ជាតិ
សង្គមជាតិ
សាលា​រាជធានី ប្រាប់​ឲ្យ​ម្ចាស់​អាជីវកម្ម គ្រប់គ្រង​សំរាម​ឲ្យ​បានល្អ ដើម្បី​សោភ័ណភាព​ទីក្រុង​
02, Mar 2019 , 10:13 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ​បាន​សង្កេតឃើញថា​បរិមាណ​សំរាម សំណង់​រឹង​មានការ​កើនឡើង ដែល​កំពុង​គ្របដណ្តប់​ទូទាំងប្រទេស​កម្ពុជា​។ ទន្ទឹមនឹង​បរិមាណ​សំរាម​កើនឡើង សាលា​រាជធានី​ភ្នំពេញ បាន​បង្គាប់​ឲ្យ​ពលរដ្ឋ ម្ចាស់​អាជីវកម្ម ម្ចាស់​រោងចក្រ ទីផ្សារ កន្លែង​កម្សាន្ត​នានា ចូលរួម​វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ជួយ​ឲ្យ​ទី​ក្រុងមាន​សោភ័ណភាព និង​បរិស្ថាន​ល្អ​។


​លោក ឃួន ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចាត់ទុកថា សុខសន្តិភាព​ពេញ​ផ្ទៃ​ប្រទេស គឺ​កំពុងតែ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍ​គ្រប់​វិស័យ ជាពិសេស​ប្រជាពលរដ្ឋ​មាន​ជីវភាព​កាន់តែ​ធូរធារ​ឡើងទៅ ហើយ​សេចក្តីត្រូវការ​របស់​ព​ល​រដ្ឋ​ក៏មាន​ច្រើន ដែល​ធ្វើ​ឲ្យ​បរិមាណ​សំរាម សំណង់​រឹង​កើនឡើង​លឿន​ជា​លំដាប់ ។ ដើម្បី​ឲ្យ​រាជធានី​ភ្នំពេញ មាន​សោភ័ណភាព សណ្តាប់ធ្នាប់ អនាម័យ និង​បរិស្ថាន​ស្អាត​ជានិច្ច​នោះ សាលាក្រុង​ភ្នំពេញ ស្នើ​ឲ្យ​ម្ចាស់​លំនៅដ្ឋាន ម្ចាស់​អាជីវកម្ម និង​ម្ចាស់​ប្រភព​បង្កើត​សំណង់​នានា គ្រប់គ្រង​សំរាម​ឲ្យ​ត្រឹមត្រូវ ដោយ​មិនត្រូវ​ចោល​សំរាម​នៅ​ទីវាល​តាម​ប្រព័ន្ធ​ទឹកលូ ប្រឡាយ ឬ​ប្រភពទឹក​សាធារណៈ ក្នុង​ដី​ឡូ​តិ៍​ទំនេរ ឬ​ក្នុង​ដី​កម្មសិទ្ធិឯកជន​ឡើយ​។ 
 
​បើតាម​លោក ឃួន ស្រេង ជន​ណា​ដែល​មិន​គោរព​តាម​គោលការណ៍​ណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ  ជន​នោះ​នឹង​ពិន័យ​ជា​ទឹកប្រាក់​ចាប់ពី​១​ម៉ឺន​រៀល ទៅ​២​លាន​រៀល ដូច​មានចែង​នៅក្នុង​មាត្រា ៣៩-៤៩ ដែល​ចុះ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៥ ស្តីពី ការគ្រប់គ្រង​សំរាម សំណង់​រឹង​ទីប្រជុំជន​។ ចំណែក​ម្ចាស់​អាជីវកម្ម​ដែល​មិន​គោរព​សេចក្តីណែនាំ​នេះ ត្រូវ​ពិន័យ​ជា​ទឹកប្រាក់​ចាប់ពី​១​លាន​រៀល ដល់​៥០​លាន​រៀល និង​ត្រូវ​បិទ​អាជីវកម្ម ឬ​ផ្អាក​ការដ្ឋាន​សាងសង់​ជា​បណ្តោះអាសន្ន ក្នុងករណី​ធ្ងន់ធ្ងរ ដែល​មន្ត្រី​ជំនាញ​រកឃើញថា វា​បាន​ប៉ះពាល់​ដល់​បរិស្ថាន និង​សង្គម​។ 
 
​លោក ឃួន ស្រេង ក៏បាន​សង្កត់ធ្ងន់ថា បុគ្គល​ណា​ដែល​ប្រព្រឹត្ត​ខុសពី​វិន័យ​ណែនាំ ហើយ​មិនបាន​បង់ប្រាក់​នៅក្នុងរ​យៈ​ពេល​៣០​ថ្ងៃនោះ ចំនួន​ប្រាក់​វិន័យ​នឹង​កើន​ឡើងជា​ពីរដង ហើយ​បើ​លើសពី​៦០​ថ្ងៃ ត្រូវ​កើន​ឡើងជា​បី​ដង ។ ប៉ុន្តែ​បើ​មិន​បង់ប្រាក់​លើសពី​៩០​ថ្ងៃ នឹង​ប្រឈម​នឹង​ការផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន​។ ជាមួយ​ផងដែរ​លោក​អភិបាល​រាជធានី​ភ្នំពេញ​រូបនេះ ក៏បាន​បញ្ជា​ឲ្យ រដ្ឋបាល​ខណ្ឌ រដ្ឋបាល​សង្កាត់ ភ្នាក់ងារ​អនាម័យ ស្ថាប័ន​មាន​សមត្ថកិច្ច​នានា គឺជា​អ្នក​ចាត់វិធានការ​ពិន័យ​អន្តរការណ៍​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​។​
 
​បើតាម​លោក នេ​ត ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន កំណើន​សំរាម​សំណង់​រឹង​មាន​ជាង​២០០០​តោន ក្នុង​មួយថ្ងៃ​នៅក្នុង​រាជធានី​ភ្នំពេញ ដោយសារ​ចំនួន​ពលរដ្ឋ​កើនឡើង ស្របពេល​ទំនៀមទម្លាប់​នៃ​ការប្រើប្រាស់ និង​ការ​វេច​ខ្ចប់​ទំនិញ​របស់​ពលរ​ដ្ឋ និង​ការកែច្នៃ​សំរាម នៅមានកម្រិត​ទាប​នៅឡើយ​៕ 
 
 
 
 

Tag:
 ​សាលា​រាជធានី​ភ្នំពេញ​
 ​ សំរាម​
 ​ បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com