្រាប់គ្រួសក៏ដោយ ខ្សាច់ក៏ដោយ ត្រូវយកចេញពីជើងរបស់យើងឲ្យអស់។ បើមិនដូច្នោះទេ យើងមិនអាចដើរមុខរួចនោះទេ ហើយវាក៏នាំឲ្យពងជើងរបស់យើង ឈឺជើងរបស់យើង។ ខ្ញុំចង់និយាយថា មន្ត្រីរាជការណា ដែលធ្វើផ្ដេសផ្ដាសត្រូវតែទទួលនូវវិន័យ ដែលពួកគេត្រូវទទួលការបណ្ដេញចេញ ឬត្រូវទទួលវិន័យជាងនេះ តាមរយៈការផ្ដន្ទាទោសដោយច្បាប់»។ នេះជាការបញ្ជាក់ជំហរយ៉ាងមុតមាំរបស់នាយករដ្ឋមន្ត្រី។
អមជាមួយសម្ដីខាងលើប្រមុខរដ្ឋាភិបាល ប្រកាសដាច់ណាត់ថា ការអនុវត្តអភិក្រមទី៥នេះ គឺជាជំហានវះកាត់រាល់បញ្ហាដែលបង្កឲ្យមានជំងឺធ្ងន់ធ្ងរ ធ្វើប៉ះពាល់ដល់ប្រជាពលរដ្ឋ។ ដូច្នេះការវះកាត់នេះ គឺសម្ដេច នឹងវាយកម្ចាត់ទាំងអស់ មិនថាជាសត្វខ្លា ពស់ កណ្ដុរ ឬរុយ ដែលបំផ្លាញផលប្រយោជន៍ពលរដ្ឋឡើយ។
តាមរយៈការអនុវត្តអភិក្រមទី៥នេះ សម្ដេច ហ៊ុន សែន ក៏បានដកតំណែងភ្លាមពីអភិបាលរងខេត្តព្រះសីហនុពីររូប គឺលោក ផៃ ប៊ុនវណ្ណៈ និង លោក ស្រ៊ុន ស្រ៊ន់ ដែលជាអ្នកទទួលបញ្ជាចុះទៅអនវុត្តដីការបស់តុលាការកំពូល ដែលបានសម្រេចឲ្យឧកញ៉ាម្នាក់ឈ្នះក្តីលើប្រជាពលរដ្ឋ នៅភូមិគគីរ ឃុំបិតត្រាង ស្រុក ព្រៃនប់ខេត្តព្រះសីហនុ។ ការដកមន្ត្រីទាំងពីររូបនេះ ធ្វើឡើងបន្ទាប់ពីមានការផ្ទុះហិង្សារវាងសមត្ថកិច្ច និងពលរដ្ឋ ដែលទៅតវ៉ារឿងដីធ្លីនេះ ហើយបង្កឲ្យមានពលរដ្ឋម្នាក់រងរបួសដោយសារគ្រាប់កាំភ្លើង។ មិនត្រឹមតែបញ្ចប់តំណែងទេ សម្ដេច ហ៊ុន សែន ក៏បញ្ជាឲ្យក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតលើអភិបាលរងខេត្តព្រះសីហនុទាំងពីររូបនេះទៀតផង។ ដោយឡែកមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលជាប់ពាក់ព័ន្ធនឹងការបង្ក្រាបពលរដ្ឋតវ៉ានោះ ក៏ស្ថិតនៅក្នុងការតាមដានដែរ។
ក្រៅពីបញ្ចប់តំណែងនេះ សម្ដេច ហ៊ុន សែន ក៏សម្រេចដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋ តាមរយៈការដកហូតដីសម្បទានសេដ្ឋកិច្ច ដែលមានជម្លោះនោះ យកមកបង្វែរជាដីសម្បទានសង្គមកិច្ច ចែកជូនពលរដ្ឋរងគ្រោះទាំងនោះវិញ។ វាជាអនុវត្តតាមអភិក្រមទាំង៥ ដែលសម្ដេច ហ៊ុន សែន ធ្លាប់បានប្រកាសចេញប្រាប់ថ្នាក់ដឹកនាំទាំងអស់ឲ្យ «ងូតទឹក ដុះក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់»៕
Tag:
ហ៊ុន សែន
មន្ត្រីរាជការ
© រក្សាសិទ្ធិដោយ thmeythmey.com